បាត់ដំបង ៖ ស្ដ្រីជាភរិយារបស់មន្ដ្រី គយ ប្រចាំការ នៅស្រុកម៉ាឡៃម្នាក់ បានដាច់ចិត្ដ ផឹកថ្នាំ
បំពុលសម្លាប់ខ្លួន ដោយសារតែមាន វិបត្ដិជំពាក់បំណុលគេវ័ញ្ចកហើយគ្មានប្រាក់សង ដោយ
ករណីនេះ បានកើតឡើងកាលពី ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣ កន្លងទៅនេះ ស្ថិតនៅផ្ទះ
របស់ជនរងគ្រោះ ដែលមានទីតាំង នៅភូមិត្រពាំងព្រលិត ឃុំសន្ដិភាព ស្រុកសំពៅលូន ខេត្ដ
បាត់ដំបង ។
សាកសពជនរងគ្រោះ ត្រូវបានគេស្គាល់ ឈ្មោះកិល កេង អាយុ ៣២ឆ្នាំ មានប្ដីជាមន្ដ្រី គយ
ប្រចាំការនៅមាត់ច្រកស្រុកម៉ាឡៃ ខេត្ដ បន្ទាយមានជ័យ តែគេមិនបានប្រាប់ឱ្យដឹង ថា ប្ដីស្ដ្រី
រងគ្រោះមានឈ្មោះអ្វីនោះទេ តែ រូបនាង ក៏ត្រូវបានគេស្គាល់ផងដែរថា គឺជា កូនស្រីរបស់
លោកអធិការរងស្រុកសំពៅ លូន ឈ្មោះ មាស គាំ ផងដែរ ។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៣កន្លងទៅនេះ នៅក្នុង
ផ្ទះស្ដ្រីរងគ្រោះ គេបានប្រទះឃើញ រូបនាងដេកសន្លប់ស្ដូកស្ដឹង ហើយក៏ត្រូវបាន សាច់ញាតិ
បញ្ជូនយកទៅធ្វើការសង្គ្រោះ នៅ មន្ទីរពេទ្យខេត្ដច័ន្ទបូរី ប្រទេសថៃ ហើយមួយថ្ងៃក្រោយមក
គឺនៅវេលាម៉ោង៥ល្ងាច ស្ដ្រីរងគ្រោះបានបាត់បង់ជីវិតដោយក្រុម គ្រូពេទ្យអះអាងថា រូបនាង
បានផឹកថ្នាំបំពុល ជាប្រភេទថ្នាំសម្រាប់បាញ់សម្លាប់ស្មៅ មិន អាចជួយសង្គ្រោះបានឡើយ។
នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៣ សពស្ដ្រីរងគ្រោះត្រូវបានសាច់ញាតិនាំយកមកតម្កល់
ធ្វើបុណ្យ នៅក្នុងលំនៅដ្ឋានរបស់ ខ្លួនវិញ ដោយក្នុងនោះគេក៏បានឃើញមនុស្ស ៣-៤នាក់
ដែលអះអាងថា ជាម្ចាស់បំណុល មកចូលរួមបុណ្យសពផងដែរ ។
ពាក់ព័ន្ធទៅនឹង ករណីអត្ដឃាតខាងលើ នេះបើតាមប្រភពព័ត៌មាន បានបង្ហើបឱ្យដឹង ថា
ដោយសារតែ ស្ដ្រីរងគ្រោះកន្លងមកមាន ជំពាក់បំណុលគេជាច្រើនម៉ឺនដុល្លារ ហើយគ្មាន
លុយសង។ ចំណែកប្ដីដែលធ្វើជាមន្ដ្រីគយ មួយរូបនោះ ត្រូវបានគេអះអាងថា មិនទទួល
ខុសត្រូវចំពោះ ករណីប្រពន្ធជំពាក់បំណុលគេ នោះឡើយ ទើបធ្វើឱ្យស្ដ្រីជាប្រពន្ធ គ្មានវិធី
ដោះស្រាយ ក៏សម្រេចជ្រើសរើសយកការ សម្លាប់ខ្លួន ដើម្បីបញ្ចប់វិបត្ដិបែបនេះទៅ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល