CamNews

ព័ត៌មានជាតិ 

បុគ្គលិក​ជាតិ​របស់ សាលា​ក្តី​ខ្មែរ​ក្រហម សម្រេច​ធ្វើ​ពហិការ​មិន​ចូល​ធ្វើ​ការ បន្ទាប់​ពី​អត់ប្រាក់​ខែ

ភ្នំពេញ៖ បន្ទាប់ពីមិនបានទទួលប្រាក់ខែ អស់រយៈពេលបីខែកន្លងមក ហើយមិនមានអ្វីសម្រាប់
ផ្គត់ផ្គង់ដល់គ្រួសាររបស់ពួកគេនោះក្រុមបុគ្គលិករបស់អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជា
(អ.វ.ត.ក) រឺហៅសាមញ្ញថា សាលាក្តីខ្មែរក្រហមប្រមាណ ជិត២០០នាក់បានសម្រេចចិត្តមិនចូល
ធ្វើការបន្តទៀតឡើយ ហើយថា រហូតដល់មានដំណោះស្រាយ ទើបពួកគេវិលចូលធ្វើជាធម្មតា
វិញ។

ការពហិការរបស់បុគ្គលិកទាំងនោះគឺបានកើតឡើងតាំងពីថ្ងៃទី១ ខែកញ្ញា មកម្ល៉េះ ហើយវាក៏ជា
លើកទីពីរផងដែរ  សម្រាប់ ឆ្នាំ២០១៣នេះ។ នេះបើយោងតាម   អ្នកនាំពាក្យរបស់សាលាក្តីខ្មែរ
ក្រហម លោកនេត្រ ភក្រ្តា។

លោក បានមានប្រសាសន៍ប្រាប់ដល់ មជ្ឈមណ្ឌលព័ត៌មាន   ដើមអម្ពិល  តាមទូរស័ព្ទនាថ្ងៃទី២
ខែកញ្ញា នេះថា  បុគ្គលិករបស់ជាតិប្រមាណ ជិត២០០នាក់ ក្នុងចំណោម២៥០នាក់ពួកគេ បាន
ព្យួរការងារបណ្តោះអាសន្ន   របស់ពួកគេ  ដោយសារតែការធ្វើការរបស់ពួកគេ មិនទទូលបាន
ប្រាក់ខែ   ហើយមិនតែប៉ុណ្ណោះ  ពួកគេក៏គំរាមថា  នឹងមិនចូលធ្វើវិញដែរ ប្រសិនណាមិនមាន
ដំណោះស្រាយ ជូនពួកគេនោះ។

លោក នេត្រ ភក្ត្រាបានបន្តថា “ពួកគាត់មិនអាចបន្តការធ្វើការងារដោយមិនមានប្រាក់បៀវត្សរ៍
ទៀតទេ   គាត់ជួបប្រទះនឹងបញ្ហាថវិកាប្រចាំថ្ងៃ  ប្រចាំក្រុម គ្រួសាររបស់ពួកគាត់ ដូច្នេះហើយ
បានជាពួកគាត់  បានសម្រេចជាបណ្តោះអាសន្ន រហូតដល់មានដំណោះស្រាយ។ សាលាក្តីនា
ថ្ងៃនេះមានសភាពស្ងប់ស្ងាត់ មានតែបុគ្គលិកជាតិ  ថ្នាក់ដឹកនាំមួយចំនួន  ដែលគាត់ទៅធ្វើការ
ហើយនិងមន្រ្តីបុគ្គលិកអន្តរជាតិ តែប៉ុណ្ណោះក្រៅពីនោះគឺគ្មានឡើយ”។

លោក បន្ថែមទៀតថា  ការធ្វើពហិការមិន  ចូលធ្វើការរបស់បុគ្គលិកនេះ គឺមានចំនួនពីរលើក
ហើយ សម្រាប់ប្រាំមួយខែ ដើមឆ្នាំ២០១៣នេះ ហើយកាលពីលើកទីមួយ  បានធ្វើឡើងកាល
ពីថ្ងៃទី៤ ខែមីនា កន្លងទៅនេះ ហើយបានបញ្ចប់ទៅវិញ នៅថ្ងៃទី១៧ខែដដែលនោះ។
ទាក់ទងនឹងបញ្ហាប្រាប់បៀវត្សរ៍  របស់បុគ្គលិក  នៃសាលាក្តីខ្មែរក្រហមនេះ   កាលពីថ្ងៃទី១៨
ខែសីហាកន្លងទៅ  ទាំងភាគីរាជរដ្ឋាភិបាលនិងអង្គការសហ ប្រជាជាតិ  បានសម្រេចចិត្តទៅ
ប្រទេស អាស៊ានមួយចំនួន  ដែលមានប្រទេស  ព្រុយណេ  ប្រទេសសិង្ហបូរី    ម៉ាឡេស៊ី និង
ប្រទេសឥណ្ឌូណេស៊ី  ក្នុងគោលបំណងស្វែងរក ជំនួយ  ប៉ុន្តែប្រទេសទាំងនោះ  បានត្រឹមតែ
ស្វាគមន៍ប៉ុណ្ណោះ  មិនបានសន្យាថា  នឹងជួយដល់តុលាការនេះឡើយ  ដោយគ្រាន់តែថានឹង
ពិចារណា។

បើយោងតាម លោកនេត្រ ភក្រ្តា ប្រសិនណាបើសាលាក្តីនេះ មិនមានប្រាក់ឧត្ថម្ភជាបន្តទៀត
នោះ វា នឹងមានហានិភ័យខ្ពស់ ហើយវាក៏ជាសោកនាដកម្ម  មួយទៀតផងដែរសម្រាប់ ប្រជា
ពលរដ្ឋដែលពួកគាត់ខំ ទទឹងរង់ចាំរកយុត្តិធម៌។

តែយ៉ាងណាក្តី  អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមួន ក៏តែងតែ អំពាវនាវ
ដល់ម្ចាស់ជំនួយ ជាបន្តដើម្បីឲ្យជួយដល់ដំណើរការសាលាក្តីនេះទៀតផងដែរបន្ទាប់ពីលោក
ដឹងថាតុលាការនេះ នឹងមានភាពផុយស្រួយប្រសិនណា អត់ថវិកាបន្តទៀតនោះ។

សូមបញ្ជាក់ថា  សាលាក្តីកាត់ទោសអតីត   មេដឹកនាំខ្មែរក្រហម   ត្រូវបានបង្កើតឡើងរួមគ្នា
ដោយអង្គការសហប្រជាជាតិ និង   រដ្ឋាភិបាលកម្ពុជា   កាលពីឆ្នាំ២០០៦។ ហើយ  មកដល់
ឆ្នាំ២០១២នេះ   សាលាក្តីចម្រុះ បានចំណាយថវិកាសរុប ១៧៣,៣ លានដុល្លារហើយ។ ក្នុង
នោះ ភាគីជាតិចំណាយ៤២,១ លានដុល្លារនិងអន្តរជាតិចំណាយអស់១៣១,២ លានដុល្លារ។

ហើយជាមួយគ្នានេះសម្រាប់ឆ្នាំ២០១៣ វិញ សាលាក្តី ត្រូវការថវិកាសរុបចំនួន ៣៥,៤ លាន
ដុល្លារ ដែលភាគីជាតិ ត្រូវការ ៩,៤ លានដុល្លារ និងអន្តរជាតិ ត្រូវការ២៦ លានដុល្លារ។

តែយ៉ាងណាក្តីសម្រាប់បុគ្គលិក  ភាគីកម្ពុជា  បានជួបនឹងវិបត្តិថវិកា នេះចាប់តាំងពីខែមិថុនា
មកម្លេះហើយ បុគ្គលិកជាតិប្រមាណ ២៥០ រូប មិនបានទទួលប្រាក់ខែឡើយ។

បើតាមការឲ្យដឹងរបស់អ្នកនាំពាក្យតុលាកាខ្មែរក្រហម លោកនេត ភក្ត្រា បានថ្លែងបន្តទៀត
ថា ភាគីកម្ពុជា នៅខ្វះថវិកាប្រមាណ ៣ លានដុល្លារ។ តែសម្រាប់  ភាគីអន្តរជាតិវិញពួកគេ
មានថវិកាដំណើរការ រហូតដល់ចុងឆ្នាំនោះឯណោះ។

សូមរំលឹកផងដែរថា សាលាក្តីខ្មែរក្រហម សព្វថ្ងៃ កំពុងដំណើរការកាត់ទោស  អតីតមេខ្មែរ
ក្រហមក្នុងសំណុំរឿង០០២ដំណាក់កាលទី១ដែលមានលោកនួនជា និងលោកខៀវសំផន។
សំណុំរឿក្តីនោះ  គ្រោងនឹងបិទបើកសវនាការដោយការសន្និដ្ឋានចុងក្រោយ  ចាប់ពីថ្ងៃទី៩
តុលា។ រីឯសាលក្រម អាចនឹងប្រកាសនៅដើមឆ្នាំ២០១៤ ខាងមុខនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: National News