ភ្នំពេញ ៖ បុរស ២នាក់ បានស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ចំណែក
នារីម្នាក់ទៀត ត្រូវរង របួសធ្ងន់ធ្ងរ ដឹកបញ្ជូនទៅសង្គ្រោះ នៅមន្ទីរ ពេទ្យភ្លាមៗ ខណៈដែលអ្នក
ទាំង៣ ជិះម៉ូតូពីរគ្រឿងបុកគ្នាយ៉ាងពេញ ទំហឹង នៅ តាមបណ្តោយ ផ្លូវព្រះសីហនុ កែងផ្លូវលេខ
១១៣ ក្នុងសង្កាត់បឹងកេងកងទី២ ខណ្ឌ ចំការមន កាលពីវេលាម៉ោង ១និង ៤០ នាទីយប់រំលង
អាធ្រាត្រ ឈានចូលថ្ងៃទី ១១ ខែកក្កដាឆ្នាំ ២០១៣ ។
យោងតាមសេចក្តី រាយការណ៍ពីកន្លែង កើតហេតុពាក់ព័ន្ធនឹង ករណីគ្រោះថ្នាក់ចរាចរណ៍
ដ៏រន្ធត់ខាងលើ នេះបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញ បុរសម្នាក់វ័យជាង
៤០ ឆ្នាំ ជិះម៉ូតូមួយគ្រឿង ម៉ាកគុបជ្រុង ធ្វើដំណើរតាម បណ្តោយ ផ្លូវ១១៣ ក្នុងទិសដៅពីត្បូង
ទៅជើង ដោយបានជិះយ៉ាងលឿន ខណៈ មកដល់ចំណុចកែងផ្លូវព្រះសីហនុ ក៏ត្រូវបុរសម្នាក់
ជិះម៉ូតូ មួយគ្រឿងម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1BS-8485 ឌុបស្រីស្នេហ៍ម្នាក់
ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើតដោយបានបើកបរ ក្នុងល្បឿន
យ៉ាងលឿនដូចគ្នា បានជ្រុលបុកចំពាក់ កណ្តាល ម៉ូតូគុបជ្រុងយ៉ាងពេញទំហឹង បណ្តាលឲ្យ
ម្ចាស់ម៉ូតូគុបជ្រុង ហោះផ្លោងអូសជាប់ ជាមួយម៉ូតូបោកក្បាល ហូរឈាមស្រោច ខ្លួនស្លាប់
យ៉ាងអាណោចអាធ័ម នៅក្នុងថ្លុកឈាម ចំណែកបុរសជាម្ចាស់ម៉ូតូ និច ក៏ត្រូវបោកក្បាលនឹង
ថ្នល់ស្លាប់បាត់បង់ជីវិតដូចគ្នា ឬ ឯនារីម្នាក់ដែលរួមដំណើរ ជាមួយបុរសជិះម៉ូតូនិច ត្រូវរងរបួស
ធ្ងន់ធ្ងរ បានរថយន្តសាមុយ របស់មន្ទីរពេទ្យកាល់ម៉ែត មកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ពាក់ព័ន្ធនឹងហេតុការណ៍គ្រោះ ថ្នាក់ចរាចរណ៍នេះម៉ូតូទាំងពីរគ្រឿង ត្រូវរងនៅការខូចខាតទាំង
ស្រុង ចំណែកសាកសពនៅមិនទាន់បានគាល់អត្តសញ្ញាណ នៅឡើយទេ ដោយសារសមត្ថកិច្ច
បាននឹងកំពុងព្យាយាមទំនាក់ទំនង ទៅក្រុមគ្រួសាររបស់សាកសពរងគ្រោះ ឲ្យមកទទួលយក
ទៅធ្វើបុណ្យតាមប្រពៃណី ។ ហើយម៉ូតូរបស់ពួកគេត្រូវបានសមត្ថកិច្ចចុះវាស់វែង អូសយកទៅ
រក្សាទុកនៅការិយាល័យ ចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។
សមត្ថកិច្ចបានបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់គួរឲ្យញញើតនេះ បង្កឡើងដោយសារម្ចាស់ម៉ូតូ
ទាំង ២គ្រឿងបើកបរលឿនដូចគ្នា ទើបបណ្តាលឲ្យជ្រុល បុកគ្នាយ៉ាងពេញទំហឹង តែម្តងទៅ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល