ភ្នំពេញ៖ ប្រធានគណៈកម្មការទី២ នៃរដ្ឋសភា (គណៈកម្មការ សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម) លោក ជាម យៀប បានថ្លែងឲ្យដឹងថា សម្រាប់ការចំណាយថវិកាជាតិ នៅក្នុងឆ្នាំ២០១៦ខាងមុខនេះ មានក្រសួង ១០កំពុងស្ថិតនៅក្នុង អាទិភាពលើការចំណាយនេះ។
លោក ជាម យៀប បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ ពិនិត្យ ពិភាក្សាលើសេចក្តី ព្រាងច្បាប់ ទូទាត់ថវិកា បស់សភាសម្រាប់គ្រប់គ្រង ថវិកាឆ្នាំ២០១៣ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ នាវិមានរដ្ឋសភាថា “ ខ្ញុំសូមជំរាបថា មានក្រសួង ១០ដែលជាក្រសួង មានអាទិភាព។ យើងចង់ធ្វើយ៉ាងណា ឲ្យមានកំណែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល រៀបចំឲ្យក្រសួងមានអាទិភាព ក្នុងការចំណាយ ឲ្យស្របតាមអ្វី ដែលជាផែនការ របស់រាជរដ្ឋាភិបាល ហើយដើម្បីបម្រើប្រជាជន ទៅតាមតម្រូវការ របស់ប្រជាជន តាមមូលដ្ឋាន ក្នុងពេលបច្ចុប្បន្ននេះ”។
លោកប្រធានគណៈកម្មការទី២ នៃរដ្ឋសភាបានបន្តថា ក្រសួងដែលមានអាទិភាពនោះ រួមមាន៖ ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសុខាភិបាល , ក្រសួងអភិវឌ្ឍន៍ជនបទ, ក្រសួងកិច្ចការនារី, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និងបណ្ដាក្រសួងសំខាន់ៗមួយចំនួនទៀត ដែលរាជរដ្ឋាភិបាល ចាត់ទុក ថាជាក្រសួងសំខាន់ ក្នុងការគ្រប់គ្រង ជីវភាពរស់នៅ របស់សង្គម ក៏ដូចជាអ្វីផ្សេងទៀត ដែលជាផែនការយុទ្ធសាស្រ្ត ចតុកោណជំហានទី៣ ត្រូវការចំបាច់។
លោកក៏បានបន្ថែមផងដែរថា កញ្ចប់ថវិកាសម្រាប់ ចំណាយក្នុងឆ្នាំ ២០១៦ នៅមិនទាន់មានទេ ដោយគ្រាន់តែ មានមូលដ្ឋានមួយចំនួន សម្រាប់រៀបចំធ្វើផែនការ ចំណាយនៅឆ្នាំ ២០១៦តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការចំណាយថវិកាជាតិ នៅឆ្នាំ២០១៥នេះ មានចំនួន ៣,៨ពាន់លានដុល្លារ។ក្នុងនោះក្រសួងកសិកម្ម ទទួលបានថវិកា ១២៦លានដុល្លារ លើការចំណាយ រដ្ឋបាលកណ្តាល មន្ទីរជំនាញរាជធានីខេត្ត និងការវិនិយោគ សាធារណៈ ដោយហរិញ្ញប្បទាន ក្រៅប្រទេស៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល