-មន្ត្រីអាជ្ញាធរអប្សរា ទម្លាក់កំហុសលើ នគរបាលបេតិកភណ្ឌ
សៀមរាប ៖ អាជ្ញាធរអប្សរា បានរងនូវការចោទប្រកាន់ថា លួចដោះលែងស្ត្រីភ្ញៀវទេសចរ ជនជាតិ New Zealand ម្នាក់ ក្រោយឃាត់ខ្លួនពាក់ព័ន្ធ ការវាយបំផ្លាញរូបព្រះបដិមា នៅក្នុងប្រាសាទបាយ័ន កាលពីយប់ថ្ងៃទី ១០ ខែតុលា ឆ្នាំ២០១៤ កន្លងទៅ ប៉ុន្តែរឿងរ៉ាវមួយនេះ ត្រូវបានលាក់ជិត ទើបបែកធ្លាយនាំឲ្យមានការរិះគន់ និងស្តីបន្ទោសនូវទង្វើមួយនេះ ។
យោងតាមអ្នកដឹងរឿងរ៉ាវ បានឲ្យដឹងថា មានស្រី្តជនជាតិ New Zealand ម្នាក់ក្នុងនាមជាភ្ញៀវទេសចរទៅ លេងនៅខេត្តសៀមរាប បានលួចទៅពូនសម្ងំនៅក្នុងប្រាសាទបាយ័ន រហូតដល់ម៉ោង ១២យប់ ថ្ងៃទី១០ ខែ តុលា ឆ្នាំ២០១៤ ហើយបានវាយបំផ្លាញរូបព្រះបដិមា នៅក្នុងប្រាសាទមួយនេះ បណ្តាលឲ្យរងការខូចខាត ។
ក្រោយមានករណីខាងលើនេះ កើតឡើង ស្ត្រីបរទេសរូបនេះ ត្រូវបានឃាត់ខ្លួន ប៉ុន្តែអាជ្ញាធរអប្សរា និងមន្ត្រី ពាក់ព័ន្ធពុំមានវិធានការទៅតាមផ្លូវច្បាប់នោះឡើយ ផ្ទុយទៅវិញបានដោះលែងឲ្យមានសេរីភាព ។ ស្ត្រីជនជាតិ បរទេសរូបនេះ បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃបាត់ហើយ រហូតមកដល់ព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៤ នេះ ។
ជុំវិញការចោទប្រកាន់ទៅលើអាជ្ញាធរ អប្សរា ថាបានលួចដោះលែងស្ត្រីបរទេសវាយបំផ្លាញរូបព្រះបដិមានៅ ក្នុងប្រាសាទបាយ័ននោះ ត្រូវបានមន្ត្រីនៃអង្គភាពមួយនេះទម្លាក់កំហុសទៅលើ ក្រុមនគរបាលការពារសម្បត្តិ បេតិកភណ្ឌទៅវិញ ។
ប្រជាពលរដ្ឋ និងមជ្ឈដ្ឋានមួយចំនួន នៅខេត្តសៀមរាប ទទូចឲ្យថ្នាក់ដឹកនាំ និងមន្ត្រីពាក់ព័ន្ធចុះស្រាវជ្រាវ និង ធ្វើការស៊ើបឡើងវិញចំពោះករណីខាងលើនេះ មិនគួរណាដោះលែង ស្ត្រីបរទេសរូបនោះ បើទោះបីដឹងថា បាន វាយបំផ្លិចបំផ្លាញរូបព្រះបដិមា នៅក្នុងប្រាសាទបាយ័ន។ ពុំមានការបញ្ជាក់ពីមូលហេតុ ដែលនាំឲ្យភ្ញៀវបរទេស រូបនេះប្រព្រឹត្តសកម្មភាពនេះឡើយ ៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល