ភ្នំពេញ៖ តារាចម្រៀងប្រុស កំពុងទាញបានការល្បីឈ្មោះ តាមរយៈក្បាច់រាំបែបក្រម៉ិចក្រមើម លោក ជុំ លីណូ បច្ចុប្ប ន្ននេះបានធ្វើឲ្យមហាជន ក៏ដូចជា Friend ក្នុងហ្វេសប៊ុក ងាកទៅចាប់អារម្មណ៍ខ្លាំង ជុំវិញរឿងរ៉ាវជីវិត ឯកជន និងអាជីពសិល្បៈ ខណៈថ្មីៗនេះគេបានដាក់ការសង្ស័យ ទៅលើតារាប្រុស រូបនេះថា កំពុងមានទំនាក់ទំនងស្នេហា ជាមួយនារីវ័យក្មេងម្នាក់។
ជួបសំណេះសំណាល តាមសារអេឡិចត្រូនិចថ្មីៗនេះ លោក ជុំ លីណូ បានប្រាប់ឲ្យដឹងថា បច្ចុប្បន្នអាជីពសិល្បៈរបស់លោក រវល់ច្រើន ទាំងការចេញទៅច្រៀង នៅតាមបណ្តាខេត្ត និងតាមកម្មវិធីប្រគំតន្រ្តី នានា។ ចំណែកឯបទចម្រៀងរបស់លោក គ្រោងចេញលក់លើទីផ្សារ ក្នុងពេលឆាប់ៗខាងមុខនេះហើយ ក្នុងផលិតកម្មថ្មី។
ជាមួយគ្នានេះ អតីតតារាចម្រៀងផលិតកម្មសាន់ដេ លោក ជុំ លីណូ ក៏បានបដិសេធជុំវិញ រឿងដែល គេសង្ស័យមកលើរូបលោក កំពុងមានទំនាក់ទំនងស្នេហ៍ជាមួយនារីវ័យក្មេងថា ជារឿងមិនពិតនោះឡើយ។ លោក បានបញ្ជាក់ថា រហូតមកដល់ពេល នេះលោកមានអាយុ៣០ឆ្នាំហើយ រឿងដៃគូរជីវិយ គឺពុំទាន់មានទេ ព្រោះរកមិនទាន់បាន អ្នក ដែលត្រូវចិត្ត ដើម្បីផ្ញើវាសនាទៅអនាគត។តារាចម្រៀង ជុំ លីណូ បានបន្តថា "ពេលខ្លះចង់មានស្នេហាដែរ តែខ្លាចប៉ះចំស្នេហ៍ មិនស្មោះត្រង់ ព្រោះថា ឥឡូវពិបាកក្នុងការទុកចិត្តណាស់ "។
លោក ជុំ លីណូ បន្ទាប់ពីសម្រេចចិត្ត ដើរចេញពីផលិតកម្ម សាន់ដេ ដោយពុំមានការស្តាយស្រណោះ ទីដែនកន្លែងចាស់ ធ្លាប់ជ្រកកោណអស់ជាង៦ឆ្នាំមកនេះ ឥឡូវហាក់ដូចជាកំពុងមានយឺអ៊ុនឡើង ជាបណ្តើរៗស្របពេល ដែលទស្សនិកជនអ្នកគាំទ្រ បានកំពុងតែទន្ទឹង រង់ចាំស្តាប់បទចម្រៀងថ្មី នៅក្នុងផលិតកម្មថ្មីរបស់លោក។
ជាមួយគ្នានេះ ទស្សនិកជនជាច្រើន កំពុងរង់ចាំមើលថា តើអតីតតារាចម្រៀងធ្លាប់ លេចឈ្មោះល្បី នៅផលិតកម្ម លោក ជុំ លីណូ អាចរក្សាបាន នូវប្រជាប្រិយភាព និងការគាំទ្រច្រើន ដូចមុនឬយ៉ាងណា? ខណៈដែលពេលនេះ លោកកំពុងឈរជើង ក្នុងផលិតកម្មថ្មី៕