CamNews

កំសាន្ត 

ឌុច លីដា ប្រុង​វាយលុក​យក​តំណែង​តួឯក ប្រចាំឆ្នាំ២០១៤

ភ្នំពេញៈទស្សនិកជន នៅចាំបានថា ក្នុងអំឡុងឆ្នាំ២០១២-១០១៣ កន្លងទៅ តារាសម្តែង មានភាពលេចធ្លោ និងមានប្រជាប្រិយភាព លោតឡើងខ្លាំងជាងគេ ក្នុងចំណោមអ្នកសិល្បៈ ស្របាលគ្នានោះ គឺអ្នកនាង សារ៉ាយ សក្ខណា ។ ប៉ុន្តែដោយឡែកនៅក្នុងឆ្នាំថ្មី ក្រោយពីតារាស្រី សក្ខណា បានដកខ្លួនចេញពីសិល្បៈ គេសង្កេតឃើញថា តារាស្រីវ័យក្មេងសម្បុរស្រអែម ទម្រង់មុខកូនកាត់អឺរ៉ុប កញ្ញា ឌុច លីដា ក៏ហាក់កាន់តែមានកេរ្តិ៍ឈ្មោះ ឡើងជាលំដាប់ ហាក់ចង់ឆក់តំណែង តារាសម្តែងឆ្នើម ប្រចាំឆ្នាំ ២០១៤ ។

ក្រោយពី សារ៉ាយ សក្ខណា បានចាកចេញ ពីស្រុកកំណើត ទៅរស់នៅក្រៅប្រទេសរួចមក គេសង្កេតឃើញថា មានតារាសម្តែងស្រីស្រករក្រោយ ជាច្រើនដួងបានជែងគ្នា ដណ្តើមតំណែងតួឯក និងវិវឌ្ឍន៍ខ្លួន ជាតារាសម្តែងមានប្រជាប្រិយភាព លេចធ្លោខ្លាំងប្រចាំឆ្នាំ។ នៅក្នុងនោះ គេឃើញវត្តមាន តារាសម្តែងសម្បុរ ស្រអែមស្រស់ទម្រង់ មុខពងក្រពើ កញ្ញា ឌុច លីដា ហាក់មានសន្ទុះលោតឡើងខ្ពស់ជាងគេ ដោយនាងត្រូវបាន អ្នកដឹកនាំរឿងជាច្រើន បានទាក់ទងហៅទៅសម្តែង ក្នុងតំណែងតួឯក ជាបន្តបន្ទាប់។ ជាក់ស្តែង កាលពីពេលថ្មីៗនេះ នាងទើបតែឆក់បានតំណែង តួឯកក្នុងរឿង “ដំរីមរកត” ជាមួយតារាសម្តែងប្រុសល្បី ឈ្មោះសឹង្ហបុរី ។ ក្រៅពីការថតរឿង ឌុច លីដា ក៏មានការមមាញឹក ជាមួយការថតស្ពត និងថតឈុតខារ៉ាអូខេ ថែមទៀតផង ។

តាមរយៈការទទួលបាន ការងារឈានមុខ តារាសម្តែងដទៃ ជាបន្តបន្ទាប់នេះ កញ្ញា ឌុច លីដា ត្រូវបានទស្សនិកជន និងអ្នកដឹកនាំរឿងភាគច្រើន ចាត់ទុកថា ជាតារាស្រី មានភាពលេចធ្លោ និងអាចបោះជំហានឈរ លើតំណែង ជាតារាឆ្នើមប្រចាំឆ្នាំ ២០១៤ ជំនួស អតីតតារាសម្តែង សម្បុរស្រអែម អ្នកនាង សក្ខណា ក៏មិនដឹង ។ ទន្ទឹមនឹងនេះ ក្រៅពី កញ្ញា លីដា មហាជនក៏សង្កេតឃើញថា តារាសម្តែងក្មេងខ្ចីម្នាក់ទៀត គឺកញ្ញា ភិន សុដាលីស ក៏កំពុងតែបង្ហាញវត្តមាន ក្នុងតំណែងតួឯកប្រជែង និង កញ្ញា ឌុច លីដា ទៀតផង៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news