CamNews

ព័ត៌មានអន្តរជាតិ 

ក្រុមហ៊ុនហ្វេសប៊ុក ចាត់វិធានការដ៏ក្ដៅនេះ លើក្រុមរិះគន់របបរាជានិយមរបស់ថៃ

ក្រុមហ៊ុនហ្វេសប៊ុកបាន ប្លុកការប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសថៃចំពោះក្រុមមួយ ដែលមានសមាជិក ១ លាននាក់ ដែលពិភាក្សាវែកញែកពីរបបរាជាធិបតេយ្យ ក្រោយរដ្ឋាភិបាលថៃព្រមានចាត់វិធានការតាមផ្លូវច្បាប់ ។



ក្រុមហ៊ុនយក្សមួយនេះ បានប្រាប់ BBC ថា ខ្លួនបានត្រៀមរៀបចំវិធានការតាមផ្លូវច្បាប់របស់ខ្លួន ដើម្បីឆ្លើយតបនឹងសម្ពាធពីក្រុងបាងកក ។

ប្រទេសថៃកំពុងមើលឃើញរលកនៃការតវ៉ាប្រឆាំងរដ្ឋាភិបាល ដែលរួមបញ្ចូលទាំងការអំពាវនាវដែលមិនធ្លាប់មានពីមុនមក ដើម្បីឱ្យធ្វើកំណែទម្រង់របបរាជាធិបតេយ្យ ។

សូមជម្រាបជូនថា ការរិះគន់ចំពោះរបបរាជា​និយម គឺជាអំពើខុសច្បាប់ នៅក្នុងប្រទេសថៃ ។

ការចូលប្រើប្រាស់ហ្វេសប៊ុក នៅក្នុងប្រទេសថៃរបស់ក្រុមមួយ ដែលមានឈ្មោះថា "Royalist Marketplace" ត្រូវបានប្លុកចោល កាលពីល្ងាចថ្ងៃចន្ទ ។ ក៏ប៉ុន្ដែទំព័រក្រុមនេះ នៅតែអាចចូលប្រើប្រាស់បានពីក្រៅប្រទេស ។

លោក Pavin Chachavalpongpun ដែលជា Admin ក្រុម(Group) បានប្រាប់ BBC ថា បើនិយាយពីប្រជាប្រិយភាពខ្លាំងរបស់ក្រុមខ្លួន គឺដោយសារតែក្រុមនេះ មានសមាជិកសរុបជាង ១ លាននាក់ ។

លោក Chachavalpongpun បាននិយាយថា៖Group ខាងលើផ្ដល់នូវវេទិកាដើម្បីពិភាក្សាស៊ីជម្រៅពីរបបរាជានិយម ហើយក្រុមនេះ អនុញ្ញាតឱ្យប្រជាជនថៃបញ្ចេញទស្សនៈរបស់ខ្លួនដោយសេរីអំពីរបបរាជានិយម រាប់ពីការអន្ដរាគមន៍ផ្នែកនយោបាយរបស់របបរាជានិយម រហូតដល់ចំណងទាក់ទងដ៏ស្អិតរមួតរបស់របបនេះជាមួយយោធា ក្នុងការពង្រឹងអំណាចរបស់ព្រះមហាក្សត្រ”

បញ្ញវ័ន្ដផ្ដាច់ខ្លួនម្នាក់នេះ រស់នៅ ក្នុងប្រទេសជប៉ុន ។ Group ហ្វេសប៊ុកថ្មី ដែលគាត់បង្កើត កាលពីល្ងាចថ្ងៃចន្ទ ទទួលបានអ្នក Follow  ចំនួន 400,000 នាក់ត្រឹមរយៈពេលមួយយប់ ។

ក្រុមហ៊ុនហ្វេសប៊ុក បានបញ្ជាក់ប្រាប់ BBC ថា៖ “ខ្លួនត្រូវបានបង្ខំឱ្យរឹតបន្ដឹងលើការប្រើប្រាស់រាល់មាតិកា ដែលរដ្ឋាភិបាលថៃចាត់ទុកថា ផ្ទុយនឹងច្បាប់” ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ BBC