ភ្នំពេញ៖ ថ្មីៗនេះបន្ទាប់ពីវីរកីឡាការិនី ស៊ន សៀវម៉ី ដណ្ដើមបានមេដាយមាស កីឡាអាស៊ីលើកទី១៧ពីប្រទេស កូរ៉េខាងត្បូងជូន ប្រទេសជាតិកម្ពុជានោះ គេឃើញមានការបង្កើតគណនី Facebook ជាច្រើនដោយបានយកឈ្មោះ កីឡារិនីឆ្នើម សៀវម៉ី ធ្វើជា Page ផ្ទាល់ខ្លួន ដើម្បីធ្វើការរៃអង្គាសប្រាក់ ពីមហាជន នៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម ដ៏ពេញនិយមមួយនេះ ។
ស្របពេលមានសប្បុរសជនទាំងក្នុង និងក្រៅប្រទេស បាននឹងកំពុងធ្វើការ ឧបត្ថម្ភលើកទឹកចិត្ត ចំពោះការខិតខំប្រឹងប្រែង របស់វីរនារី ស៊ន សៀវម៉ី ដែលដណ្ដើមយកកិត្តិយស ជូនជាតិពីការប្រកួតកីឡា Asian Games ដែលទើបនឹងបញ្ចប់ កាលពីពេលថ្មីៗ កន្លងទៅនេះ ។ ទន្ទឹមជាមួយគ្នានេះដែរ គឺមានជនមិនស្គាល់មុខ មួយចំនួនបានចាប់ ផ្ដើមយកឈ្មោះកីឡាការិនី ស៊ន សៀវម៉ី បន្លំបង្កើតធ្វើជាគណនី Facebook ផ្ទាល់ខ្លួនក្នុងគោលបំណង រៃអង្គាសប្រាក់ ដាក់ប៉ៅយ៉ាង អាណាធិបតេយ្យបំផុត ។
ដើម្បីចូលរួមទប់ស្កាប់ការចាញ់បោក តាមរយៈគណនី Facebook ក្លែងក្លាយមួយចំនួននោះ នៅព្រឹកថ្ងៃទី០៩ ខែតុលា នេះគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា បានសរសេរជាសេចក្ដី ជូនដំណឹងមួយ នៅគណនី Facebook ផ្ទាល់ខ្លួនថា “ថ្មីៗនេះ យើងសង្កេតឃើញថា មានការបង្កើត Account Facebook ក៏ដូចជា Page មួយចំនួនដោយ ប្រើប្រាស់ឈ្មោះកីឡាការិនី ស៊ន សៀវម៉ី ហើយខ្លះបានប្រើប្រាស់ ក្នុងសកម្មភាពរៃអង្គាស ថវិកាជាដើម ។ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សុំបញ្ជាក់ថា កីឡាការិនី ស៊ន សៀវម៉ី ពុំទាន់មាន page ផ្លូវការណាមួយ នោះទេ ហើយក៏មិនបានធ្វើការ រៃអង្គាសតាមបណ្តាញ សង្គេម Facebook ដែរ”។
ដូច្នេះហើយ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា សូមអំពាវនាវដល់សប្បុរសជន ដែលមានបំណងចង់ចូលរួម មូលនិធីជូនដល់កីឡាការិនី ស៊ន សៀវម៉ី សូមកុំជឿតាមការបោកប្រាស់ របស់ជនឱកាសនិយម ដែលយក Facebook ធ្វើជាអាជីវកម្មអីព្រោះ សៀវម៉ី ត្រូវបានស្ថានីយ៍ទូរទស្សន៍ CTN បង្កើតមូលនិធិត្រឹមត្រូវ ពិតប្រាកដមួយ ដើម្បីសប្បុរស ចូលរួមជួយដល់នាង រីឯការរៃអង្គាសតាម Facebook នោះគឺគ្រាន់តែជាការ បោកប្រាស់ប៉ុណ្ណោះ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល