ភ្នំពេញ៖ លោក សាវិន ហ្វីលីប តារាសម្ដែង ជើងចាស់ បាត់មុខពីសិល្បៈ ច្រើនឆ្នាំមកហើយនោះ ថ្មីៗ នេះ បានប្រកាស ប្រឡូកក្នុងវិស័យ សិល្បៈវិញហើយ។ ការត្រឡប់ ចូលសិល្បៈជាថ្មីនេះ លោកកំពុងតែត្រៀមខ្លួន ថតរឿងខ្នាតធំមួយ ឲ្យជនជាតិបរទេស ជាក្រុម ដែលកំពុងតែវិនិយោគកុន ក្នុងប្រទេសកម្ពុជា។ ប៉ុន្តែពេលលោក ប្រកាសចូលសិល្បៈវិញ មិនបានប៉ុន្មានផង លោក សាវិន ហ្វីលីប បានឈានទៅព្រមាន បុរសម្នាក់ បន្ទាប់ពីបុរសរូបនោះ បានយកឈ្មោះ និង រូបថតរបស់លោក ទៅបង្កើត Account Facebook និង Email ក្លែងក្លាយ ធ្វើរឿងមិនល្អជាច្រើន ។
តារាសម្ដែងធ្លាប់ល្បីឈ្មោះ រូបនេះ បាននិយាយថា "ខ្ញុំនឹងចាត់ការតាមច្បាប់ ទៅលើគាត់ ប្រសិនបើគាត់ នៅមិនព្រមបញ្ឈប់សកម្មភាព តាមរករឿង និង ធ្វើសកម្មភាព បង្ខូចកេរ្តិ៍ឈ្មោះខ្ញុំទេនោះ ព្រោះខ្ញុំស្គាល់ហើយថា គាត់ជានរណា! ខ្ញុំបានអត់ធ្មត់យូរមកហើយ ទង្វើរបស់គេនោះ គឺប្រៀបបានទៅនឹង ស្វាស៊ីបាយ លាបមាត់ពពែ..គឺគេតាមព្យាបាទខ្ញុំ គេជាអ្នកប្រព្រឹត្ត តែខ្ញុំជាអ្នកទទួល ក្នុងផ្លូវមិនល្អ.."។
លោកបានឲ្យដឹងថា ជនដែលតាមរំខានលោកនោះ គឺជាអតីតកូនចៅរបស់លោក ក្នុងគ្រាដែលលោកធ្វើ ជាប្រធានចាត់ការទូទៅនៅ សណ្ឋាគារថ្នាក់ផ្កាយ ៤ នៅខេត្ត ព្រះសីហនុ។ ដូច្នេះហើយ នេះជាការព្រមាន ជំហានដំបូង ទៅកាន់ជននោះ ប្រសិនបើនៅតែ មិនព្រមបញ្ឈប់ លោកនឹងបញ្ចេញឈ្មោះ បញ្ចេញ អត្តសញ្ញាណបុរសនោះ ជាមួយនឹង ការចាត់វិធានការណ៍ ផ្លូវច្បាប់ ព្រោះលោកមានភស្តុតាង មួយចំនួន ក្នុងដៃរួចហើយ។
លោក សាវិន ភីលីប បានរៀបរាប់ពីដើមរឿងថា កាលឆ្នាំ ២០១២ គ្រាដែលលោកធ្វើជា នាយកចាត់ការទូទៅ ឲ្យសណ្ឋាគារលំដាប់ផ្កាយ ៤ ក្នុងខេត្តព្រះសីហនុ លោកបាន បណ្ដេញបុគ្គលិក ផ្នែកធនធានមនុស្សម្នាក់ ចេញពីការងារ ដោយសារតែបុគ្គលនោះ បានប្រព្រឹត្តខុសទៅនឹង បទបញ្ជាផ្ទៃ ក្នុងកន្លែងការងារ យ៉ាងធ្ងន់ធ្ងរ។
តាំងពីនោះមក អតីតកូនចៅ បុរសនោះ បានកើតជាគំនុំគំកួនជាមួយលោក និង បានតាមសងសឹក លោក តាមមធ្យោបាយជាច្រើន ក្នុងនោះដំបូងឡើយគេ បានបង្កើត Email ដោយប្រើអត្តសញ្ញាណរបស់លោក ហើយផ្ញើសារទៅជេរ បុគ្គលសំខាន់ៗ ធ្វើការក្នុងសណ្ឋាគារ ព្រមទាំងធ្វើសកម្មភាព អាក្រក់ មួយចំនួនទៀត ធ្វើយ៉ាងណាឲ្យ លោកខូចឈ្មោះ ។ ជាលទ្ធផល លោកក៏បង្ខំចិត្តដើរចេញពី តួនាទីអ្នកគ្រប់គ្រង សណ្ឋាគារថ្នាក់ផ្កាយ ៥ មួយ ហើយទៅធ្វើ នៅកន្លែងផ្សេងទៀត ប៉ុន្តែនៅតែត្រូវ អតីតកូនចៅរូបនោះ តាមរករឿងបង្ខូចទីផ្សារ ការងារលោកទៀត។
ប៉ុន្តែថ្មីៗនេះ ស្រាប់តែគេងាកមក តាមរករឿងលោកជាថ្មី ដោយបង្កើត Account Facebook ក្លែងក្លាយ ដាក់ឈ្មោះ និង រូបថតលោក ទៅដើររករឿង អ្នកដែលស្គាល់ លោកស្ទើរគ្រប់គ្នា។ ថ្មីៗនេះ បុរសនោះ ទើបប្រើគណនីក្លែងក្លាយដាក់រូបនោះ ទៅផ្ញើសារនិយាយពី ផ្លូវភេទ ជាមួយកូនស្រីសិល្បករ ជើងចាស់ម្នាក់ទៀត។
លោក ភីលីបលើកឡើងថា “គេបានទូរសព្ទសួរខ្ញុំថា បងភីលីព ម៉េចធ្វើអីចឹង ខ្ញុំប្រាប់ថា អត់ដឹងទេ! និយាយទៅ គឺគេតាមរករឿង ខ្ញុំមិនឈប់តែម្ដង!” ។ ទង្វើទាំងនេះត្រូវបាន តារាសម្ដែង សាវិន ហ្វីលីប បញ្ជាក់ថា ជាទង្វើស្វស៊ីបាយលាបមាត់ពពែ ហើយលោកក៏មិនដែល ឃើញមនុស្សអាក្រក់បែបនេះទេ។
លោកបន្ដថា នៅមានសកម្មភាព ជាច្រើន ដែលអតីតកូនចៅរូបនោះ បាននឹងកំពុងធ្វើឲ្យលោក ខូចឈ្មោះក្នុងសង្គម សិល្បៈទៀត ក្រោយដឹងថា លោកបានវិល ចូលសិល្បៈវិញ។ ដូច្នេះហើយ ទើបលោកនៅស្ងៀមទៀត លែងបាន គឺនឹងចាត់វិធានការភ្លាមៗ ប្រសិនបើគេមិនព្រមបញ្ឈប់នោះ។
សូមបញ្ជាក់ថា លោក សាវិន ហ្វីលីប បានទាត់ចោលគណនី Facebook ក្លែងក្លាយ ដោយប្រកាសថា Account Facebook របស់លោកមានតែមួយគត់ គឺ savin phillip(Real) ចំណែកខុសពីនេះ មិនមែនជារបស់លោកឡើយ។ តារាសម្ដែង សាវិន ហ្វីលីបចូលសិល្បៈវិញ កំពុងត្រៀមថត រឿង “ឆ្នាំវក ឬ The year of Monkey”នេះ គឺរឿងដែលមានខ្លឹមសារ អប់រំ និង មានឈុតឆាក សងសឹកគ្នាទៅវិញទៅមក ជាមួយគ្នានោះ ក៏មាន បញ្ចូលក្បាច់គុនល្បុកក្តតោ ។
ខណៈដែលកន្លងមក លោកធ្លាប់បានសម្ដែងរឿង ភ្នំទាបជាងស្មៅ, ថ្ងៃដែលរង់ចាំ, ជាតិស្រ្តី, មាសសុទ្ធ ជាដើម។ ការបាត់មុខ ពីពិភពសិល្បៈរបស់លោក ក៏ព្រោះតែលោកជាប់រវល់ នឹងការងារជាអ្នកគ្រប់គ្រង តាមសណ្ឋាគារ លំដាប់ផ្កាយមួយចំនួន ក្នុងប្រទេសកម្ពុជា ហើយបច្ចុប្បន្ន គឺជា ដៃគូពាណិជ្ជកម្ម ជាមួយក្រុមហ៊ុនធំមួយ របស់សហរដ្ឋអាមេរិក។
ការវិលចូលវិស័យសិល្បៈ សាជាថ្មីរបស់ តារាសម្ដែងរូបនេះ មិនមែនដោយសារតែដើម្បីប្រាក់ ឬចង់ល្បីឡើយ ត្បិតលោកមាន ការងារសមល្មម នឹងដែលអាចធ្វើឲ្យ ខ្លួនលោក និងក្រុមគ្រួសារ រស់ស្រួលហើយ មូលហេតុចម្បង គឺការស្រឡាញ់ ចូលចិត្ត ចង់លើកស្ទួយវិស័យ សិល្បៈខ្មែរ តែប៉ុណ្ណោះ៕