CamNews

ព័ត៌មានជាតិ 

ករណីផ្ទុះអាវុធ លើកទី៣ ដើមឆ្នាំ២០១៥ បង្កឡើង ដោយជនជាតិខ្មែរម្តង សម្រាប់ខេត្តព្រះសីហនុ

ព្រះសីហនុ៖ ខេត្តព្រះសីហនុ ដែលជាទីក្រុងទេសចរណ៍ សំរាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្ត និងសម្រាប់អ្នកវិនិយោគ លើគ្រប់វិស័យបានមកវិនិយោគ យ៉ាងព្រោងព្រាត គួរឲ្យចាប់អារម្មណ៍នាពេលបច្ចុប្បន្ននេះ ។

ប៉ុន្តែទន្ទឹមនឹងនេះដែរ បញ្ហាអសន្តិសុខ ល្បែងស៊ីសង កន្ទុយលេខ បៀរអាប៉ោង ភ្នាល់បាល់ ជល់មាន់ គ្រឿងញៀនស្ទើរគ្រប់ទីកន្លែង ចំណែកជនជាតិបរទេស ដែល ស្នាក់នៅរយៈពេល វែងក្នុងខេត្ត ក៏លែងគោរពច្បាប់ ដោយបើកបរមិនគោរពច្បាប់ និងជាងនេះទៅទៀត បាននាំគ្នា បង្កើតបក្ខពួក ក្រុមបងតូចបងធំ ទារថ្លៃការពារ កន្លែងរកស៊ីផ្សេងៗជាដើម ជាក់ស្តែងកាលពី យប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ មានក្រុមបងធំជនជាតិរុស្ស៊ីមួយក្រុម បាននាំគ្នាធ្វើការ វាយប្រហារ និងបាញ់កាំភ្លើង ទៅលើបុគ្គលិកក្រុមហ៊ុនទេសចរណ៍ Lotus ដែលជាភ្នាក់ងារទេសចរណ៍ លក់សំបុត្រឲ្យក្រុមហ៊ុន kazaNtip បណ្តាលឲ្យរងរបួសធ្ងន់ ។ ចំណែកការបាញ់ ប្រហារលើកទី២ បង្កឡើងដោយជនជាតិបរទេស កាលពីយប់ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០១៥ មកដល់ពេលនេះ មិនទាន់ចាប់បានជនដៃដល់នៅឡើយ ។  

ការបាញ់បោះសេរី កំពុងត្រូវបានមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំង សម្រាប់ខេត្តព្រះសីហនុមួយនេះ ព្រោះវាបានធ្វើឲ្យប្រជាពលរដ្ឋ និងភ្ញៀវទេសចរនានា មានការភ័យខ្លាចជាខ្លាំង អំពីសុវត្ថិភាពផ្ទាល់ខ្លួនរបស់ពួកគេ ។ ប៉ុន្តែអ្វីដែលគួរឲ្យអស្ចារ្យ ទៅទៀតនោះ គឺកាលពីយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង ២៣និង៣០នាទី ខណៈដែលប្រជាពលរដ្ឋ និងភ្ញៀវទេសចរនានា បាននិងកំពុងសប្បាយរីករាយ ក្នុងការដើរទិញ ទំនិញផ្សេងៗ ក្នុងពិធីតាំងពិព័រណ៍មួយ រវាងប្រទេសកម្ពុជា និងប្រទេសថៃ នៅឆ្នេរអូរឈើទាល ស្រាប់តែមានករណីផ្ទុះអាវុធ បាញ់បោះសេរី លើកទី៣ ដែលបង្កឡើងដោយជនជាតិខ្មែរម្តង ។

តាមរយៈសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តព្រះសីហនុបានឲ្យដឹងថា៖ នៅចំណុចមុខ អាហារដ្ឋាន សួន សុបិន ស្ថិតក្នុងក្រុម៤ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ មានករណី ផ្ទុះអាវុធមួយ បន្ទាប់មកជនដៃដល់ បាននាំគ្នាបើករថយន្ត និងម៉ូតូគេចខ្លួនអស់ ក្រោយមក កម្លាំងជំនាញ ក៏បានឃាត់ខ្លួនជនសង្ស័យ ចំនួន៤នាក់ នៅចំណុចក្រុម១ ភូមិ១ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ខណៈដែលបំរុងបើករថយន្តចូលក្នុងផ្ទះ ក្នុងនោះមាន ឈ្មោះ ៖ ១.ផុន ប៊ុនថន ឋានន្តរសក្តិ អនុសេនីយ៍ឯក អត្តលេខ ២១១២៦២ កើតឆ្នាំ១៩៩០ នៅបញ្ជាការដ្ឋានអង្គរក្ស មានស្រុកកំណើតនិងទីលំនៅ ភូមិ៣ សង្កាត់លេខ៣ ក្រុងខេត្តព្រះសីហនុ ។ ២.ឈ្មោះ ឡុង ម៉ូស្គួ ភេទប្រុស អាយុ២៧ឆ្នាំ  មានស្រុកកំណើត និងទីលំនៅភូមិ១ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។ ៣.ឈ្មោះ ហង្ស ភក្តី ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ មានស្រុកកំណើត និងទីលំនៅភូមិ១ សង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។ ៤.ឈ្មោះ គីម ឆេង ភេទស្រី អាយុ២៣ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើត និងទីលំនៅភូមិ១ សង្កាត់លេខ១ ក្រុងខេត្តព្រះសីហនុ ។

វត្ថុតាងដកហូតមាន៖ អាវុធខ្លីម៉ាក ឡុកចិន ២ដើម លេខ៩០២២ និង៩២៣៦ និងគ្រាប់ឡុក ចំនួន១២គ្រាប់ និងគ្រាប់អេស្កាទូ ចំនួន៨០គ្រាប់ រថយន្តម៉ាកអ៊ីស៊ុយហ្ស៊ុយ ពណ៌ត្រេអ៊ី ពាក់ស្លាកលេខ ខ.ម ០២.២-៧៣៥០ ម៉ូតូ១គ្រឿង និងសម្ភារយុទ្ធភ័ណ្ឌមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យទាំងនេះ សមត្ថកិច្ចកំពុងសាកសួរចម្លើយបន្ត ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh