ក្រុមគ្រូពេទ្យ មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលអ្នកជម្ងឺម្នាក់ នៅតែអាចដេញហ្គីតា បាន ក្នុង ពេលគាត់កំពុងទទួលការវះកាត់ខួរក្បាល។ ថ្វីបើជារឿងដែលបានកើតឡើងពីយូរមកហើយ
ប៉ុន្ដែ វាពិតជាចម្លែក។
មន្ទីរពេទ្យមួយ នៅ Los Angeles បានក្លាយជាកន្លែងដំបូងក្នុងពិភពលោក ដែលអនុញ្ញាតឱ្យ
អ្នកជម្ងឺលេងហ្គីតា ក្នុងពេលកំពុងធ្វើការវះកាត់ព្យាបាលជម្ងឺ។
មន្ទីរពេទ្យខាងលើ បានធ្វើការផ្សាយបន្តផ្ទាល់ អំពីដំណើរការនៃការវះកាត់នេះ ហើយបានចែក
រំលែក វីដេអូ នៅលើបណ្ដាញសង្គម Twitter កាលពីពេលកន្លង។ បន្ទាប់ពីបានទស្សនាវិដេអូ
នេះ ក្រុមអ្នកលេងអ៊ីនធឺរណែត មានការភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹងសមត្ថភាពលេងហ្គីតា ក្នុង ពេលទទួលការវះកាត់ខួរក្បាលបែបនេះ។
លោក Brad Carter អាយុ ៣៩ឆ្នាំ ត្រូវបានគេថតយកសកម្មភាពរីករាយ ក្នុងការលេងហ្គីតា
ខណៈក្រុមគ្រូពេទ្យនៅមន្ទីរព្យាបាល UCLA កំពុងវះកាត់បំពាក់ឧបករណ៍ទៅក្នុងខួរក្បាល ដើម្បី ជួយទប់ទល់ទៅនឹងផលប៉ះពាល់របស់ជម្ងឺ Parkinson របស់គាត់។
កាលពីឆ្នាំ ២០០៦ លោក Brad Carter ត្រូវបានរកឃើញថា មានជម្ងឺ Parkinson បន្ទាប់ពីគាត់
មានអាការៈញ័រដៃ។ ជម្ងឺនេះ បានធ្វើឱ្យគាត់បាត់បង់សមត្ថភាពលេងហ្គីតា។ មួយរយៈពេល
ក្រោយមក គាត់ក៏សម្រេចចិត្ត ឱ្យគ្រូពេទ្យវះកាត់ខួរក្បាល ដើម្បីព្យាបាលជម្ងឺនេះ។
ក្នុងពេលវះកាត់ Brad Carter ត្រូវបានគ្រូពេទ្យធ្វើឱ្យដឹងខ្លួនមួយរយៈពេលខ្លី និងស្នើឱ្យលេង
ហ្គីតា ដើម្បីអនុញ្ញាតឱ្យគ្រូពេទ្យ ដាក់ឧបករណ៍ជំនួយនោះ ចំទីតាំង ក្នុងខួរក្បាល។ ក្នុងកិច្ច
សម្ភាសមួយ លោក Carter ថ្លែងថា ពិតជាមានការសប្បាយរីករាយ ដោយសារតែបន្ទាប់ពីវះ
កាត់ខួរក្បាល គាត់អាចលេងហ្គីតា បានដូចមុន។
វីដេអូនេះ ត្រូវបានគេថតឡើង ក្នុងឱកាសខួបទី ៥០០ ដែលមន្ទីរពេទ្យនេះ បានធ្វើការវះកាត់
បែបដូច្នេះ។ តំណាងរបស់មន្ទីរពេទ្យ UCLA ឱ្យដឹងថា វិដេអូលេងហ្គីតា និងច្រៀង ក្នុងពេល
វះកាត់នេះ ត្រូវបានអនុវត្តឡើង ដោយមានការតាមដានពីវេជ្ជបណ្ឌិត Nader Pouratian ដោយ
សង្ឃឹមថា វានឹងជួយកាត់បន្ថយការភ័យខ្លាចរបស់អ្នកជម្ងឺដទៃ ដែលអាចនឹងទទួលការវះកាត់
បែបនេះ នៅពេលអនាគត៕
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Daily Mail/Youtube