ព្រះសីហនុ៖ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្តព្រះសីហនុ សហការជាមួយ នគរបាល មូលដ្ឋានក្រុងព្រះសីហនុ កាលពីវេលា ម៉ោង១០ យប់ ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០១៥ បានចុះទៅជួយអន្តរាគមន៍ភ្លាមៗ និង ធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ដែលជាប់ពាក់ព័ន្ធ និងសកម្មភាព បង្កអំពើហិង្សា ដោយដេញវាយ និងដេញកាប់ ជនរងគ្រោះ បណ្តាលរងរបួសចំនួន២នាក់ ក្រោយពីឈ្លោះប្រកែគ្នា ខណៈកំពុងច្រៀង នៅក្នុងហាងខារ៉ាអូខេ វិបុលសំណាង។
លោក កុល ផល្លី ស្នងការរង នគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោយពី មានអំពើហិង្សា កើតឡើងនៅក្នុងខាង ខារ៉ាអូខេ វិបុលសំណាង ស្ថិតនៅក្រុម១៧ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្ត ព្រះសីហនុ កម្លាំងនគរបាលរបស់លោកថ្នាក់ជំនាញ និងកម្លាំង នគរបាល មូលដ្ឋាន ដោយមានការបញ្ជាពីសំណាក់ស្នងការ នគរបាល ខេត្តលោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានចុះទៅជួយ អន្តរាគមន៍ភ្លាមៗ ហើយធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៤នាក់ ព្រមទាំងដកហូទកាំបិតប៉័ងតោងចំនួន១ ខណៈជនរងគ្រោះ ទាំង២នាក់ ត្រូវបានដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ។
បើតាមលោក កុល ផល្លី មូលហេតុដែលនាំពួកគេ ឈ្លោះប្រកែកគ្នា និងឈានទៅដល់ការដេញកាប់គ្នា យ៉ាងអាណា ធិបតេយ្យនោះ គឺបណ្តាលមកភាពស្រវឹង និងឈ្លោះប្រកែកគ្នា យ៉ាងខ្លាំង។ បើតាមលោកស្នងការរង នគរបាលរូបនេះ ជនសង្ស័យទី១ឈ្មោះ ធន វ៉ាន់នី អាយុ២១ឆ្នាំ មុខរបរជាងឡាន ទី២ ឈ្មោះ វ៉ាន់ បញ្ញា អាយុ២៤ឆ្នាំ មុខរបរជាងឡាន ទី៣ ឈ្មោះ ឌឹម គឹមស្រ៊ាន់ អាយុ២០ឆ្នាំ មុខរបរជាងឡាន និងទី៤ឈ្មោះ យែម តៃហ៊ន អាយុ ២៣ឆ្នាំ មុខរបរជាងឡាន ដែលជនសង្ស័យទាំង៤នាក់ មានទីលំនៅ ក្រុមទី១១ភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ។
ដោយឡែក ជនរងគ្រោះចំនួន២នាក់ រួមមានទី១ឈ្មោះ គង់ សំណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកស្រាបៀរអង្គរ (របួសក្បាល) និងទី២ឈ្មោះ ផាន់ តុលា ភេទប្រុស អាយុ២៤ឆ្នាំ កំពុងសំរាកនៅមន្ទីពេទ្យបង្អែក ខេត្តព្រះសីហនុ។ ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង៤នាក់ ត្រូវបានបញ្ជូន ទៅសាលាដំបូង ខេត្តព្រះសីហនុ ដើម្បីចាត់ ការបន្តទៀត តាមផ្លូវច្បាប់៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល