រតនគិរីៈ នារីវ័យជំទង់ម្នាក់ បានស្លាប់យ៉ាង អាណោចអធម៌ នៅនឹងកន្លែង កើតហេតុ ដោយសារ តែម៉ូតូ បុកម៉ូតូ ហើយដួលខណៈដែលរថយន្តធុនធំ មកដល់កិនបែកក្បាល កាលពីវេលា ម៉ោង៧ និង៥នាទីយប់ ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤ ចំណុចទីប្រជុំជនក្បែរផ្សារបានលុង ស្ថិតក្នុងភូមិជ័យជំនៈ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
សាក្សីក្បែរ កន្លែងកើតហេតុ ប្រាប់ឲ្យដឹងថា មុននឹងកើតហេតុ គេបានឃើញម៉ូតូ២គ្រឿង ជិះបញ្ច្រាស ទិសគ្នារួចបុកគ្នា បណ្តាលឲ្យនារីម្នាក់ ដួលខ្ទាតចេញពីម៉ូតូ ហើយរថយន្តធុនធំ ធ្វើដំណើរមាន ទិសដៅ ពីត្បូង ទៅជើងកិនបែក ក្បាលតែម្តង ។
មន្ត្រីនគរបាលចរាចរណ៍ នៃស្នងការនគរបាល ខេត្តរតនគិរី បានប្រាប់ឲ្យដឹងថា អ្នកបើកបរ រថយន្តធុនធំ ដឹកដំឡូង ពេញម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស លាយខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A-2794 មានឈ្មោះ ប៊ុន ហេង អាយុ២៤ឆ្នាំ ស្នាក់នៅឯរាជធានីភ្នំពេញ ។ ចំណែកឯនារីរងគ្រោះ ជិះម៉ូតូម៉ាករីវ៉ូ ពណ៌ក្រហម គ្មានស្លាកលេខ មានឈ្មោះ លីន លី ភេទស្រី អាយុ២៣ឆ្នាំ ជានិសិ្សតឆ្នាំទី៣ នៅសកលវិទ្យា ល័យបៀល ប្រាយ ខេត្តរតនគិរី មានទីលំនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី និងអ្នកជិះម៉ូតូ ម៉ាកវ៉េវ ពណ៌ត្រួយចេក ពាក់ស្លាកលេខ ភ្នំពេញ1P-5291 មិនស្គាល់អត្តសញ្ញាណ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានប្រគល់សាកសពខាងលើ ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីខ្មែរ ដោយ ទុក្ខសោកយ៉ាងក្រៀមក្រំ ។ ចំណែកឯរថយន្តធុនធំ ដឹកដំឡូងរួមទាំងអ្នកបើកបរ ត្រូវបានកម្លាំង នគរបាល ចរាចរណ៍ នៃស្នងការនគរបាល ខេត្តរតនគិរីនាំ យកទៅកន្លែង ដើម្បីដោះស្រាយតាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល