CamNews

តារា 

អិន លក្ខិណា សង្សារ អាមេរិក គ្រោងចូល ដណ្តឹង

ភ្នំពេញ៖ តារាសម្តែង និងជាពិធីការិនី ថ្ពាល់ខួចធ្មេញជំពើស នាង អ៉ិន លក្ខិណា បន្ទាប់ពីផ្តាច់ ទំនាក់ទំនង ស្នេហា ជាមួយលោក ដេវិដ ឆាណាយវ៉ា រួចមក ក៏លេចឮថា នាងមានស្នេហាថ្មី ជា បន្តបន្ទាប់បណ្ដាក់គ្នាដូចខ្យង។ ប៉ុន្តែដំណឹង ទាំងនោះត្រូវបាននាងបដិសេធ និងច្រានចោល ក្រោមហេតុផលថា បេះដូងនាងនៅទំនេរស្អាត គ្មានជំពាក់រឿងស្នេហា ស្នេហ៍ហឺត អ្វីទៀតទេ។

ស្របពេលដំណឹង ស្នេហាថ្មីរបស់នាង អ៉ិន លក្ខិណា ទើបស្ងប់ស្ងាត់ មួយរយៈពេលខ្លី តែថ្មីៗនេះ ស្រាប់តែលេចធ្លាយ ដំណឹងមកថា លក្ខិណា កំពុងតែសង្ងំ លួចសាងស្នេហ៍ស្ងាត់ៗ ជាមួយបុរស អាណិជន ខ្មែរសម្បូរទ្រព្យ រស់ នៅឯនាយ សមុទ្រ មានវ័យប្រមាណ៤០ឆ្នាំប្លាយ។ លើសពីនេះ បុរសម្នាក់នោះ ហាក់កំពុង យកចិត្តទុក្ខ ដាក់ខ្លាំង លើការទំនុកបំរុង ដល់ជីវភាពប្រចាំថ្ងៃ របស់ នាង លើការចាយវាយផ្សេងៗ។

យោងតាមប្រភព នៅកៀកកិតតារាស្រី ធ្លាប់មានឈ្មោះល្បីគួរសម ក្នុងពិភពសិល្បៈ នាង អ៉ិន លក្ខិណា បានបង្ហើបប្រាប់ថា ចំណងស្នេហា អាថ៌កំបាំង រវាង អ៊ិន លក្ខិណា ជាមួយនឹងបុរស គូស្នេហ៍ រស់នៅអាមេរិក ពេលនេះ កំពុងតែ ឈានដល់ ដំណាក់កាល នៃការសាងជីវិតសុភមង្គល នាពេលដ៏ខ្លីខាងមុខ។ មិនត្រឹមតែប៉ុណ្ណោះ ប្រភពបានទម្លាយ មកថា អ៊ិន លក្ខិណា គ្រោងរៀបចំ ពិធី ភ្ជាប់ពាក្យជាផ្លូវការ ក្នុងអំឡុងរដូវរងា ចុងឆ្នាំ២០១៤ ខាងមុខនេះ។

ប្រភពដដែល បាននិយាយបន្តថា សម្រាប់ពិធីភ្ជាប់ពាក្យ របស់តារាសម្តែងថ្ពាល់ខួច ឡុងចុង ស្នេហ៍ញឹកញាប់ អ៊ិន លក្ខិណា អាចមិនធ្វើ ដោយបើកចំហរនោះទេ គឺគ្រាន់តែធ្វើឡើង ដោយមាន ការចូលរួម ដឹងឮពីចាស់ទុំ ទាំងសងខាង ប៉ុណ្ណោះ។ រួចហើយគូស្នេហ៍ ទាំងពីរ បំពាក់ចិញ្ចៀន បញ្ចាំចិត្ត ឲ្យគ្នាទៅវិញទៅមក ដើម្បីតំណាង ជាសក្ខីភាព ឆ្ពោះទៅថ្ងៃ រៀបមង្គលការ។

ប្រភពបានបន្ថែមថា បច្ចុប្បន្នអ្នកទាំងពីរ បានទាក់ទងគ្នា ជាប្រចាំតាមរយៈការឆ្លើយឆ្លងគ្នា តាម ទូរស័ព្ទ និងការប្រើ ប្រាស់ ប្រព័ន្ធ ទំនាក់ទំនង សង្គមហ្វេសប៊ុក ព្រមទាំងស្កាយ(Skype) ជាដើម។ បុរសដែលមានទំនាក់ ទំនងស្នេហាជាមួយ អ៊ិន លក្ខិណា ត្រូវបានប្រភពបញ្ជាក់ថា ធ្លាប់ចុះឡើង ស្រុកខ្មែរ ហើយបានជួបគ្នា ដោយចៃដន្យ ជាមួយ កល្ខិណា រហូតដាក់ ការស្រឡាញ់ខ្លាំង មក លើរូបនាង ក្រោយបែកស្នេហ៍ ពីនាយ ដេវិដ ឆាណាយវ៉ា ដែលមានរឿង អាស្រូវ វាយអ្នក កាសែត។

នៅរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៤នេះ គេហទំព័រ LookingTODAY បានព្យាយាមទាក់ទង ដើម្បីសុំការបំភ្លឺពីសំណាក់ កញ្ញា អ៉ិន លក្ខិណា តាមទូរស័ព្ទ ប៉ុន្តែលេខដែល នាងធ្លាប់ប្រើ មិន អាចទំនាក់ទំនង បានទេ នៅពេលនេះ៕


ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actress khmer star in leakhena