CamNews

ព័ត៌មានជាតិ 

គណៈកម្មាធិការរៀប ចំបុណ្យជាតិ រៀបចំសាកល្បង ដើរក្បួន សម្រាប់ដង្ហែ ព្រះបរមអដ្ឋិរតនកោដិ

ភ្នំពេញ៖ គណៈកម្មាធិការរៀបចំ បុណ្យជាតិ និងអន្តរជាតិ បានសាកល្បងដើរក្បួន សម្រាប់ដង្ហែព្រះបរមអដ្ឋិ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា "ព្រះបរមរតនកោដ្ឋ" នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៤ខាងមុខ។

បន្ទាប់ពីបញ្ចប់ពិធីសាកល្បង នៅថ្ងៃទី៣ ខែកក្កដា នេះ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់ ក្រុមអ្នកសារព័ត៌មានថា សម្រាប់ការ ដង្ហែព្រះបរមអដ្ឋិខាងមុខ សាលារាជធានី បានរៀបចំផ្លូវបន្ថែមទៀត ដោយធ្វើយ៉ាងណា ឲ្យកម្មវិធីមានភាពសុក្រឹត និងទទួលបានកោតសរសើរ ពីថ្នាក់ជាតិ-អន្តរជាតិ។

លោកបានបន្តថា “ការហែហ្នឹង ដូចយើងបានឃើញហើយ គឺហែព្រះបរមអដ្ឋិហ្នឹង គឺចេញពីទ្វារជ័យ ហើយបត់ឆ្វេងទៅផ្លូវ ១៨៤ ទៅផ្លូវនរោត្តម រហូតដល់ផ្លូវសុធារស ទៅព្រះសីហនុ ទៅផ្លូវសុធារស ហើយត្រឡប់មកព្រះវិហារព្រះកែវមរកត”។

អភិបាលរងបានបន្ថែមថា ប្រជាពលរដ្ឋដែលរស់នៅរាជធានីភ្នំពេញ នឹងចូលរួមដង្ហែព្រះបរមអដ្ឋិ មានចំនួន ២០.០០០នាក់ រួមទាំងមន្ត្រីរាជការផងដែរ។

ក្នុងរយៈពេល ១ ថ្ងៃនៃការតម្កល់ ព្រះបរមអដ្ឋិ ព្រឹក ថ្ងៃ យប់ មានកម្មវិធីសាសនា កម្មវិធីគោរពព្រះ វិញ្ញាណក្ខន្ធ កម្មវិធីបាញ់កាំជ្រួច និងមាន កម្មវិធី បាញ់កាំភ្លើងធំ នៅពេលដង្ហែ និងបញ្ចុះព្រះបរមអដ្ឋិ។

សូមបញ្ជាក់ថា ព្រះរាជកម្មវិធីនេះ រៀបចំឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ដោយនៅព្រឹកថ្ងៃទី១០ ខែកក្កដា នៅមុខព្រះបរមរាជវាំង មានពិធីរាប់បាត្រប្រគេនព្រះសង្ឃ ៣.៦០០ អង្គ ហើយនៅថ្ងៃទី១១ ខែ កក្កដា ព្រះរាជពិធីដង្ហែ និងតម្កល់ ព្រះបរមអដ្ឋិ ទីតាំងនៅ ព្រះចេតិយ នៃបរិវេណព្រះវិហារព្រះកែវមរកត និងនៅព្រឹកថ្ងៃទី ១២ ខែ កក្កដា ពិធីរាប់បាតព្រះសង្ឃ ៣.៦០០ អង្គ ធ្វើនៅមុខព្រះវិហារព្រះកែវមរកត៕


ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: national news