CamNews

ព័ត៌មានជាតិ 

ប្រធានពន្ធនាគារ ខេត្តព្រះសីហនុ ធ្វេសប្រហែស បណ្តោយឲ្យអ្នកទោស លួចរត់ និងធ្វើអត្តឃាត

ព្រះសីហនុ ៖ កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ នៅពន្ធនាគារខេត្តព្រះសីហនុ ស្ថិតក្នុងសង្កាត់លេខ៣ ក្រុង-ខេត្ត ព្រះសីហនុ មានភាពឆោឡោមួយ កើតឡើង បណ្តាលមកពីអ្នកទោសម្នាក់ ជាជនបរទេស បានហែករបងគុកលួចរត់ ដោយការធ្វេសប្រហែស របស់អនុរក្សគុក ក្រោមការគ្រប់គ្រងរបស់លោក សំ សុផល ។ ក្រោយមកអ្នកទោស រូបនេះ ក៏ត្រូវបានអនុរក្សគុកតាមចាប់បានមកវិញ ។

អំឡុងពេលអ្នកទោសរូបនេះ លួចរត់ បានរងរបួស នឹងបន្លាលួស បណ្តាលឲ្យមុតដៃ ហើយក៏ត្រូវអនុរក្សគុក បាននាំ មកព្យាបាលក្នុងមណ្ឌលសុខភាពក្នុងពន្ធនាគារវិញ ។ ប៉ុន្តែដោយការធ្វេសប្រហែសម្តងទៀត ធ្វើឲ្យ អ្នកទោសរូបនេះ មានឱកាសយកអំបែងកញ្ចក់មកអាករខ្លួនឯង បណ្តាលឲ្យហូរឈាមដាបពេញឥដ្ឋ ហើយអនុរក្សគុកនាំគ្នាបញ្ជូនជន ល្មើសរូបនេះ ទៅព្យាបាលនៅមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុបន្តទៀត ។

ក្រោយពីព្រឹត្តិការណ៍អ្នកទោស ហែកគុកនេះកើតឡើងភ្លាម គេឃើញ លោក សុខ ផន អភិបាលរងខេត្ត ព្រះរាជអាជ្ញា រងខេត្តព្រះសីហនុ លោក រៀម ច័ន្ទមុន្នី លោក សំ សុផល ប្រធានពន្ធនាគារខេត្តព្រះសីហនុ និងមន្រ្តីនគរបាល ព្រហ្ម ទណ្ឌមួយចំនួនផងដែរ បានធ្វើដំណើរទៅពន្ធនាគារ ដើម្បីចូលរួមស្រាវជ្រាវក្នុងហេតុការណ៍នេះ ។

លោក សុខ ផន និងលោក រៀម ច័ន្ទមុន្នី បានធ្វើការណែនាំឲ្យលោក សំ សុផល ដែលជាប្រធានគុក ត្រូវពង្រឹងមន្រ្តី ពន្ធនាគារ ក្នុងការយាមកាមឲ្យបានម៉ឺងម៉ាត់បំផុត ដើម្បីធ្វើយ៉ាងណាកុំឲ្យជនល្មើសមានឱកាសលួចគាស់ ឬលួចរត់ជា ដើម ។ ប្រភពព័ត៌មានបានឲ្យដឹងថា ជនល្មើស ដែលជាអ្នកទោសរូបនេះ មានឈ្មោះ KUVANDIKOV ROSHAN ភេទប្រុស ជនជាតិ UZBEKISTAN សញ្ជាតិរុស៊្សី កាន់លិខិតឆ្លងដែនលេខ AA6313520 ចុះថ្ងៃទី២៧ ខែកក្កដា ឆ្នាំ ២០១៤ មានទីលំនៅបណ្តោះអាសន្ន ផ្ទះសំណាក់ ៩៩ ស្ថិតនៅក្រុមទី១៤ ភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះ សីហនុ មុខរបរអ្នកនិពន្ធ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ពីបទហិង្សា ដោយចេតនា មានស្ថាន ទម្ងន់ទោសដោយប្រើអាវុធ ប្រព្រឹត្តនៅភូមិ១ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៤ ។

យោងតាមសំណុំរឿងព្រហ្មទណ្ឌលេខ ៣៦២ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ និងដីកាសម្រេចឲ្យឃុំខ្លួនបណ្តោះ អាសន្នលេខ ១២៤៦ ដ.ស.ខ/១៤ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ តុលាការសម្រេច ចេញដីកាបង្គាប់ឲ្យឃុំខ្លួន បណ្តោះអាសន្នលេខ ១២៤៧ ដ.ប.ខ/២០១៤ ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ ។ ប៉ុន្តែមិនទាន់បានឡើងសវនាវការ ផង ក៏កើតមានរឿងនេះតែម្តង ។ ជុំវិញបញ្ហានេះសូមថ្នាក់ដឹកនាំក្រសួង ក៏ដូចជាអគ្គនាយកពន្ធនាគារ មេត្តាជួយ ពង្រឹងការងារពន្ធនាគារខេត្តព្រះសីហនុផង ព្រោះបើមើលទៅ ការដឹកនាំរបស់លោក សំ សុផល បច្ចុប្បន្ននេះ មានការ ធូរលុងខ្លាំងណាស់ ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news local news social news Cambodia Khmer Asia Phnom Penh