CamNews

តារា 

ពាក់មី សម្រុកថតបញ្ចប់រឿង “2 Brothers” មុនចេញទៅអាម៉េរិក

ភ្នំពេញ៖ នៅសល់ប្រមាណ មួយសប្តាហ៍ទៀតប៉ុណ្ណោះ តារាកំប្លែងប្រុសស្រី ល្បីឈ្មោះប្រចាំ CTN នាយពាក់មី និងនាងខ្ញុង នឹងត្រៀមខ្លួន ដឹកដៃគ្នា ឡើងយន្តហោះ ចេញទៅសម្តែងលើទឹកដី មហាអំណាច រយៈពេល១ខែ។ មុនពេលចេញដំណើរទៅនោះ តារាកំប្លែង ដែលមានភាពលេចធ្លោប្រចាំ ក្រុមកំប្លែងបានប្រាប់ឲ្យដឹងថា មុនពេល ជិតដល់ថ្ងៃ ទៅសម្តែង នៅក្រៅប្រទេស គឺលោកកាន់តែមមាញឹកក្នុង ការសម្រុកថតរឿងបញ្ចប់ និងមានការងារមួយចំនួន លោក ត្រូវបង្ខំចិត្ត ផ្អាកមិនទទួលបន្ថែមទេ ខ្លាចថតរឿង មិនចប់ទាន់ពេល ។
ក្នុងជំនួបតាមទូរស័ព្ទ ជាមួយគេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីពេល កន្លងទៅថ្មីៗនេះថា ចាប់តាំងពីលោកមាន គម្រោងចេញទៅ សម្តែង នៅក្រៅប្រទេសភ្លាម គឺការងារចាប់ផ្តើម សម្រុកខ្លាំង ស្ទើរតែគ្មានពេលទំនេរ ជាពិសេសការថតរឿង គឺលោកត្រូវប្រញាប់ សម្រុក ថតបញ្ចប់មុន ពេលដែលលោកឡើងយន្តហោះ ចេញទៅ សម្តែង នៅក្រៅប្រទេស ។

តារាកំប្លែងរូបនេះ បានប្រាប់ឲ្យដឹងថា "មួយរយៈនេះខ្ញុំ រវល់ណាស់ គ្មានពេលសម្រាកទេ ហើយការងារកំប្លែង តាមខនសឺត មួយចំនួន ខ្ញុំមិនទទួលទេ ព្រោះគ្មានពេល ។ ម្យ៉ាងខ្លាចការងារ មិនចប់ទាន់ពេល ហើយមូលហេតុដែលខ្ញុំ ត្រូវថតរឿងបញ្ចប់ មុនចេញក្រៅប្រទេសនោះ គឺរឿងនេះត្រូវចាក់បញ្ចាំង នៅខែវិច្ឆិកា ខាងមុខនេះ ដូច្នេះខ្ញុំមិនចង់ឲ្យ ស្នាដៃដំបូង មានការខ្វះចន្លោះនោះទេ "។

នាយ ពាក់មី បានប្រាប់ឲ្យដឹងទៀតថា ចុងខែ កក្កដានេះ លោក នឹងត្រូវដឹកដៃ ខ្ញុង ចេញទៅសម្តែងនៅអាម៉េរិកជា លើកដំបូង លោកពិតជា មានអារម្មណ៍ ភ័យអរខ្លាំងណាស់ ដែលអាចមានឱកាស បានចេញទៅ សម្តែងនៅប្រទេសនេះ ហើយលោករំពឹងថា សម្រាប់ការសម្តែងនេះ នឹងអាចទទួលបានជោគជ័យច្រើន មិនចាញ់ ការសម្តែងមុនទេ ព្រោះថា លោកនិងដៃគូ បានត្រៀមការសម្តែង និងបទចម្រៀងច្រើន សម្រាប់បម្រើអារម្មណ៍ ទស្សនិកជន និងបងប្អូន រស់នៅទីនោះ ។ សម្រាប់លទ្ធផល យ៉ាងណាៗនោះ គឺទាល់ តែរង់ចាំលោកត្រឡប់មកវិញ ទើបដឹងលទ្ធផលច្បាស់ជាងនេះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news