ភ្នំពេញ៖ យុវជន២នាក់ បានបើករថយន្ត មួយគ្រឿង ប្រដេញគ្នា ជ្រុលបុក រថយន្ត៤គ្រឿង ដែលចតស្ងៀម នៅមុខភោជនីយដ្ឋាន ជួបគ្នាសម្លាញ់ បណ្ដាលឲ្យ បុរសម្នាក់ ដែលជាសន្តិសុខ រយ៉ែរថយន្ត រងរបួសបាក់ជើង ទាំងសង ខាងចំណែករថយន្ត រងការខូចខាតយ៉ាងដំណំ។
ហេតុការណ៍ នេះបានកើតឡើង កាលពីវេលាម៉ោង២១និង១០នាទី យប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ នៅចំណុច មុខភោជនីយដ្ឋាន ជួបគ្នាសម្លាញ់ តាមបណ្ដោយផ្លូវលេខ ៣១៥ ស្ថិត ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទទួលគោក។
តាមសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញយុវជន២នាក់ បើករថយន្តរ៉េងរ៉ូវ៉ែរ មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2S-8669 ធ្វើដំណើរតាម បណ្ដោយផ្លូវលេខ៣១៥ ក្នុងទិសដៅ ពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន ដែលប្រដេញគ្នា ជាមួយរថយន្ត មិនស្គាលម៉ាកមួយគ្រឿងទៀត លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរ៉េចង្កូត ទៅបុកនិង រថយន្ត៤គ្រឿង មួយគ្រឿង ម៉ាកឡិចស៊ី LX470 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2S-0689 ទី២រថយន្តម៉ាកឡិចស៊ី LX470 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2L-9213 ទី៣ រថយន្តម៉ាកកូរូឡា ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2K-6559 និងមួយគ្រឿងទៀត ហាយឡែនឌ័រ ដែលចតស្ងាមនៅតាមដងផ្លូវ មុខភោជនីយ៍ដ្ឋាន ជួបគ្នាសម្លាញ់ រុញជាប់គ្នា និងបណ្ដាលឲ្យ អ្នករយ៉ែរថយន្ត រងរបួសបាក់ជើង ទាំងសងខាង ត្រូវបានរថយន្តដឹកទៅសង្គ្រោះភ្លាម ចំណែកទាំង៥គ្រឿង រងការខូចខាត យ៉ាងដំណំ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ចំណុច កើតហេតុ និងវាស់វែងយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ ជើងគោក ដើម្បីរង់ចាំដោះស្រាយ តាមច្បាប់៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល