CamNews

ព័ត៌មានជាតិ 

រលំរោងអង្គុយកម្សាន្ត នៅព្រែកកាំពី តែគ្មានអ្នករងរបួស, ម្ចាស់រោងព្រមទូទាត់ សំណង ៧៥០ដុល្លារ បញ្ចប់បញ្ហា

ក្រចេះ៖ រោងអង្គុយកម្សាន្តនៅរមណីយដ្ឋានជួរ ព្រែកកាំពី បានដួលរលំបណ្តាលឲ្យភ្ញៀវធ្លាក់ឈ្លក់ទឹកគ្រប់គ្នា សំ  ណាងល្អគ្មានអ្នករងរបួសនោះទេ តែបាត់សម្ភារៈលុយកាក ទូរស័ព្ទស៊េរីទំនើបៗ អាយភេត និងខូចខាតមួយចំនួន  ទៀត។ ម្ចាស់រោងលំហែកាយព្រមផ្តល់សំណងជូនភ្ញៀវវិញ ៧៥០ដុល្លារ បញ្ចប់បញ្ហា។

លោក អ៊ុន ហយ មេប៉ុស្តិ៍ឃុំសំបុក និងជាគណៈកម្មការរមណីយដ្ឋានទឹកជួរព្រែកកាំពីផងដែរនោះ បានថ្លែងប្រាប់  មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ថា ហេតុការណ៍រលំរោងលំហែកាយ បានកើតឡើងកាលពីរសៀលថ្ងៃទី១៥ ខែឧសភា។

លោក អ៊ុន ហយ បានបន្តថា នៅមុនពេលកើតហេតុ មានភ្ញៀវទេសចរធ្វើដំណើរពីរាជធានីភ្នំពេញ រួមមាននិស្សិត  និងអ្នកទេសចរលក្ខណៈគ្រួសារ ប្រមាណជា ៣០នាក់ បានទៅជួលរោងនៅរមណីយដ្ឋានទឹកជួរព្រែកកាំពីអង្គុយ កម្សាន្តលំហែកាយ។ ខណៈកំពុងអង្គុយកម្សាន្ត គ្រាដែលម្ហូបអាហារបញ្ជាទិញមិនទាន់នឹងឆ្អិនបានហូបផង ស្រាប់ តែរោងរលំដួលធ្វើឲ្យភ្ញៀវធ្លាក់ទឹកគ្រប់ៗគ្នា ខានទាំងហូបអាហារ រំខានទាំងអារម្មណ៍សប្បាយរីករាយថែមទៀត។

លោកមេប៉ុស្តិ៍បន្តថា ហេតុការណ៍រលំរោងនៅរមនីយដ្ឋានដ៏មានប្រជាប្រិយភាពលើទឹកខេត្តក្រចេះ សម្រាប់ការ  អង្គុយលំហែកាយនេះ មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់ភ្ញៀវទេសចរនោះទេ តែបានធ្វើឲ្យសម្ភារៈមួយចំនួនធំ រួម  មានទូរស័ព្ទដៃស៊េរីទំនើបៗ អាយភេត លុយកាក់ និងសម្ភារៈជាច្រើនផ្សេងទៀត បានបាត់បង់ និងខូចខាត។

ទោះបីជាយ៉ាងណាទ្រព្យសម្បត្តិ ដែលខូចខាត និងបាត់បង់នោះ ម្ចាស់រោងបានយល់ព្រមទូទាត់សងសំណងទៅ  ក្រុមអ្នកទេសចរចំនួន ៧៥០ដុល្លារ ដើម្បីបញ្ចប់បញ្ហា។

លោក អ៊ុន ហយ បានបញ្ជាក់ថា ការដួលរលំរោងបណ្តាលមកពីការសាងសង់របស់ក្រុមអាជីវករមិនបានរឹងមាំ ការ បោះជើងតាងលើថ្មខ្វះការប្រុងប្រយ័ត្ន ហើយនៅពេលភ្ញៀវទៅអង្គុយកម្សាន្តយោលអង្រឹងខ្លាំង ធ្វើឲ្យញ័ររញ្ជួញរលើងជើងតាងដួលរលំរោងតែម្តងទៅ។

ទោះបីជាយ៉ាងណា ដើម្បីពង្រឹងសេវា និងសុវត្ថិភាពជូនភ្ញៀវទេសចរទៅអង្គុយកម្សាន្តនោះ លោក អ៊ុន ហយ ក្នុង  នាមជាគណៈកម្មការរមណីយដ្ឋាននេះ បានអំពាវនាវ និងជម្រាបទៅក្រុមអាជីវករឲ្យពង្រឹងនូវបច្ចេកទេសសាងសង់ រោងឲ្យជាប់ល្អថែមទៀត បង្កាកុំឲ្យមានរឿងបែបនេះបន្តទៀត។

បើតាមប្រជាពលរដ្ឋនៅភូមិព្រែកកាំពិ បានបញ្ជាក់ថា រោងលំហែកាយនៅតំបន់រមណីយដ្ឋានទឹកជួរព្រែកកាំពី បាន  រលំដួលស្ទើររាល់ឆ្នាំ តែមិនដែលបង្កឲ្យគ្រោះថ្នាក់ដល់អាយុជីវិត ឬរងរបួសអ្វីដល់ភ្ញៀវនោះឡើយ ដោយសារទឹក នៅទីនោះរាក់ៗ គឺបណ្តាលឲ្យបាត់បង់ និងខូចខាតរបស់របរជាប់តាមខ្លួនតែប៉ុណ្ណោះ។

ដោយមើលឃើញថា រមណីយដ្ឋានទឹកជួរព្រែកាំពី បានចូលជាប្រយោជន៍ដ៏សំខាន់សម្រាប់រុញច្រានជីវភាពប្រជា ពលរដ្ឋក្នុងខេត្តក្រចេះ និងអ្នកនៅជុំវិញតំបន់រមណីយដ្ឋានឲ្យកាន់តែប្រសើរនោះ ក្រុមប្រជាពលរដ្ឋ បានអំពាវនាវ  ឲ្យថ្នាក់ដឹកនាំខេត្តក្រចេះ ជាពិសេសប្រធានមន្ទីរទេសចរណ៍ខេត្ត គួរតែបង្កើននូវការទទួលខុសត្រូវឲ្យបានខ្ពស់ និង  រិះរកនូវវិធីសាស្រ្តផ្សេងៗ ពង្រឹងការសាងសង់រោងឲ្យបានរឹងមាំ ក៏ដូចជាពង្រឹងសេវាកម្មផ្សេងៗឲ្យបាន់កាន់តែ ប្រសើរជាងនេះ។

បើបន្តនូវសភាពបែបនេះទៀត វាអាចធ្វើឲ្យអ្នកទេសចរ ដែលធ្លាប់ទៅកម្សាន្តយ៉ាងភ្លូកទឹកភ្លូកដីកើតមានអារម្មណ៍ ក្លាចរអា និងឈប់ទៅកម្សាន្តទៅកម្សាន្ត នាំឲ្យបាត់ប្រយោជន៍សម្រាប់ពលរដ្ឋក្នុងខេត្តក្រចេះ ដែលភាគច្រើនធ្លាប់  មានជីវភាពយ៉ាប់យឺននោះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល

Tags: national news