CamNews

ព័ត៌មានជាតិ 

បុរសម្នាក់ អះអាងថា ធ្លាប់រងការប្រមាថពីក្មេងស្ទាវដែលប៉ះផ្កាយ៣កាលពីថ្ងៃមុន

(ភ្នំពេញ)៖ បន្ទាប់ពីរឿងរ៉ាវដ៏ល្បាញល្បីពេញបណ្តាញសង្គម រវាងក្មេងស្ទាវមានជម្លោះជាមួយឧត្តមសេនីយ៍ឯក នន្ទ សុខា មេបញ្ជាការរងកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នឹងឈានដល់ឪពុករបស់ក្មេងស្ទាវនោះ គំរាមនឹងសម្លាប់ខ្លួនបើអនុគ្រោះឲ្យកូនគាត់មិនបាន។ ប៉ុន្តែបន្ថែមពីលើនេះទៀតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ មានបុរសម្នាក់ឈ្មោះ នី សុវណ្ណណៃ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News តាមទូរស័ព្ទឲ្យដឹងថា ក្មេងស្ទាវដែលឈ្លោះជាមួយ ឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្លាប់ប្រើសម្តីប្រមាថគ្មានដឹងខុសត្រូវដល់រូបគាត់ នៅពេលមានជម្លោះ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ នៅម្តុំជំពូកវ័ន្ត ចោមចៅ កាលពី៤-៥ខែមុន ហើយចំណែកឯឪពុកម្តាយយុវជនស្ទាវនោះបានបោះសម្តីឱ្យរូបលោក នី សុវណ្ណណៃ ចង់ប្តឹងដល់ណាដល់ទៅ។

បុរសដែលធ្លាប់ទទួលរងនូវការប្រមាថពីក្មេងស្ទាវនោះបានរៀបរាប់ឲ្យ Fresh News ដឹងតាមរយៈទូរស័ព្ទនៅថ្ងៃអាទិត្យនេះថា៖

កាលពីប្រមាណ៤-៥ខែមុន ខណៈរូបគាត់(នី សុវណ្ណណៃ) ជិះម៉ូតូសង់២០១៦ ពីភ្នំពេញទៅម្តុំថ្នល់ទទឹង លុះដល់ចំណុចម្តុំជម្ពូវ័ន្ត ចោមចៅ ស្រាប់ម៉ូតូម៉ាកឌុបរបស់ ក្មេងស្ទាវ ដែលជិះគ្នា៣នាក់ បើកបញ្ច្រាសទិសគ្នា បានគេចជាមួយឡានចូលមកម្ខាងផ្លូវប៉ះម៉ូតូរបស់គាត់ ហើយក៏មានការប្រកែកតវ៉ាឈ្លោះគ្នាយ៉ាងខ្លាំង ព្រមទាំង ប្រមាថគ្មានដឹងខុសត្រូវ។ នៅក្នុងជម្លោះក៏មានការទាមទារឲ្យសងចំនួន២០០ដុល្លារ ប៉ុន្តែភាគីខាងទៀតថាឲ្យតែ៥០ដុល្លារទេ។ នៅពេលប្រកែកឈ្លោះគ្នានោះ ឪពុកម្តាយរបស់ក្មេងនោះក៏បានមកដោះស្រាយដែរ ព្រមទាំងបោះពាក្យសម្តីថា ចង់ប្តឹងទៅដល់ណាដល់ទៅ។ ប៉ុន្តែទោះបីយ៉ាងណាក្នុងជម្លោះគ្រោះថ្នាក់ចរាចរណ៍នោះ ភាគីខាងយុវជនស្ទាវបានចេញថ្លៃសង និងដោះស្រាយបញ្ចប់ឲ្យភាគីរងគ្រោះរួចរាល់ហើយដែរ។

យុវជន​ឈ្មោះ នី សុវណ្ណណៃ បានបញ្ជាក់តាមរយៈអង្គភាពព័ត៌មាន Fresh News បន្ថែមទៀតថា ចំពោះការរៀបរាប់របស់លោកនាពេលនេះ ធ្វើឡើងបន្ទាប់លោកបានឃើញ ភាពឈ្លើយរបស់ក្មេងស្ទាវនោះ តាមរយៈវិដេអូ ដែលកំពុងមានជម្លោះជាមួយឧត្តមសេនីយ៍ផ្កាយ៣ នន្ទ សុខា​ ហើយលោកមិនមានចេតនាចង់បង្ករឿងអ្វីនោះទេ គ្រាន់តែចង់ឲ្យបងប្អូន ប្រជាពលរដ្ឋដឹងថា ក្មេងស្ទាវនោះឈ្លើយណាស់នៅពេលប៉ះជាមួយប្រជាពលរដ្ឋស្លូតត្រង់ ប៉ុន្តែប៉ះជាមួយមន្រ្តីធំបែរជាស្រែកយំ ឲ្យគេអនុគ្រោះទៅវិញ។

លោក នី សុវណ្ណណៃ ក៏បានសរសេររៀបរាប់នៅលើ Facebook របស់លោកផងដែរថា «ក្មេងនេះហើយដែលបង្កគ្រោះថ្នាក់ចរាចរណ៍ដល់រូបខ្ញុំកាលពីប៉ុន្មានខែមុន ហើយថែមទាំងប្រើសម្តីប្រមាថគ្មានដឹងខុសត្រូវទៀតផង។ រីឯឪពុកម្តាយកាន់ជើងកូនជំរុញឱ្យខ្ញុំប្តឹងដល់ណាដល់ទៅ។ តែឡូវកម្មឱ្យផលហើយ មិនចាំប្តឹងទេ។ បុគ្គលសាបព្រោះពូជណារមែងទទួល ផលនៃពូជនោះឯង»។

ទោះបីយ៉ាងណា នេះគឺជាការលើកឡើងរបស់លោក នី សុវណ្ណណៃ ដែលធ្លាប់ទទួលរងនូវការជេរប្រមាថតែប៉ុណ្ណោះ។ ប៉ុន្តែយ៉ាងណាមិញ យើងមិនសុំការបំភ្លឺភាគីក្មេងស្ទាវ និងឪពុកម្តាយរបស់គេបាននៅឡើយនោះទេ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news