ភ្នំពេញ ៖ យុវជនម្នាក់ រួមនិងសង្សារ ត្រូវបានក្រុមចោរ បាញ់បាក់ភ្លៅ បង្កឲ្យភ្ញាក់ផ្អើល ដល់នគរបាល
ចម្រុះខណ្ឌមានជ័យ និង រាជធានី ភ្នំពេញ ក្នុងខណៈដែលក្រុមចោរមួយ ក្រុមមានគ្នា ៣ នាក់ ប្រដាប់
ដោយកាំភ្លើងខ្លីមួយដើម ជិះម៉ូតូស៊េរីទំនើបមួយគ្រឿង មកធ្វើសកម្មភាពបាញ់យុវជនម្នាក់ នៅមុខផ្ទះ
ឲ្យរងរបួសបៀមគ្រាប់ នៅភ្លៅខាងឆ្វេង រួចប្លន់យកម៉ូតូស្តុបពី ស៊េរី ២០១៣ មួយគ្រឿង រួចជិះគេចខ្លួន
បាត់ស្រមោលភ្លាមៗ។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ២៣និង ១០នាទីយប់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៣
ស្ថិតនៅផ្លូវបេតុង មុខផ្ទះលេខ ១១ ក្រុមទី ១៤ ភូមិប្ញស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
នគរបាលមូលដ្ឋាន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ រដ្ឋា ហៅ ពៅ ភេទប្រុស អាយុ ២០ឆ្នាំ
ស្នាក់នៅភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សីកែវ។ ចំណែកម៉ូតូ ដែលចោរប្លន់ យកទៅបាត់
ខាងលើនេះ ម៉ាកស្តុបពី ពណ៌ស ស៊េរី ២០១៣ ពាក់ស្លាកលេខ ភ្នំពេញ 1BI-8588 ។
នារីម្នាក់ដែលត្រូវជា សង្សារយុវជនរងគ្រោះ បាននិយាយរៀបរាប់ ប្រាប់សមត្ថកិច្ចថា មុនពេលកើត
ហេតុឈ្មោះ សុខ រដ្ឋា ហៅ ពៅ បានជិះម៉ូតូពីផ្ទះ នៅភូមិទួលសង្កែ ខណ្ឌប្ញស្សីកែវ មកទទួលនាងនៅ
ផ្ទះកើតហេតុ យកទៅលេង នៅកោះពេជ្រ លុះ ដល់ម៉ោងជាង ១០យប់ក៏ត្រឡប់មកផ្ទះវិញ ដោយជិះ
តាមបណ្តោយផ្លូវព្រះមុនីរ៉េតខណៈមកដល់ចំណុចស្ពានថ្ម(អតីតស្ពានដែក)ស្រាប់តែមានជនសង្ស័យ
ចំនួន៣នាក់ ជិះម៉ូតូសេ ១២៥ មួយគ្រឿង ជិះតាមក្រោយ រូបនាង រហូតមកដល់ ចំណុចកើតហេតុ
ខាងលើនេះ រូបនាង និង ឈ្មោះសុខ រដ្ឋា ត្រូវជាសង្សារ បានចុះពីលើម៉ូតូ បំណងដើរចូលទៅក្នុងផ្ទះ
ស្រាប់តែត្រូវជនសង្ស័យម្នាក់ ប្រដាប់ដោយ កាំភ្លើងខ្លី ១ដើម មកភ្ជង់ឈ្មោះ សុខ រដ្ឋា គំរាមយកម៉ូតូ
តែជនរងគ្រោះបានប្រកែកនឹងមានការប្រទូស្តរាយគ្នាមួយប្រាវ ទើបធ្វើឲ្យក្រុមចោរប្លន់ ប្រដាប់អាវុធ
ទ្រាំមិន បាន បាញ់មួយគ្រាប់ ទៅលើជនរងគ្រោះ ត្រូវចំភ្លៅខាងឆ្វេង រងរបួសបៀមគ្រាប់ ហើយក្រុម
ចោរបានដណ្តើមយកម៉ូតូ ជិះគេចខ្លួនទៅបាត់ដោយសុវត្ថិភាព លើសពីនេះក្រុមចោរបានបាញ់ចំនួន
២ គ្រាប់ថែមទៀត ជាការគំរាមដល់អ្នកជិត ខាងកុំឲ្យចូលមកជួយ ហើយពួកក្រុមចោរ ប្លន់ប្រដាប់
អាវុធ ក៏បានជិះម៉ូតូរត់គេចខ្លួន បាត់ស្រមោល ក្រោយពេលធ្វើ សកម្មភាពបាញ់ប្លន់ បានសម្រេច ។
ភ្លាមៗនោះធ្វើឲ្យមានការភ្ញាក់ផ្អើលឆោរឡោដល់សមត្ថកិច្ចនគរបាលមូលដ្ឋាន និងនគរបាលរាជធានី
ភ្នំពេញ ចុះមកអន្តរាគមន៍ ធ្វើការសាកសួរ នៅភិនភាគក្រុមចោរប្លន់ ដើម្បីងាយស្រួលក្នុងការកំណត់
មុខសញ្ញា តាមចាប់ពួកគេយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ប៉ុន្តែទំរាំសមត្ថកិច្ច មកដល់កន្លែងនោះ ទំនងជាក្រុមចោរបានជិះម៉ូតូគេចខ្លួនទៅដេកលក់បាត់អស់ទៅហើយ ។
បច្ចុប្បន្នជនរងគ្រោះត្រូវបានរថយន្តសាមុយមកដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែកនារី
ជាសង្សារជនរង គ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋ បាល នគរបាលស្ទឺងមានជ័យដើម្បីសុំឲ្យ
សមត្ថកិច្ចបន្តធ្វើការស្រាវជ្រាវតាមចាប់ជនសង្ស័យទាំង ៣ នាក់ខាងលើ ។
សូមបញ្ជាក់ថា ប្រមាណ មួយម៉ោងក្រោយមក សមត្ថកិច្ចចម្រុះ បានឃាត់ខ្លួន ជនសង្ស័យ ៣នាក់ ជិះ
ម៉ូតូហុងដា សេ១២៥ មួយគ្រឿងនៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី ហើយភ្លាមៗនោះ សមត្ថកិច្ចនគរបាល
យកទៅសាកសួរ នៅប៉ុស្តិ៍រដ្ឋបាលនគរបាល ស្ទឹងមានជ័យ ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធិដោយ៖ ដើមអម្ពិល