CamNews

តារា 

ព្រាប សុវត្ថិ មិននិយាយ​រឿងអាក់អន់ចិត្ត​ជាមួយ​ ខេមរៈ សិរីមន្ដ

ភ្នំពេញៈ នៅពីក្រោយការប្រគំតន្ដ្រី ក្នុងខេត្តស្ទឹងត្រែង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៤ បានកើតមាននៅរឿងរ៉ាវ ចម្រូងចម្រាសមួយ ដែលធ្វើឲ្យតារាចម្រៀង លំដាប់កំពូល ព្រាប សុវត្ថិ បានសម្ដែងការអាក់អន់ស្រពន់ចិត្ត រហូតដល់ថ្នាក់ប្ដឹង មន្ដ្រីកងរាជអាវុធ ខេត្ដស្ទឹងត្រែង ឲ្យផ្អាកការប្រគំតន្ដ្រីនោះ ទាំងពាក់កណ្ដាលទី ព្រោះតែលោកខឹងនឹង ក្រុមហ៊ុន Smart បានយករូប(ផ្ទាំងប៉ាណូ) ទៅតាំងពីក្រោយឆាកប្រគំតន្ដ្រី ទាំងគ្មានវត្តមានរូបលោក ទៅច្រៀងនៅទីនោះ និងមានទំហំតូច ជាងរូបរបស់តារាចម្រៀង ខេមរៈ សិរីមន្ដ ។

ពាក់ព័ន្ធទៅនឹងការអាក់អន់ ស្រពន់ចិត្ត ពីសំណាក់កំពូល តារាចម្រៀង ព្រាប សុវត្ថិ រហូតដល់ថ្នាក់ទូរស័ព្ទ ទាំងយប់ ប្ដឹងមន្ដ្រី PM នៅក្នុងខេត្តស្ទឹងត្រែង ផ្អើលអស់ អ្នកទស្សនានៅទីនោះ តារាចម្រៀង ព្រាប សុវត្ថិ មិនបានបកស្រាយ ឬនិយាយអ្វីច្រើននោះទេ ដោយលោកបង្វែរសំណួរឲ្យ ទៅសួរតំណាងក្រុមហ៊ុន SL ដែលជាអ្នករៀបចំ ទទួលការប្រគំតន្ដ្រីនេះពីក្រុមហ៊ុន Smart ។ ព្រាប សុវត្ថិ និយាយថា «ខ្ញុំមិននិយាយទេណា... អាចទាក់ទងទៅខាង SL វិញ ខ្ញុំកំពុងជាប់រវល់ អរគុណណា... អរគុណ» ។

ដោយឡែក LookingTODAY បានធ្វើការទំនាក់ទំនង ទៅតំណាងក្រុមហ៊ុន SL រៀបចំការប្រគំតន្ដ្រីនេះ ពីក្រុមហ៊ុន Smart តែមិនបានសម្រេច ។ យ៉ាងណាមិញ តំណាងក្រុមហ៊ុន Smart បានថ្លែងឲ្យដឹងថា ចំពោះបញ្ហានេះ តម្រូវឲ្យស្ថាប័នព័ត៌មាន ផ្ញើជាសំណួរទៅកាន់ក្រុមហ៊ុន Smart ជាមុនសិន ដើម្បីត្រូវពិចារណាថា សំណួរណាអាចឆ្លើយបាន និងសំណួរណាឆ្លើយមិនបាន និងផ្ដល់ដំណឹងមកវិញ ។

ដោយឡែកលោក អៀង វណ្ឌី មេបញ្ជាការកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដែលបានទទួលបណ្ដឹងពី តារាចម្រៀង ព្រាប សុវត្ថិ បានថ្លែងឲ្យដឹងថា បញ្ហានេះ គឺជារឿងទំនាស់បុគ្គល និងបុគ្គល គ្មានអ្វីធ្ងន់ធ្ងរនោះទេ ហើយបានសម្រួលចប់សព្វគ្រប់ ដើម្បីបានប្រគំតន្រ្ដីបន្ដ ជូនបងប្អូនទស្សនា ដែលបានរង់ចាំ មើលយ៉ាងច្រើនកុះករ ។ លោកនិយាយថា «រឿងហ្នឹង គេហៅថា ទំនាស់បុគ្គល ដោយសាខាង Smart យករូបមកមិនសុំអនុញ្ញាតពីគេ (ព្រាប សុវត្ថិ) អត់មានអីធ្ងន់ធ្ងរទេ មានតែប៉ុណ្ណឹងទេ ប្រគំតន្ដ្រីឲ្យចប់ទៅ ចុងក្រោយបាននិយាយគ្នាចប់ តែថាចាំស្អែកចាំនិយាយ Ok ចាំស្អែកនិយាយក៏បាន ប្រជាជនមកច្រើន ។ ពេលហ្នឹងក៏បាន សុំកម្លាំងខាងខ្ញុំ ទៅការពារ ខនសឺតហ្នឹងដែរ ហើយបានប្រព្រឹត្តទៅធម្មតា អត់មានពាក់ព័ន្ធអ្វីទៀតទេ បណ្ដឹងនោះ ក៏ដកទាំងយប់វិញដែរ» ។

ទោះបីជាយ៉ាងណា លោក ខេមរៈ ភារុណ ដែលជាបងប្រុសបង្កើត និងជាអ្នកនាំពាក្យរបស់ តារាចម្រៀង ខេមរៈ សិរីមន្ដ ក៏បានថ្លែងឲ្យដឹងដែរថា លោកមិនទាន់បាន ដឹងព័ត៌មាននេះនៅឡើយទេ រង់ចាំមើលសិន ៕

ទស្សនារូបភាពតារាផ្សេងៗជាច្រើនទៀត

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news