ភ្នំពេញ ៖ សាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា បានបើកសវនាការ ជំនុំជម្រះ និងកាត់ទោស ជាបចោទម្នាក់ ដែលជាអតីត ប្រធានទីផ្សារម្នាក់ និង ជាអ្នកប្រមូល លុយពីអតិឋិជន នៃអង្គការបឹងបៃតង ពីបទ«រំលោភលើ ទំនុកចិត្ត» ជាប់ពាក់ព័ន្ធ នឹងករណី យកលុយពីអង្គការ ចំនួនជាង៨ម៉ឺនដុល្លារ ដែលប្រមូលបានពី អតិឋិជន ដែលខ្ចីប្រាក់ កម្ចីពីអង្គការ យកទៅលេងល្បែង នៅកាស៊ីណូចាញ់ គ្មានសល់អ្វី។
លោកចៅក្រម អ៊ី ឋាវរៈ ចៅក្រមជំនុំជម្រះ នៃសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទរូបនេះមាន ឈ្មោះ ហង្ស សុជាតិ ភេទប្រុស អាយុ៣៥ឆ្នាំ មានមុខរបរមុនចាប់ខ្លួន ជាបុគ្គលិក និងជាប្រធានទីផ្សារ នៃអង្គការបឹងបៃតង ដែលមានស្នាក់ការ នៅក្នុង រាជធានីភ្នំពេញ ។
ជនជាប់ចោទត្រូវ បានចោទប្រកាន់ពី តំណាងអយ្យការពី«រំលោភលើទំនុកចិត្ត» តាមមាត្រា៣៩០ និង ៣៩២ នៃ ក្រមព្រហ្មទណ្ឌកម្ពុជា។ ជននេះ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃ២១ ខែមករា ឆ្នាំ២០១៤ តាមបណ្តឹងរបស់ប្រធាន អង្គការបឹង បៃតង ។
យោងតាមអង្គហេតុ នៃសំណុំរឿងព្រហ្មទណ្ឌនេះ កាលពីកំឡុងខែធ្នូ ឆ្នាំ២០១៣ និង ខែមករា ឆ្នាំ ២០១៤ ជនជាប់ចោទ ឈ្មោះ ហង្ស សុជាតិ ដែលកាលនោះ ជាបុគ្គលិក និងជាប្រធានទីផ្សារ នៃអង្គការ បឹងបៃតង បានដើរប្រមូលលុយ ពីអតិថិជនដែលខ្ចីលុយពី អង្គការបាន ចំនួនជាង៨ម៉ឺនដុល្លារ ។
ប៉ុន្តែ ឈ្មោះ ហង្ស សុជាតិ មិនបានយកលុយ ទាំងនោះ ឲ្យអង្គការនោះទេ តែបានយកវា ទៅលេងល្បែង កាស៊ីណូ ចាញ់ល្បែង ទាំងអស់។ ទង្វើរបស់ ជនជាប់ចោទនេះ បានធ្វើឲ្យអង្គការ របស់គាត់ខាត បង់ប្រាក់កាក់អស់ រាប់សិបម៉ឺនដុល្លារ អាមេរិក ។
នៅក្នុងសំណុំរឿងនេះ ភាគី ដើមបណ្តឹង បានប្តឹងទាមទារថ្លៃខូច ខាតចំនួនជាង៨ម៉ឺនដុល្លារ និងជម្ងឺចិត្តចំនួន ៧ម៉ឺនដុល្លារអាមេរិក ។ សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម នៃ សំណុំរឿងនេះ នៅរសៀល ថ្ងៃ ទី ១៥ ខែ កក្កដា ២០១៤ខាងមុខនេះ ៕
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល