កំពង់ចាម ៖ ចៅក្រមសាលា ដំបូងខេត្តកំពង់ចាម កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ បានសម្រេច ឃុំខ្លួនបុរសម្នាក់ ដែលបានរួមភេទ ជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ដាក់ពន្ធនាគារ ជាបណ្តោះអាសន្ន ដើម្បីរង់ចាំការ កាត់ ទោស នៅពេលក្រោយ។
យោងតាមដីការបស់លោក នៅ យ៉ារ័ត្ន ចៅក្រម ស៊ើបសួរ សាលាដំបូង ខេត្តកំពង់ចាម ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៥ បានបញ្ជា ឲ្យសមត្ថកិច្ច នាំខ្លួនឈ្មោះ ផុន សុភា ទៅឃុំខ្លួន នៅពន្ធនាគារ ដោយចោទប្រកាន់ពីបទ រួមភេទជាមួយអនីតិជន អាយុក្រោម១៥ឆ្នាំ ។
សូមបញ្ជាក់ថា កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កំរិតស្រាល ខេត្តកំពង់ចាម សហការជាមួយនគរបាល ស្រុកកំពង់សៀម កាលពី រសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៥ បានធ្វើការស្រាវជ្រាវ រហូតឈាន ទៅដល់ការឃាត់ខ្លួន ជនសង្ស័យម្នាក់ ពីបទរួមភេទជាមួយក្មេង ស្រីមិនទាន់គ្រប់អាយុ ។
លោក ចាន់ ហោ អនុប្រធាន ការិយាល័យកណ្តាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា កម្លាំងរបស់លោក បានឃាត់ខ្លួន ជនសង្ស័យ ពាក់ព័ន្ធ នឹងករណីរួមភេទ ជាមួយអនីតិជន ដែលប្រព្រឹត្ត ទៅកាល ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៥ នៅផ្ទះសំណាក់ យីហោ មានពេជ្រ ស្ថិត ក្នុងភូមិទី៧ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្ត កំពង់ចាម ។
លោក ចាន់ ហោ បានបន្តថា ជនសង្ស័យឈ្មោះ ផុន សុភា អាយុ២៤ ឆ្នាំ រស់នៅ ភូមិពាមក្នុង ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម រីឯនារីរងគ្រោះ ឈ្មោះ សសណ អាយុ១៤ឆ្នាំ រស់នៅ ភូមិពាមក្នុង ឃុំព្រែកក្របៅ ខេត្តកំពង់ចាម ។ បើតាមមន្រ្តី នគរបាលរូបនេះ ជនសង្ស័យបានបោកបញ្ឆោត និងលួងលោម ក្មេងស្រីរងគ្រោះ រហូតនាំនាង ឡើងទៅផ្ទះសំណាក់ ហើយធ្វើការ ចាប់រំលោភតែម្តង ។
ការចាប់ រំលោភជាច្រើន និងទាំងកំរោល យ៉ាងដូច្នេះ បានធ្វើឲ្យក្មេងស្រីរងគ្រោះ ធ្លាក់ខ្លួនឈឺ ត្រូវបានសមត្ថកិច្ច និងក្រុមគ្រួសារ យកទៅព្យាបាល នៅមន្ទីរពេទ្យ ទៀតផង។ មន្រ្តីនគរបាល បានបន្តទៀតថា បន្ទាប់ពីមាន ពាក្យបណ្តឹង ពីក្រុមគ្រួសារក្មេងស្រីរងគ្រោះ ចំពោះបទល្មើស មួយនេះភ្លាម ស្នងការនគរបាលខេត្តបានបញ្ជា ឲ្យការិយាល័យ ជំនាញ និងនគរបាលមូលដ្ឋាន ចុះធ្វើការស្រាវជ្រាវ រហូតចាប់ខ្លួន ជនសង្ស័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការចាត់ការតាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល