ឧត្តរមានជ័យ ៖ ក្មេងប្រុសម្នាក់ បានស្លាប់បាត់បង់ជីវិត និងនារីវ័យជំទង់ម្នាក់ទៀត កំពុងបាត់ខ្លួន ដោយ សារទឹកហូរបុកធ្លាក់ជ្រោះ កាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤ នៅក្បាលជ្រោះអូរស្វាយ ស្ថិតក្នុង ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ។
អធិការនគរបាល ស្រុកត្រពាំងប្រាសាទ លោកវរសេនីយ៍ត្រី ប៊ី ប៉េងងួន បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅល្ងាចថ្ងៃទី១៨ ខែកញ្ញានេះថា កាលពីល្ងាចម្សិលមិញ ក្មេងៗមួយ ក្រុម បន្ទាប់ពីពួកគេនាំគ្នា ទៅកាន់បិណ្ឌនៅវត្តពពេល បាននាំគ្នាទៅលេងទឹកជ្រោះ។ ខណៈដែលពួក គេកំពុងលេងនោះ ស្រាប់ទឹកធ្លាក់ពីលើខ្លាំងបុកក្មេងៗ៤នាក់ ទម្លាក់ទៅក្នុងជ្រោះ តែក្មេងៗជំទង់២នាក់ ត្រូវបានជួយសង្រ្គោះភ្លាមៗ រីឯ២នាក់ទៀតធ្លាក់ ទៅក្នុងទឹកជ្រោះបាត់តែម្តង ។
បើតាមលោកវរសេនីយ៍ត្រី ប៊ី ប៉េងងួន រហូតដល់ព្រឹកថ្ងៃទី១៨ ខែកញ្ញា សពក្មេងប្រុសម្នាក់ ត្រូវបាន សមត្ថកិច្ចរកឃើញ និងប្រគល់ឲ្យក្រុមគ្រួសារយក ទៅធ្វើបុណ្យតាមប្រពៃណី ។
ក្មេងប្រុស ដែលស្លាប់បាត់ជីវិតនេះមានឈ្មោះ សាវ៉ាត អាយុ ៧ឆ្នាំ។ រីឯនារី ដែលកំពុងបាត់ខ្លួន មាន ឈ្មោះ ហឿ ចរិយា អាយុ ១៤ឆ្នាំ ។ ដោយឡែកជនរងគ្រោះ ដែលត្រូវបានសមត្ថកិច្ចជួយទាន់ពេល វេលានោះមានឈ្មោះហឿ សុយាត្រា ភេទស្រី អាយុ ២៤ឆ្នាំ របួសធ្ងន់ និងឈ្មោះ មួក សាវឿន ភេទ ប្រុស អាយុ ២៨ឆ្នាំរបួសស្រាល ។ រហូតដល់ល្ងាចថ្ងៃទី១៨ ខែកញ្ញា កម្លាំងសមត្ថកិច្ច កំពុងបន្តរុករក ជនរងគ្រោះឈ្មោះ ហឿ ចរិយា ។
បើតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅកន្លែងកើតហេតុនោះ មិនទាន់អនុញ្ញាត ឲ្យប្រជាពលរដ្ឋ ណាទៅលេងកម្សាន្តនោះទេ ព្រោះមិនទាន់មានការរៀបចំឲ្យមានសុវត្ថិភាព។ ក្រោយកើតហេតុ កម្លាំង សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដាក់ស្លាកហាមឃាត់ មិនឲ្យប្រជាពលរដ្ឋចូលទៅលេងកម្សាន្តនោះទេ៕