ភ្នំពេញ៖ សាលារាជធានីភ្នំពេញ បានបង្ហាញថា ប្រជាពលរដ្ឋតំបន់បឹងកក់ ២៨គ្រួសារហើយ បានទទួលប័ណ្ណកម្ម សិទ្ធិកាន់កាប់ដីនៅតំបន់បឹងកក់ទំហំជិត ៤ពាន់ម៉ែត្រការ៉េ ដែលរាជរដ្ឋាភិបាល បានកាត់ចេញពីផ្ទៃដីអភិវឌ្ឍន៍ របស់ក្រុមហ៊ុនក្រុមហ៊ុនស៊ូកាគូអ៊ីន។
យោងតាមបញ្ជីរាយនាមបង្ហាញជូនដោយសាលារាជធានីភ្នំពេញ បានបង្ហាញថា ប្រជាពលរដ្ឋទាំង ២៨គ្រួសារ ដែលទទួលបានប័ណ្ណកម្មសិទ្ធិនេះ មកពីភូមិ១ ចំនួន ៦គ្រួសារ, ភូមិ៦ ចំនួន ៧គ្រួសារ, ភូមិ២២ ចំនួន ១០គ្រួសារ និង មកពីភូមិ២៤ ចំនួន ៥គ្រួសារ។ ផ្ទៃដី ដែលត្រូវប្រគល់ជូនអ្នកបឹងកក់ ២៨រូប មានទំហំ ៣.៦៥២,៦០ ម៉ែត្រ ការេ។
សូមរំលឹកថា នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១១ កន្លងទៅ បាន សម្រេចកាត់ផ្ទៃដីបឹងកក់ទំហំប្រមាណ ១២,៤៤ហិកតា ចេញពីផ្ទៃដីរបស់ក្រុមហ៊ុន ប្រគល់ឲ្យប្រជាពលរដ្ឋ ដែល រងការប៉ះពាល់។
នៅថ្ងៃសៅរ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៥នេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញលោក ឡុង ឌីម៉ង់ មិនបញ្ជាក់ពី ចំនួនប្រជាពលរដ្ឋសរុប ដែលនឹងត្រូវទទួលបានប័ណ្ណកម្មសិទ្ធិគ្រប់គ្រងលើផ្ទៃដី រាជរដ្ឋាភិបាលកាត់ចេញពីក្រុម ហ៊ុននោះទេ។ ប៉ុន្តែលោក បានបញ្ជាក់ ដំណើរការផ្តល់ប័ណ្ណកម្មសិទ្ធិ ក៏ដូចជាបញ្ហាផ្សេងៗ រវាងប្រជាពលរដ្ឋ និង អ្នកភូមិបឹងកក់ ដែលព្រមចាកចេញពីដីរបស់ខ្លួននោះ ជិតបានបញ្ចប់ហើយ។
ចំពោះបញ្ហាអតីតអ្នកភូមិបឹងកក់មួយចំនួន ដែលបានមកតវ៉ាទាមទារសំណងបន្ថែមពីក្រុមហ៊ុននោះ ក៏ត្រូវបានអ្នក នាំពាក្យសាលារាជធានីភ្នំពេញ បញ្ជាក់ថា សាលារាជធានីភ្នំពេញ រួមនិងក្រុមហ៊ុនកំពុងសហការគ្នាដោះស្រាយ ផងដែរ។
សូមបញ្ជាក់ថា បឹងកក់ ដែលមានទំហំជាង ១០០ហិកតា ត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីនរបស់លោក ឡាវ ម៉េងឃីន បូមខ្សាច់ចាក់លុបបំពេញ ដើម្បីវិនិយោគអភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ផ្សារទំនើបអគារស្នាក់នៅ មណ្ឌល កម្សាន្តជាដើម ។ បន្ទាប់ពីការបូមខ្សាច់ចាក់បំពេញរួចរាល់ហើយនោះ បច្ចុប្បន្នក្រុមហ៊ុន បានចាប់ផ្តើមដំណើរការ សាងសង់អគារ និង ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ដែលគម្រោងមានតម្លៃប្រមាណ ៣០០លានដុល្លារ នឹងបញ្ចប់ ជាជំហ៊ានៗ ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។
ការអភិវឌ្ឍន៍បឹងកក់ ដែលចាប់ផ្តើមឡើងដោយសម្រែកតវ៉ានានា និងការពុះពារនូវឧបសគ្គជាច្រើននោះ បច្ចុប្បន្ន ផ្លូវចំនួនពីរខ្សែជាសមិទ្ធផលបឋម ដោយ ១ខ្សែភ្ជាប់ពីផ្លូវសហព័ន្ធរុស្ស៊ីទៅផ្លូវទំនប់ទួលគោក និង១ខ្សែទៀតភ្ជាប់ ពីមហាវិថីព្រះមុនីវង្សក្បែរស្ថានីយរថភ្លើង ទៅកាន់ផ្លូវវត្តនាគវ័ន្ត បាននឹងចូលរួមចំណែកយ៉ាងសំខាន់សម្រាប់ សម្រួលការកកស្ទះ និងការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ពីទិសខាងលិចត្បូងរាជធានីភ្នំពេញ មានខណ្ឌដូន ពេញ ៧មករា ជាដើម ឆ្ពោះទៅខណ្ឌទួល គោក សែនសុខ និង ព្រែកព្នៅជាដើមនោះ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល