CamNews

ព័ត៌មានជាតិ 

មន្ដ្រីរាជការ និងកងកម្លាំង ប្រដាប់អាវុធ ត្រូវដំឡើង ប្រាក់បៀវត្ស នៅឆ្នាំ២០១៤

ភ្នំពេញៈ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី ដែលទើបតែជាប់
ឆ្នោតនាអាណត្តិទី៥ បានថ្លែងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣ថា រាជរដ្ឋាភិបាលកម្ពុជា នឹងដំឡើង
ប្រាក់បៀវត្សដល់មន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០១៤។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងនៅក្នុងកិច្ចប្រជុំ គណៈរដ្ឋមន្ដ្រីអាណត្តិទី៥ លើកដំបូង នៅ
វិមាន សន្តិភាពថា រយៈពេល ១០ឆ្នាំចុងក្រោយ ប្រទេសកម្ពុជា មានអត្រាកំណើនសេដ្ឋកិច្ច ជា
មធ្យម ៨% និងបានកាត់បន្ថយ អត្រាភាពក្រីក្រ បានលើសពី ១% ក្នុងមួយឆ្នាំៗ។ ពាក់ព័ន្ធនឹង
ដំណើរការ ដំឡើងប្រាក់បៀវត្ស ជូនមន្ដ្រីរាជការ និងកម្លាំងប្រដាប់អាវុធ កាលពីអាណត្តិទី៣
និងទី៤ រាជរដ្ឋាភិបាលដំឡើងតាមអត្រា ២០%ក្នុងមួយឆ្នាំ តែសម្រាប់អាណត្តិទី៥ ការដំឡើង
ប្រាក់បៀវត្សត្រូវបានកែប្រែថ្មី ។

សម្ដេចបានថ្លែងឲ្យដឹងទៀតថា ចាប់ពីឆ្នាំ២០១៤តទៅ រាជរដ្ឋាភិបាល នឹងជំរុញអនុវត្តន៍ ប្រព័ន្ធ
បៀវត្ស តាមគោលនយោបាយគ្រប់ជ្រុងជ្រោយ ។ ក្នុងនោះនឹងដំឡើងប្រាក់បៀវត្ស ជូនមន្រ្ដី
រាជការស៊ីវិលក្របខណ្ឌ “ក” នឹងត្រូវបន្ថែមប្រាក់ ៤ម៉ឺនរៀលក្នុងមួយខែ លើប្រាក់បៀវត្សដែលមាន
ស្រាប់ ហើយក្រុមខណ្ឌ “ខ, គ និឃ” នឹងត្រូវបន្ថែម ៨ម៉ឺនរៀលក្នុងមួយខែ លើប្រាក់បៀវត្សដែល
មានស្រាប់ ។ ការបន្ថែមនេះ ធ្វើឲ្យមន្ដ្រីរាជការស៊ីវិល មានកម្រិតទាបបំផុតនឹងទទួល បានប្រាក់
បៀវត្សយ៉ាងតិចបំផុត ៤២៤.០០០រៀល។ ការដំឡើង ប្រាក់បៀវត្សសម្រាប់ក្របខណ្ឌ “ឃ” មាន
អត្រា ២៥%ក្នុងមួយឆ្នាំ ហើយសម្រាប់ក្របខណ្ឌ “ក” មានអត្រា ៥%ក្នុងមួយឆ្នាំ។

ដោយឡែក ចំពោះមន្ត្រីយោធា និងគនរបាល នៅឆ្នាំ២០១៤ នឹងទទួលបានប្រាក់ថ្លៃអាហារ
ដែល បច្ចុប្បន្នមានត្រឹមតែ ១.៥០០រៀលក្នុងមួយថ្ងៃ នឹងឡើងដល់ ៤ពាន់រៀលក្នុងមួយថ្ងៃ
ឬពី ៤,៥ម៉ឺន រៀលក្នុងមួយខែឡើងដល់ ១២ម៉ឺនរៀលក្នុងមួយខែ ។ ការបន្ថែមនេះ នឹងធ្វើ
ឲ្យមន្ដ្រីយោធា ដែល មានឋានន្តរសក្តិទាបបំផុត ទទួលបានប្រាក់បៀវត្ស យ៉ាងតិច ៤០១.៦៨៣
រៀលក្នុងមួយខែ ។ ចំណែកឯនគរបាល ដែលមានឋានន្តរសក្តិទាបបំផុត នឹងទទួលបានប្រាក់
បៀវត្ស ៤៥៧.១០០រៀល ក្នុងមួយខែ ។

