ភ្នំពេញៈ បុរសម្នាក់ ដែលបម្រើការងារ នៅក្នុងហាង ភីហ្សាខមផេនី ត្រូវបាន កម្លាំងអធិការដ្ឋាន
នគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន ដោយចោទថាបាន ធ្វើសកម្មភាព គាស់ទូដែកដាក់លុយ
របស់ក្រុមហ៊ុន Piza Company (ភីហ្សាខមផេនី) សាខាកម្ពុជាក្រោមលួចយកលុយជាង១៥០០០
ដុល្លារ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៣ កន្លងទៅ ។
ការឃាត់ខ្លួនជនសង្ស័យ ខាងលើ បានធ្វើឡើង នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៣ នៅចំណុច
លូប្រាំ ភូមិទ្រា៣ ផ្លូវលំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្រោយពេលស្រាវ
ជ្រាវ អស់រយៈពេល ពេញមួយថ្ងៃ ។
ប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថាជនសង្ស័យមានឈ្មោះស៊ាប ចន្ធី អាយុ២៧ឆ្នាំ មុខរបរ
បុគ្គលិក Piza Company ( ភីហ្សាខាំផានី ) ផ្នែក ដឹកជញ្ជូនតាមម៉ូតូ ស្នាក់នៅផ្ទះជួលគ្មានលេខ
ផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពដដែលបានបញ្ជាក់ថាកាលពីថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣ វេលាម៉ោង៧ព្រឹកអធិការ
ដ្ឋាន នគរបាល ខណ្ឌទួលគោក បានទទួល ពាក្យបណ្តឹងពីតំណាង ក្រុមហ៊ុន Piza Company
( ភីហ្សាខមផេនី ) ពីករណីចោរគាស់ទូដែក លួចយកលុយចំនួន ១៥.៨៦៤.៣៤ដុល្លារ (មួយម៉ឺន
ប្រាំពាន់ប្រាំបី រយហុកសិបបួនដុល្លារ និង សាមសិបបួនសេន) ។ ក្រោយពីទទួល ពាក្យបណ្តឹង
នេះ សមត្ថកិច្ច បានធ្វើការ ស្រាវជ្រាវ ដោយសហការ ជាមួយ ការិយាល័យបច្ចេកទេស និង
កោសល្យវិច័យ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដោយពិនិត្យ កន្លែងកើតហេតុ និង
ស្រាវជ្រាវ លើបុគ្គលិក ដែលសមត្ថកិច្ចមាន ការសង្ស័យ រហូតកំណត់ បានអត្តសញ្ញាណ ជន
សង្ស័យ ហើយបានស្រាវជ្រាវដឹងពីកន្លែងលាក់ខ្លួន របស់ជន សង្ស័យឈ្មោះ ស៊ាប ចន្ធី សមត្ថ
កិច្ចក៏បាន ធ្វើការឃាត់ខ្លួន និងចាប់យកវត្ថុតាងតែម្តង ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច បានរកឃើញ ប្រាក់ ១៥.៤៣៦ដុល្លារ (មួយម៉ឺនប្រាំពាន់បួនរយ
សាមសិប ប្រាំមួយដុល្លារ សហរដ្ឋអាមេរិក ) នៅជាមួយជនសង្ស័យ ព្រមទាំងបាន ប្រគល់ជូន
ក្រុមហ៊ុនវិញផងដែរ ។
ដោយឡែក ជនសង្ស័យឈ្មោះ ស៊ាប ចន្ធី កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាន
នគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល