ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅកម្អុជា នឹងរៀបចំពិធីអបអរសារទរអ្នកចូល Like
ក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនគម្រប់១០ម៉ឺននាក់ នៅថ្ងៃចន្ទ ទី៩ ខែកញ្ញា ឆ្នាំ២០១៣ វេលាម៉ោង
១១ ព្រឹក នៅក្នុងស្ថានទូតតែម្តង។ ពិធីនេះធ្វើឡើងក្នុងគោលបំណង អរគុណប្រជាជនកម្ពុជា
ដែលបានចូលរួម Like ទំព័រ Facebook និង Blogរបស់ស្ថានទូតអាម៉េរិកនៅកម្ពុជាដើម្បីទទួល
បាននូវព័ត៌មានផ្សេងៗ ពីសកម្មភាពរបស់ស្ថានទូតអាមេរិក។
សេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាម៉េរិកប្រចាំកម្ពុជាបានឲ្យដឹងថា លោកឯកអគ្គរដ្ឋទូត
William E. Todd នឹងថ្លែងសុន្ទរកថានៅក្នុងពិធីនេះ។
ក្នុងសេចក្តីប្រកាស ព័ត៌មាននេះ បានបញ្ជាក់ថា តាំងពីលោក William E. Todd បានមកដល់
កម្ពុជានៅ ខែមេសា ឆ្នាំ២០១២ លោកបានធ្វើការ ដើម្បីបន្ថែមតម្លៃលើប្រតិបត្តការ នៃប្រព័ន្ធ
ផ្សព្វផ្សាយសង្គមរបស់ស្ថានទូតអាម៉េរិក និងដើម្បីបង្កើនអត្ថប្រយោជន៍របស់វាសម្រាប់ប្រជា
ជនកម្ពុជា។ ក្នុងរយៈពេល ១៦ ខែកន្លងមកនេះ ចំនួនអ្នកចូល រួមក្នុង Facebook របស់ស្ថាន
ទូតអាម៉េរិក ពោលគឹអ្នកដែលបានចុច “Like” នៅលើទំព័រ Facebook នេះបានកើនឡើងពី
ចំនួនតិចជាង ៣០,០០០ នាក់ ទៅដល់ចំនួនជាង ១០០.០០០នាក់។
ទំព័រ Facebook របស់ស្ថានទូតអាម៉េរិក ផ្តល់ឲ្យប្រជាជនកម្ពុជានូវឱកាសអាចធ្វើការទាក់ទង
ដោយផ្ទាល់ជាមួយ ស្ថានទូតអាម៉េរិក ដោយទទួលបានព័ត៌មានថ្មីៗ ស្តីពីព្រឹត្តិការណ៍ កម្មវិធី
ឱកាសនានា និង សរសេរមតិ សំណួរស្តីពី រឿង ដែលគេចាប់អារម្មណ៍។ ទំព័រ Facebook
នេះថែមទាំងធ្វើជាវេទិកាមួយ សម្រាប់ប្រជាជនកម្ពុជា ធ្វើការលើក ឡើងជាមួយគ្នាដែល
ភាគច្រើនទាក់ទងនឹងប្រធានបទដែលលើកឡើងដោយស្ថានទូតអាម៉េរិក។
ពិធីនេះមានអ្នកចូលរួមតាមការអញ្ជើញ ហើយមិនបើកចំហសម្រាប់សាធារណជនទូទៅទេ៕
