ភ្នំពេញៈ ជាការពិតថ្មីៗនេះ ទស្សនិកជនសង្កេត ឃើញថា តារាសម្តែងសម្បូរ សាច់ដើមទ្រូង
កញ្ញា សាន សុម៉ាលី ហាក់មិនសូវមាន ទីផ្សារការងារ ខ្លាំងប៉ុន្មានទេ រហូតធ្វើឲ្យនាងមានគំនិត
ចង់ទៅស្រោចទឹក លើករាសីឲ្យជ្រះចង្រៃ ក្រោយពីនាងបាន ជួបគ្រោះថ្នាក់ចរាចរ ជាលើកទី២
កាលពីយប់ ថ្ងៃទី៥កញ្ញា កន្លងទៅ ។
កាលពីវេលាម៉ោងជាង ៣ទៀបភ្លឺ ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៣ នៅចំណុចផ្លូវលេខ១៣០ កែង៥១
សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ជាតារាសម្តែង មានឈ្មោះបោះសំឡេងគួរសម មួយរូប នៅ
លើវិថីសិល្បៈ កញ្ញា សាន សុម៉ាលី បានបង្កគ្រោះថ្នាក់ចរាចរមួយ ដោយពេលនោះ មានម៉ូតូ
មួយគ្រឿងបានជិះ មកប៉ះនឹងរថយន្តរបស់នាង បណ្ដាលឲ្យម៉ូតូ នោះដួលច្រងាប់ច្រងិល រីឯអ្នក
ជិះត្រូវរងរបួសស្រាលប៉ុណ្ណោះ។
ប៉ុន្តែហេតុការណ៍ប៉ះពារ ជាមួយម៉ូតូនៅយប់ទៀបភ្លឺនោះ ត្រូវបាន សាន សុម៉ាលី ធ្វើការសន្និដ្ឋាន
ថា ជាការរៀបចំរបស់ជនរងគ្រោះទៅវិញ ដើម្បីជាល្បិចរកលុយរបស់ជនខិលខូច បាតសង្គមមួយ
ចំនួន។
តាមរយៈការបង្ហោះពាក្យសម្តី នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook របស់កញ្ញា សាន
សុម៉ាលី បានបង្ហោះពាក្យជាភាសាខ្មែរ ដោយបានដាក់ការសង្ស័យ ទៅលើជនរងគ្រោះថា " ខ្ញុំ
ស៊យណាស់យប់មិញ...! បើមិត្តមានឡានជិះប្រយត្ន័ផង..! ពីព្រោះមានជនមួយចំនួន ខូចណាស់
ជិះម៉ូតូមកប៉ះយើង ហើយឲ្យយើងសងលុយ.. វាអាឡូវពួកនឹង ធ្វើចឹងជិះមកប៉ះសង់លុយវាហ្មង
(បានន័យថា ពួកជនរងគ្រោះ មានគំនិតជិះមកប៉ះ ដើម្បីបានលុយសំណង) ជាមុខរបររបស់គេ
ប្រយ័ត្នណា មិត្តទាំងអស់គ្នាបើមានឡាន..! " ។
មិនតែប៉ុណ្ណោះ សាន សុម៉ាលី អ្នកសម្តែងមានរហ័សនាមថា ជាតារាសិចស៊ី បានប្រាប់ឲ្យដឹង
ទៀតថា "ខ្ញុំនឹងទៅស្រោចទឹកចេញនៅថ្ងៃនេះ ឲ្យជ្រះចង្រៃមានទាំងប៉ុន្មាន ឲ្យរសាត់បាត់ទៅ
ពីជីវិតខ្ញុំ ព្រោះថាខែនេះ បង់ខាតគ្រប់យ៉ាង..!" ។
ដោយឡែក ពាក់ព័ន្ធរឿងគ្រោះថ្នាក់ចរាចរណ៍ កាលពីយប់រំលងអធ្រាត្រ ឈានចូល ថ្ងៃទី៥
ខែកញ្ញានោះ នាងមិនបានរៀបរាប់លម្អិតនោះទេ ។ LookingTODAY មិនអាចទាក់ទង ទៅតារា
សម្តែង សាន សុម៉ាលី បានទេ ដោយសារទូរស័ព្ទ ដែលនាងធ្លាប់ប្រើមិនអាចទាក់ទងបាន ៕