ភ្នំពេញ ៖ ជនសង្ស័យពីរនាក់ បានធ្វើសកម្មភាពលួចកាច់ក ម៉ូតូ១គ្រឿង បានសម្រេចជិះគេចខ្លួនដោយ ម្ចាស់គេឃើញទាន់ ដេញតាមប្រផិតប្រផីង បានបន្តិច ម៉ូតូដែលកាច់សោរបាននោះអស់សាំង ក៏ផ្តួល ចោលរត់ឡើងជិះម៉ូតូបក្ខពួករបស់គេ ក៏រ៉េចង្កូតចូលរថយន្តកុងតឺន័រកិនខ្ទេច ។ ហេតុការណ៍នេះ កើត ឡើងកាលពីវេលាម៉ោង ២ និង៤៥នាទីរសៀល ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយ ផ្លូវជាតិលេខ៤ ក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
អ្នកឃើញហេតុការណ៍ នៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុ មានជនសង្ស័យពីរនាក់ជិះម៉ូតូ២គ្រឿង ក្នុងទិសដៅពីលិចទៅកើត ដោយមានម្ចាស់ម៉ូតូរួមនឹងអ្នកជិតខាង បានជិះម៉ូតូដេញតាម ពីក្រោយស្រែកថា ចោរៗ រំពេចនោះស្រាប់តែជនសង្ស័យ ផ្តួលម៉ូតូចោលរួចហើយរត់ឡើងជិះម៉ូតូរបស់ បក្ខពួកគេ ខណៈរត់ឡើងជិះនោះ ក៏រ៉េចង្កូតទៅចូលរថយន្តកុងតឺន័រ ដែលបើកបញ្រ្ចាសទិសគ្នា ចូល ក្រោមកុងតឺន័រ បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ភ្លាមៗជនសង្ស័យក៏បានរត់គេចខ្លួនបាត់អស់ ។ ប៉ុន្តែ អ្នកបើកបររថយន្តកុងតឺន័រ ក៏បានរត់គេចខ្លួនបាត់អស់ដែរ ។
ប្រភពដដែលបានបន្តថា ជាមួយគ្នានោះដែរ ម្ចាស់ម៉ូតូដែលដេញតាមពីក្រោយនោះ បានអះអាថា ម៉ូតូ របស់ខ្លួនម៉ាកសេ ១២៥ ពណ៌ខ្មៅបិទស្គុតពណ៌ខៀវ ស៊េរីឆ្នាំ២០១៤ ពាក់ស្លាកលេខកំពង់ស្ពឺ 1C-4979 ។ បុរសរងគ្រោះបានអះអាងបន្តថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមកចត នៅក្បែរតារាងបាល់ ម្តុំសួនមនោរម្យ២ ហើយបានបិទសាំងម៉ូតូ បន្តិចក្រោយមកក៏ត្រូវជនសង្ស័យធ្វើសកម្មភាពកាច់សោ ករួច ហើយជិះគេចខ្លួន ទើបក្រឡេកឃើញទាន់នាំគ្នាដេញតាមក្រោយ លុះពេលអស់សាំង ជនសង្ស័យ បានផ្តួលម៉ូតូចោល រត់ឡើងជិះម៉ូតូបក្ខពួករបស់គេ ក៏រ៉េចង្កូតចូលទៅកុងតឺន័រ កិនខ្ទេចតែម្តងទៅ ។
នគរបាលដែលចុះទៅអន្តរាគមន៍ បានឲ្យដឹងដែរថា ម៉ូតូជនសង្ស័យម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ឆ្នាំ ២០១១ ពាក់ស្លាកលេខភ្នំពេញ 1CQ-2117 ជនសង្ស័យទាំង២នាក់ កំពុងតែរត់គេចខ្លួន ។ ចំណែកឯ រថយន្តកុងតឺន័រវិញម៉ាក VOLVO ពណ៌ខៀវសណ្តោងរឺម៉ក ពាក់ស្លាកលេខ ក-3920 ភព៣ អ្នកបើកបរ ក៏ពុំត្រូវបានគេស្គាល់ឈ្មោះនោះដែរ។ ចំណែកឯម្ចាស់ម៉ូតូរងគ្រោះពុំបានបញ្ជាក់ពីអត្តសញ្ញាណនោះទេ រួចហើយក៏ជិះម៉ូតូត្រឡប់ទៅផ្ទះវិញបាត់ ៕