បើតាមប្រសាសន៍ របស់សម្ដេចតេជោ បច្ចុប្បន្នមន្រ្ដីរាជការស៊ីវិល កម្រិតទាបបំផុត អាចទទួល
បាន ប្រាក់បៀវត្ស ៣៤៤.០០០រៀលក្នុងមួយខែ ឯកម្រិតខ្ពស់បំផុតទទួលបាន ១.៨២២.០០០
រៀល ក្នុង មួយខែ ។ ចំពោះមន្រ្ដីយោធា មានប្រាក់បៀវត្សទាបបំផុត ៣២៦.៨៨៣រៀល ក្នុង
មួយខែ និងខ្ពស់ បំផុត (នាយឧត្តមសេនីយ៍) មានចំនួន ១.៧៩៩.២៣០រៀលក្នុងមួយខែ ។ ដោយ
ឡែកចំពោះ មន្រ្ដី នគរបាលជាតិ ដែលមានឋានន្តរសក្តិទាបបំផុត ទទួលបានប្រាក់បៀវត្ស
៣៨២.១០០រៀល ក្នុងមួយ ខែ និងខ្ពស់បំផុត ១.៧៦៤.៥០០រៀល ក្នុងមួយខែ ។

សម្ដេចក៏បានរិះគន់ ដល់គណបក្សប្រឆាំងផងដែរ ចំពោះគោលនយោបាយ សន្យាដំឡើងប្រាក់
បៀវត្សជូនមន្ដ្រីរាជការរ ដែលថា មន្ដ្រីរាជការ នឹងទទួលបានប្រាក់បៀវត្ស ចាប់ពី ១លានរៀល
និង មនុស្សចាស់បាន ៤ម៉ឺនរៀលក្នុងមួយ ដោយសម្តេចចាត់ទុកថា ជាការសន្យាដែលមិនអាច
ធ្វើទៅរួច ។ សម្ដេចបានមានប្រសាសន៍ថា «បើសិនប្រទេសមានលុយ ចាំបាច់ឲ្យគេឃោសនា
យកសន្លឹក ឆ្នោតធ្វើអ្វី ប៉ុន្ដែវាអត់មានលុយ។… បើសិនជាបក្សនោះ (សង្រ្គោះជាតិ) ជាប់ឆ្នោត
ខ្ញុំឲ្យអាយុជីវិត គេបីខែយ៉ាងយូរ បើ៣ខែមិនរលំទេ ខ្ញុំថ្វាយបង្គំ» ។

សម្ដេចតេជោ ក៏បានថ្លែង ឲ្យមានការកែសម្រួល នូវការបើកប្រាក់បៀវត្ស សម្រាប់មន្ដ្រីរាជការ
និងកម្លាំងប្រដាប់អាវុធ មកបើកតាមរយៈធនាគារ ។ ការបើកតាមធនាគារនេះ ត្រូវបានសម្ដេច
ចាត់ ទុកថា នឹងផ្ដល់ភាពងាយស្រួល ដល់មន្ដ្រីរាជការ កម្លាំងប្រដាប់អាវុធ និងផ្ដល់តម្លាភាព
ផងដែរ ។

លើសពីនេះទៅទៀត សម្ដេចបានព្រមានធ្ងន់ៗ ចំពោះមន្ដ្រីរដ្ឋាភិបាលណា ដែលធ្វើការកាត់
ប្រាក់ បៀវត្សរបស់មន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធថា ជាការប្រព្រឹត្តអំពើពុករលួយ ហើយ
ថាត្រូវតែ បញ្ឈប់ជាបន្ទាន់ នូវគ្រប់រូបភាព នៃការកាត់ប្រាក់បៀវត្ស របស់មន្ដ្រីរាជការទាំងអស់
ចាប់ពីពេល នេះតទៅ ។

មន្រ្ដីរាជការស៊ីវិល នៅប្រទេសកម្ពុជាក្របខណ្ឌ “ក” មានចំនួន ៣៤.៨៧៣នាក់, ក្របខណ្ឌ
“ខ” មានចំនួន ៦០.៣៥៩នាក់, ក្របខណ្ឌ “គ” មានចំនួន ៨១.៤៤២នាក់ និងក្របខណ្ឌ “ឃ”
មានចំនួន ១០.៧៧៥ នាក់៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News