ភ្នំពេញ៖ ថ្មីៗនេះ ប្រភពគួរឲ្យទុកចិត្តមួយ បានបង្ហើបប្រាប់ LookingTODAY ឲ្យដឹងថា ស្រីស្រស់សម្ដីស្រទន់ សុគន្ធ និសា ដោយសារតែ ប្រឹងប្រែងច្រៀង និងសម្ដែងទាំងយប់ ទាំងថ្ងៃពេក នាងបានធ្លាក់ខ្លួនឈឺ ។ ប៉ុន្តែមិនមែនឈឺធ្ងន់ធ្ងរអ្វីទេ គ្រាន់តែបញ្ហាសុខភាព ចុះខ្សោយបន្តិចបន្តួច ព្រោះនាងនឿយហត់ ខ្លាំងពេក មិនបានសម្រាកគ្រប់គ្រាន់ ខណៈពេញមួយខែប្រាំងនេះ ក្នុងកាលវិភាគ ប្រចាំថ្ងៃរបស់នាង គ្មានពេលសម្រាកទេ បើមិនចុះខេត្ត ក៏កម្មវិធីផ្សេងៗ ដែរ។
ថ្វីត្បិតតែ សុគន្ធ និសា រងនូវពាក្យចចាមអារ៉ាម មិនឈប់ឈរ ក៏នាងនៅតែប្រឹងប្រែងជានិច្ច ទោះឈឺទោះជា ពោលគឺមិនបោះបង់ចោលការងារឡើយ ពិតជានារីគួរឲ្យសរសើរមែន។ សុគន្ធ និសា ប្រឹងប្រែងក្នុងអាជីពច្រៀងនេះខ្លាំង ព្រោះជាក្ដីស្រមៃរបស់នាង។ ម្យ៉ាងអាជីពចម្រៀងនេះហើយ ដែលនាំឲ្យនាងមានជីវភាពធូរធា នឹងបើកជាអាជីវកម្មផ្សេងៗទៀតបាន ព្រោះគ្រាន់តែចេញក្រៅប្រទេសម្ដងៗ បានរាប់ពាន់រាប់ម៉ឺន ដុល្លារឯណោះ សម្រាប់ធ្វើដើមទុន ។
តារាចម្រៀងល្បីល្បាញ សុគន្ធ និសា ក្រោយពីចាកចេញពីទ្រនំ ដ៏ស្កឹមស្កៃ ហង្សមាស នាងហាក់ប្រឹងប្រែងស្ដារកេរ្តិ៍ឈ្មោះឡើងវិញ ព្រោះត្រូវបាត់បង់ បង្អែកដ៏រឹងមាំមួយ ហើយត្រូវរឹងមាំដោយខ្លួនឯង ទោះជាត្រូវរងព្យុះរងភ្លៀង ត្រូវដើរកាត់រលក នៃពាក្យចចាមអារ៉ាមស្នេហា ក៏ត្រូវតែក្រាញននាលតស៊ូ អត់ធ្មត់សង្កត់ចិត្ត តាំងស្មារតី ដើរទៅមុខជានិច្ចដែរ។
ជាលទ្ធផល អ្វីដែលគេសង្កេតឃើញថា នាង សុគន្ធ និសា ប្រឹងប្រែងនេះ មិនខុសបំណងទេ ព្រោះកេរ្តិ៍ឈ្មោះ ត្រូវបានកើនឡើងជាលំដាប់ ទោះមិនទាន់ស្មើតារាចម្រៀង ឱក សុគន្ធកញ្ញា អតីតតារាចម្រៀងរួមទ្រនំជាមួយគ្នា ប៉ុន្តែនាងនៅតែ ជាតារាចម្រៀង និងតារាផ្សព្វផ្សាយពាណិជ្ជកម្ម ដ៏មានប្រជាប្រិយភាពដដែល ។ ស្ពតពាណិជ្ជកម្មធំៗ នៅតែត្រូវការ សុគន្ធ និសា ផ្ទុយពីនាង ឱក សុគន្ធកញ្ញា ដែលកំពុងតែរបូតពាណិជ្ជកម្មធំៗមួយចំនួន ចេញពីដៃបណ្ដើរៗហើយ ៕