(កោះកុង)៖ ផ្សារកោះកុងថ្មី ដែលវិនិយោគដោយវិនិយោគិនខ្មែរ បានបើកសម្ពោធជាផ្លូវការ នៅព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៥នេះ ជាមួយនឹងតូបលក់ដូរប្រមាណ ២៧៤តូប ដើម្បីអភិវឌ្ឍពាណិជ្ជកម្ម ក្នុងតំបន់ និងព្រំដែនកម្ពុជាថៃ។ ពិធីសម្ពោធផ្សារថ្មីនេះ ត្រូវបានធ្វើឡើងក្រោមការចូលរួមពីសំណាក់ លោក ប៊ុន លើត អភិបាលខេត្តកោះកុង រួមទាំងអាជីវករ ពាណិជ្ជករ ជាច្រើនរូប។
លោក ហង្ស តារា ប្រធានគ្រប់គ្រងផ្សារកោះកុងថ្មី បានថ្លែងនៅក្នុងពិធីសម្ពោធផ្សារនេះថា ការបើកដំណើរការផ្សារនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីពិនិត្យឃើញពី ភាពរីកចំរើនរបស់ខេត្តកោះកុងដែលជាខេត្តជាប់ព្រំដែនថៃ ទាំងឧស្សាហកម្ម សិប្បកម្ម ពាណិជ្ជកម្ម និងសេវាកម្មផ្សេងៗ ហេតុដូច្នេះហើយគំនិតបង្កើត ផ្សារកោះកុងថ្មីនេះ គឺដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍខេត្ត និងជួយសម្រួលដល់អាជីវករដែលខ្វះកន្លែងលក់ដូរ ទទួលបានរបរចិញ្ចឹមជីវិត ។
ផ្សារកោះកុងថ្មីនេះ មានតូបចំនួន២៧៤តូប ក្នុងនោះមានតូបលក់របស់របរចំនួន៣៧តូប តូបលក់សម្លៀកបំពាក់៣៤តូប តូបលក់ចាបហួយ៤៨តូប តូបលក់អង្ករ១៦តូប តូបលក់ផ្លែឈើនិងបន្លែ៥៨តូប តូបលក់គ្រឿងសមុទ្រ និងសាច់ជ្រូក៦៥តូប និងតូបលក់ចំណីអាហារចំនួន១៦តូប។ ផ្សារកោះកុងថ្មីបានចាប់ផ្តើមសាងសង់ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ និងបានបញ្ចប់រួចរាល់ជាស្ថាពរ។
លោក ប៊ុន លើត អភិបាលខេត្តកោះកុង ក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ម្ចាស់ផ្សារកោះកុងថ្មីនេះ រហូតដល់ផ្សារនេះ បានលេចចេញជារូបរាងផងដែរ។
សូមជំរាបថា នៅក្នុងឱកាសសម្ពោធផ្សារកោះកុងថ្មី ក្រុមហ៊ុនបានប្រកាសឱ្យអាជីវករទាងអស់ដែលខ្វះកន្លែងលក់ដូរ ជាពិសេសអ្នកលក់ត្រី បន្លែ និងសាច់ ចូលទៅលក់ដូរ នៅក្នុងផ្សារកោះកុងថ្មីនេះ ដោយមិនតម្រូវឱ្យបង់ប្រាក់រយៈពេល១ឆ្នាំផងដែរ៕











ផ្ដល់សិទ្ធដោយ៖ ហ្វ្រេសញ៉ូវអាស៊ី