បាត់ដំបង ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង សហការ ជាមួយ កម្លាំងនគរបាល ព្រហ្មទណ្ឌ ខេត្តបន្ទាយមានជ័យ បានធ្វើការ ស្រាវជ្រាវ ដោយប្រើពេល អស់៨ម៉ោង ដើម្បីតាមចាប់ ជនដៃដល់ម្នាក់ ដែល ជាប់ពាក់ព័ន្ធ នឹងការចាក់សម្លាប់ នាយរងប៉ុស្តិ៍ នគរបាល ឃុំសឿ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ពីព្រោះខឹងជនរងគ្រោះ លួចយក ប្រពន្ធរបស់ខ្លួន ធ្វើជាប្រពន្ធចុង ។
ស្នងការរង នគរបាល ខេត្តបាត់ដំបង លោក ជេត វណ្ណនី បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅយប់ថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ថា ក្រោយមានករណី អំពើឃាតកម្ម ដ៏សហាវលើ មន្រ្តីនគរបាលប៉ុស្តិ៍ឃុំសឿ រួចមក ស្នងការនគរបាល ខេត្តបាត់ដំបង លោក ស ថេត និងមានការសម្របសម្រួល តាមផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញា នួន សាន បានបញ្ជាឲ្យ ធ្វើការស្រាវជ្រាវ ជាបន្ទាន់ ដើម្បតាមចាប់ ជនដៃដល់ ។
លោក ជេត វណ្ណនី បានបន្តទៀតថា ក្រោយទទួល បទបញ្ជា ពីសំណាក់ស្នងការ នគរបាលខេត្តរួច លោកបានដឹកនាំកម្លាំងនគរបាល ជំនាញ សហការជាមួយ កម្លាំងនគរបាល ព្រហ្មទណ្ឌខេត្តបន្ទាយមានជ័យ ដឹកនាំដោយ ស្នងការរងម្នាក់ តាមឃាត់ខ្លួន ជនដៃដល់រួបនេះ នៅឃុំសឿ កាលពីវេលាម៉ោង ប្រមាណ ២យប់រំលង អាធ្រាត្រ ចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៤ ។
លោក ជេត វណ្ណនី បានបញ្ជាក់ថា ជនដៃដល់រួបនេះមាន ឈ្មោះ ហែម ហឿត អាយុ៣៧ឆ្នាំ ជាប្តីដើម ប្រពន្ធចុង ជនរងគ្រោះ ។ បើតាម លោក ជេត វណ្ណនី មូលហេតុដែលនាំជនសង្ស័យ ចាក់សម្លាប់ ជនរងគ្រោះ រហូតដល់ស្លាប់យ៉ាងដូច្នេះ គឺបណ្តាលមកពីរូបគេ ខឹងនឹង ជនរងគ្រោះ លួចមានទំនាក់ទំនង ជាមួយប្រពន្ធរបស់ខ្លួន។
ក្រោយការចាប់ខ្លួន និងក្រោយ ការសួរនាំ បច្ចុប្បន្ន ជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ ការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា នាយរងប៉ុស្តិ៍នគរបាល ឃុំសឿ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យម្នាក់ ត្រូវជនមិនស្គាល់មុខ ចាក់១ដែកឆាប បណ្តាលឲ្យស្លាប់ កាលពីវេលាម៉ោង ៨ និង១៥នាទីយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៤ នៅចំណុចផ្លូវលេខ១ មាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិកំពង់ក្របី សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង សង្ស័យ គំនុំស្នេហាត្រីកោណ សពជនរងគ្រោះ ត្រូវប្រពន្ធដឹក យកទៅលំនៅដ្ឋាន ដើម្បីធ្វើបុណ្យតាមប្រពៃណី។
