ភ្នំពេញៈ តារាសម្តែង និងជាតារាចម្រៀង កញ្ញា ឡោម លក្ខិណា ប៊ិះនឹងត្រូវបាក់មុខ នៅលើ ឆាកខន សឺត ក្នុងកម្មវិធី “ អប្សរា Award ” កាលពីរាត្រីយប់មិញនេះ បន្ទាប់ពីនាងបាន បង្ហាញវត្តមាន នៅឆាក រៀបនឹងដើរ បង្ហាញម៉ូដនោះ នាងបានភ្លាត់ស្នៀតដើរជាន់ ជាយរ៉ូបខ្លួន ឯង នៅកណ្តាល ឆាកប៊ិះនឹង ត្រូវ ដួលផ្កាប់មុខ ។
ក្រោយពីបានបញ្ចប់ កម្មវិធីប្រកួតប្រជែង ពានរង្វាន់កំពូល តារាឆ្នើមឆ្នាំ២០១៣ រៀបចំដោយ ស្ថានីយ ទូរទស្សន៍អប្សរា ដោយជោគជ័យរួចមក ពេលនេះមាន តារាសម្តែង និងតារាច្រៀង ស្រីល្បីៗរបស់ ខ្មែរ ចំនួន ១០ រូបទៀត នឹងត្រូវចូលរួមធ្វើការប្រកួតប្រជែង ដើម្បីដណ្តើមតំណែង "អប្សរា Award" ឬពានរង្វាន់ កំពូលតារាឆ្នើម ឆ្នាំ២០១៤ ជាបន្តបន្ទាប់ទៀត ។ នៅក្នុងឆ្នាំ២០១៤នេះ មានវត្តមានតារា ស្រី ទាំង១០រូប ដែលនឹងចូលរួម បង្ហាញវត្តមាន ក្នុងការប្រកួតប្រជែង ដណ្តើមតំណែង ពានរង្វាន់ កំពូល តារាឆ្នើមឆ្នាំ២០១៤ វគ្គទី២ មានដូចជា នាង ចាន់ ស្រីរ័ត្ន នៅ សុនីតា លន់ ដាណេ ពៅ លីដា ព្រឹម មន្ថា លី ច័ន្ទសីហា ថន លក្ខិណា ដួង ម៉ាណា ពេជ្រ អាលីហ្សា និង កញ្ញា ឡោម លក្ខិណា ។
កាលពីរាត្រីយប់ ថ្ងៃសុក្រទី១០ ខែមករានេះ គេសង្កេតឃើញថា វត្តមានតារាស្រី៩ដួង បានតុបតែង ខ្លួន យ៉ាងស្រស់សោភា គ្រង សម្លៀកបំពាក់យ៉ាងល្អ ប្រណីត ដើរបង្អួតសម្រស់ នៅលើឆាក។ តែអ្វី ដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍នោះ គឺនៅពេលដែល កញ្ញា ឡោម លក្ខិណា បានដើរ ចេញពី ខាងក្រោយឆាក មកលើបង្អួតសម្រស់ និងរ៉ូបយ៉ាងស្រស់ សោភានោះ នាងបានធ្វើឲ្យមហា ជនជាច្រើន ដែលបានទស្សនាកម្មវិធី “ អប្សរា Award ” ដោយផ្ទាល់ និងតាមកញ្ចក់ ទូរទស្សន៍ មាន ការភ័យបុកពោះភឹបៗ ជំនួសនាង ដោយសារតែ ពេលនាងដើរបង្ហាញម៉ូដនោះ បានភ្នាត់ស្នៀត ប៊ិះ នឹងត្រូវលក់មុខនៅកណ្តាលឆាក ព្រោះតែនាងដើរជាន់ ជាយរ៉ូបខ្លួនឯង ។
ខណៈដែលនាងចេញមកបង្ហាញម៉ូដ ដោយគ្រងរ៉ូបពណ៌សរលាយក្រហម និងមានរចនាម៉ូដ យ៉ាង ស្រស់ស្អាត វែងអន្លាយនោះ នាងបានដើរចេញមក លើឆាក ជាមួយ ទឹកមុខញញឹមបិទមាត់មិនជិត បានដើរកាច់រាងយ៉ាងស្រស់ស្អាត នៅលើឆាកនោះ ។ស្រាប់តែនាង ដើរជាន់ជាយរ៉ូបខ្លួនឯង ស្ទើរតែ ទប់លំនឹងមិនទាន់ ធ្វើឲ្យនាងប្រែទឹកមុខស្លេកស្លាំងមួយភ្លេត ។ តែ នាងក៏ខំសម្រួលខំប្រឹងញញឹមវិញ ព្រោះតែខ្លាចបាក់មុខ ព្រោះជាកម្មវិធីផ្សាយផ្ទាល់។
នៅក្នុងរឿងនេះ ត្រូវបានបុគ្គលិក បម្រើការងារនៅស្ថានីយទូរទស្សន៍ អប្សរា សុំមិនបញ្ចេញឈ្មោះ បានប្រាប់ LookingTODAY ឲ្យដឹងថា “រឿងនេះគ្រាន់តែជាការ ធ្វេស ប្រហែសរបស់ អាលក្ខិណា តិចតួចគ្មានអីធំដុំទេ ព្រោះថា នាងបានប្រញាប់ សម្រួលអារម្មណ៍ ឡើងវិញ ដើម្បីកែស្ថានការណ៍។ ការដើរនោះ គឺមកពីជាយ រ៉ូបនោះវែង ទើបទើបដើរជាន់ បន្តិចទៅ គ្មានអ្វីច្រើននោះទេ បើសិនជា ទស្សនិកជន មិនចាប់អារម្មណ៍ ក៏ប្រហែលជាមិនឃើញដែរ ” ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល