ភ្នំពេញ ៖ បុរសម្នាក់ដែល បានយកសាំង ចាក់ស្រោចលើខ្លួន ហើយដុតប៉ងបញ្ចប់ ជីវិត កាលពីព្រឹកមិញ ស្ថិតនៅ ភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ត្រូវបានសមត្ថកិច្ច អះអាងថា ជាមន្ដ្រីយោធា ហើយមូលហេតុ ដែលនាំឱ្យធ្វើ សកម្មភាពបែបនេះ ព្រោះតែ តូចចិត្ដប្រពន្ធលែងលះ ហើយរត់ចោល ។
អធិការនគរបាលខណ្ឌដង្កោ លោក យឹម សុជាតិ បានឱ្យដឹងថា ជនរងគ្រោះជាមន្ដ្រី យោធា ប៉ុន្ដែមិនដឹងថា បម្រើ ការងារ នៅ អង្គភាពណានោះឡើយ ដោយសារតែមិន មានកាតបង្ហាញ ។
លោកអធិការ បានបញ្ជាក់ទៀតថា មូលហេតុដែលនាំជនរងគ្រោះយកសាំង ចាក់ដុតខ្លួនឯង ដើម្បីបញ្ចប់ជីវិតនោះ ព្រោះតែមានបញ្ហាក្នុងគ្រួសារ គឺប្រពន្ធរបស់គាត់ លែងលះ ហើយរត់ចោល។
យ៉ាងណាក៏ដោយ បើតាមលោកអធិការ ជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន ជួយសង្គ្រោះទាន់ ពេលវេលា ហើយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
មន្ដ្រីនគរបាលមូលដ្ឋាន បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះនូ ថារិទ្ធ អាយុ៣៣ឆ្នាំ ហើយត្រូវប្រជាពលរដ្ឋនៅក្នុងភូមិ ប្រាប់ថា ជាមន្ដ្រីយោធា ប៉ុន្ដែមិនដឹងបម្រើការងារ នៅអង្គភាពណានោះឡើយ។




