CamNews

ព័ត៌មានជាតិ 

បែកធ្លាយសមត្ថកិច្ច ចាប់រថយន្តដឹកឈើ ពីរគ្រឿង លែងមួយគ្រឿង យកលុយ

រតនគិរីៈ ប្រភពព័ត៌មាន ច្បាស់ការ មួយប្រាប់ឲ្យដឹងថា កាលពីយប់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៥ កន្លង មកសមត្ថកិច្ចមួយក្រុម គេសង្កេតឃើញ វត្តមានលោកវរសេនីយ៍ត្រី សួង រ៉ាវី មន្ត្រីអាវុធហត្ថលើផ្ទៃ ប្រទេស លោក ស៊ឹម សីហា ហៅម៉ៅ មន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀន លោកភ័ក្ត្រ និងលោកហុង មន្ត្រី នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានស្ទាក់ចាប់រថយន្តពីរគ្រឿង ខណៈកំពុងធ្វើដំណើរ ដឹកឈើ លោតឆ័ត្រចូលក្រុងបានលុង មានទិសដៅពីលិច មកកើតតាមផ្លូវជាតិលេខ៧៨ ត្រង់ចំណុចខាង លិច យាយទូលចេកប្រហែល៣-៤ម៉ែត្រ ស្ថិតនៅក្នុងភូមិ១ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពព័ត៌មានខាងលើ ប្រាប់បន្តទៀតថា សមត្ថកិច្ចស្ទាក់ចាប់ដំបូង រថយន្តម៉ាកលុច្សស៊ីសRX300 ដែល គេដឹងថាម្ចាស់ឈ្មោះបូរ មានទីលំនៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង (ចរចាគ្នា រួចសមត្ថកិច្ច ដោះលែងទាំងយប់) និងរថយន្តទី២ ម៉ាកលុច្សស៊ីសRX300 ផ្ទុកឈើប្រណិត ជាច្រើនដុំមានម្ចាស់ឈ្មោះ ប៊ុន ធិ មានទីលំនៅភូមិទេសអន្លុង សង្កាត់បឹងកន្សែង ក្រុងបានលុង (បញ្ជូនរថយន្តនិងឈើ ជាច្រើន ដុំមកខណ្ឌរដ្ឋបាលព្រៃឈើទាំងយប់)។

ទាក់ទិនទៅនឹងសមត្ថកិច្ច ស្ទាក់ចាប់រថយន្តចំនួន២គ្រឿង រួចដោះលែងមួយគ្រឿងវិញនេះ ដែរលោក វរសេនីយ៍ឯកនូវ ដារ៉ា នាយការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការ នគរបាលខេត្តរតនគិរី បានប្រាប់មជ្ឈមណ្ឌលដើមអម្ពិល តាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៥ នេះថា កម្លាំង របស់លោក និងកម្លាំងអ.ហផ្ទៃប្រទេស រួមនឹងមន្ត្រីរដ្ឋបាល ព្រៃឈើ ផង ពិតជាបានស្ទាក់ចាប់ រថយន្ត ចំនួន២គ្រឿងខាងលើនេះ ពិតប្រាកដមែន តែរថយន្តដែលមាន ម្ចាស់ឈ្មោះបូរ ដោះលែងវិញ ព្រោះត្រួត ពិនិត្យគ្មានឃើញឈើ។ ជាការកត់សំគាល់រថយន្តកម្មសិទ្ធិ លោកបូរនេះកន្លង មកជាមធ្យោបាយ ដឹកជញ្ជូន ឈើយ៉ាង សកម្មហើយសមត្ថកិច្ច តាមដានគ្រប់សកម្មភាពទាំងអស់។ ជាមួយគ្នានេះដែរ ប្រជាពលរដ្ឋនៅខេត្តរតនគិរី មានមតិលើកឡើងស្រដៀងគ្នាថា សមត្ថកិច្ចខាងលើរថយន្ត ធ្វើដំណើរជា ច្រើន គ្រឿងមិនស្ទាក់ចាប់ហេតុអ្វី ចាំចាប់តែរថយន្តឈ្មោះបូរ ទៅវិញហាក់បីដូចជារៀបចំ ផែនការទុក ជាមុន៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh