ភ្នំពេញ៖ "ខ្ញុំមិនសោកស្តាយទេ ដែលអ្នកមិនស្រឡាញ់ខ្ញុំ តែអ្នកវិញទេ ដែលត្រូវសោយសា្តយ ព្រោះអ្នកបានបាត់បង់ មនុស្សដែលស្រឡាញ់អ្នក ខ្លាំងបំផុត...! ពេលខ្ញុំនឹកអ្នក... ខ្ញុំតែងតែងើយទ្បើងលើ នោះខ្ញុំមិនមែនមើលមេឃ មើលផ្កាយទេ គឺខ្ញុំកំពុងតែព្យាយាម ទប់ទឹកភ្នែក មិនឲ្យហូរ....! " ។ ពាក្យសម្តីបង្កប់នូវអត្ថន័យឈឺចាប់ ខ្លោចផ្សារ រឿងវិបត្តិ ស្នេហានេះ គេបានប្រទះឃើញ នៅលើ Accoun Facebook របស់តារាសម្តែង ជេស ស៊ីកា ដែលទើបបង្ហោះ កាលពីកន្លងទៅថ្មីៗនេះ គ្រានាងត្រូវបាត់បង់ មនុស្សដែលខ្លួនស្រឡាញ់។
នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួន របស់តារាសម្តែងស្រីរូបស្រស់ សម្តីផ្អែម ជេស ស៊ីកា មួយរយៈ នេះ គេតែងសង្កេតឃើញ នាងបញ្ចេញសារបង្ហាញ ពីទុក្ខសោក វិបត្តិផ្លូវចិត្ត ទាក់ទងរឿងជីវិតស្នេហា មិនសមប្រកប ព្រោះ មនុស្សដែលនាងស្រឡាញ់ តែងតែបញ្ចប់ទៅវិញ ទាំងពាក់កណ្តាលទី ទើបធ្វើឲ្យតារាសម្តែងរូបនេះ មានក្តីឈឺចាប់ និង សោកសៅគ្មានពេលល្ហែល្ហើយ។
ជាការកត់សម្គាល់ បន្ទាប់ពីបានឃើញសារទាំងនោះ មានមហាជនអ្នកគាំទ្រ និង Friend ក្នុង Facebook របស់នាង បានសម្តែងការភ្ញាក់ផ្អើល ព្រមទាំងបាន សរសេរ Comment លើកទឹកចិត្តដល់ កញ្ញា ជេស ស៊ីកា កុំឲ្យមានការខូចចិត្តខូចថ្លើមខ្លាំង និងគិតច្រើន ចំពោះរឿងទាំងនេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ពុំមាននណាម្នាក់ ដឹងច្បាស់ទេថា តើនាងពិតជាកំពុង ជួបវិបត្តិផ្លូវចិត្ត ព្រោះតែរឿងស្នេហា ឬមួយយ៉ាងណាឡើយ។
ជួបជាមួយគេហទំព័រ LookingTODAYតាមទូរស័ព្ទ នៅព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៤នេះ តារាសម្តែង ជេស ស៊ីកា បាននិយាយប្រាប់ទាំងមិនលាក់លៀមថា "ចា៎…បង ! វាគឺជារឿងពិតមែន ព្រោះមួយរយៈនេះ ខ្ញុំបានជួបវិបត្តិផ្លូវចិត្តរឿងជីវិតស្នេហាផ្ទាល់ខ្លួន។ និយាយទៅ គ្រាន់តែជាការផ្តាច់ ទំនងទំនង ស្នេហារវាងខ្ញុំ និង បុរសជាសង្សារថ្មី តែប៉ុណ្ណោះ..គ្មានអ្វីទេ.. "។
តារាសម្តែងវ័យ ទើប២០ឆ្នាំ កញ្ញា ជេស ស៊ីកា បានបន្តថា មុននេះនាងធ្លាប់ មានស្នេហាម្ដងរួចមកហើយ ជាមួយបុរសម្នាក់ ជាអ្នកសិល្បៈដូចគ្នា ប៉ុន្តែក្រោយពីស្គាល់គ្នា បានរយៈពេលពីរឆ្នាំ ក៏បានបែកបាក់គ្នា ទៅវិញ ព្រោះតែការមិនយល់ចិត្ត ពោលគឺបុរសម្នាក់នោះ មិនចង់ឲ្យនាងចូលប្រឡូក ក្នុងអាជីពសិល្បៈ ប៉ុន្តែនាងនៅតែមានៈ មិនព្រមធ្វើតាម។
កញ្ញា ជេស ស៊ីកា បាននិយាយបន្តថា "បន្ទាប់ពីបែកបុរសសង្សារចាស់ មិនបានយូរប៉ុន្មានទេ ខ្ញុំក៏បានស្គាល់បុរសម្នាក់ទៀត មានវ័យប្រហែលគ្នា ហើយគាត់ (បុរសជាគូស្នេហ៍ទីពីរ) គឺជាអ្នកសិល្បៈ ដូចគ្នាដែរ..។គាត់ជាអតីតប្រេសស៊ីឆ្នាំ២០១១។ ទំនាក់ទំនងស្នេហា រវាងខ្ញុំនឹងគាត់ គឺបានស្គាល់គ្នាមិនទាន់យូរប៉ុន្មានផង ពេលនេះក៏ស្រាប់តែដើរ ទៅរកផ្លូវបែកបាក់វិញ ព្រោះតែខ្ញុំ មិនចូលចិត្តចរិតរបស់គាត់ បែបស្ទាវៗពេក។ ម្យ៉ាងទៀតឪពុកម្តាយខ្ញុំគាត់ចង់ឲ្យខ្ញុំយកប្តី ដែលមានអាយុច្រើនជាង និងមានសមត្ថភាព ចិញ្ចឹមគ្នាទៅវិញទៅមក..!"។
យ៉ាណាក្តី តារាសម្តែងជើងថ្មី ជេស ស៊ីកា បានបញ្ជាក់បន្ថែមថា សម្រាប់ខ្លួននាង គឺនៅតែនឹកអតីតគូស្នេហ៍ចាស់ និង អាណិតគូស្នេហ៍ថ្មី (អ្នកទីពីរ) បើទោះបី នាងមិនបានគ្នាជាគូអនាគតក៏ ដោយ។ ម្យ៉ាងនាងត្រូវតែធ្វើតាមគ្រួសារ ដើម្បីអនាគតខ្លួនឯង នៅថ្ងៃខាងមុខ៕