លោកវរសេនីយ៍ឯក ជេត វណ្ណនី ស្នងការរង នគរបាលខេត្តបានឲ្យដឹងថា ជនរងគ្រោះដែលត្រូវជនមិន ស្គាល់មុខ បានចាក់សម្លាប់នោះមានឈ្មោះ ស្រី វណ្ណារ៉ា អាយុ ៣៧ឆ្នាំ មានតួនាទីជានាយរងប៉ុស្តិ៍ន គរបាល ឃុំសឿស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជេត វណ្ណនី បានបញ្ជាក់ថា បើតាមស្រ្តី ៣នាក់ ដែលបានរួមដំណើរ ជាមួយនៅយប់ កើតហេតុ បានប្រាប់សមត្ថកិច្ចថា មុនពេលកើតហេតុ ជនរងគ្រោះមាន គ្នាទាំង ៣នាក់ ក្នុងនោះ មាន ប្រពន្ធចុងម្នាក់ មានមុខរបរជាសំអាងការ និងកូនជាង ២នាក់ផង មកហូបចំណីអាហារ នៅមាត់ស្ទឹង នាគបាញ់ទឹក នៅម្តុំសណ្ឋាគារប៉ារីស ផ្លូវលេខ៣ ភូមិសង្កាត់ខាងលើ ។
បន្ទាប់មក ជនរងគ្រោះ បម្រុង ឌុបពួកគេទាំង ៣ នាក់ បន្តទៅដើរមើល ស្តង់លក់ឥវ៉ាន់ ពិព័រណ៍ ក្នុងឱកាសបុណ្យអ៊ុំទូក តែពួកគេទាំង៣នាក់ថា ទុកឲ្យពួកគេដើរលេងៗ ទៅបានហើយ ទុកឲ្យជនរងគ្រោះ ជិះម៉ូតូម្នាក់ឯង ក្នុងគោលបំណង ចង់ទៅទិញខ្សែ ក្រវ៉ាត់១ផង ភ្លាមៗនោះជនរងគ្រោះ កំពុងបណ្តើរម៉ូតូបម្រុងជិះទៅ ស្រាប់តែមានជនមិន ស្គាល់មុខ បានយកដែកឆាបស្រួច ចាក់ចំស្លាបប្រជាវ លិចចូលប្រហែល ១៥សង់ទីម៉ែត្រ ពេលនោះ ជនរងគ្រោះខំប្រឹងជិះម៉ូតូបានជាង ១០០ម៉ែត្រ ដល់ចុងស្ពានលោក ស ខេង ត្រើយខាងលិច ក៏ បានដួលតែម្តង សន្លប់ហូរឈាមជាច្រើនលើចិញ្ចឹមថ្នល់តែម្តង ។
បន្ទាប់ពីជនរងគ្រោះបានដួលសន្លប់ នោះ គឺនៅក្បែរក្រុម សមត្ថកិច្ច ដែលឈរជើងជា ប្រចាំនៅទីនោះ ក៏បានឃើញ ហេតុការណ៍នេះភ្លាម បាន នាំជនរងគ្រោះទៅ សង្គ្រោះនៅ មន្ទីរខេត្ត រួចជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្តង ។
លុះព្រឹកឡើង ទើបប្រពន្ធដើម ជនរងគ្រោះ មកដឹកសពយកផ្ទះវិញ ដើម្បីធ្វើបុណ្យតាមប្រពៃណី ។ សមត្ថកិច្ចជំនាញ បានសន្និដ្ឋានជាបឋមថា ករណីឃាតកម្មដែលកើតឡើងនេះ ប្រហែលកើតមកពីរឿង គំនុំស្នេហាត្រីកោណផងមើលទៅ ។
បើតាមប្រភពព័ត៌មានផ្សេងទៀត បានឲ្យដឹងថា ប្រពន្ធចុងជនរងគ្រោះ ធ្លាប់មានប្តី និងមានកូន២នាក់ ហើយ ក៏បែកបាក់គ្នាមកស្រឡាញ់ ជនរងគ្រោះធ្វើប្រពន្ធចុង ហើយផ្លាស់ទីលំនៅមកជួលផ្ទះនៅបាត់ ដំបង ដើម្បីប្រកបមុខរបរ សំអាងការ និងមានកូនជាងស្រីៗ នៅជាមួយផង៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល