CamNews

តារា 

ជឹម សុម៉ាលី ទម្លាក់ចោល ការងារសិល្បៈ យកពេលមកបំពេញ ការសិក្សា

ភ្នំពេញ៖ ស្រីស្រស់ក្មេង កញ្ញា ជឹម សុម៉ាលី បានបង្ហើបឲ្យដឹងថា មួយរយៈពេលចុងក្រោយនេះ នាងបានសម្រេចចិត្ត ដើរចេញ ពីសង្វៀនសិល្បៈ មួយរយៈពេលធំ ដោយនាងបានផ្អាក ទទួល ការងារ ទាក់ទងសិល្បៈទាំងស្រុង ខណៈនាង កំពុងតែមមាញឹកជា មួយការសិក្សាត្រៀមខ្លួន បញ្ចប់ថ្នាក់បរិញ្ញាបត្រ ដែលត្រៀមប្រឡងចេញ នៅក្នុងពេលឆាប់ៗ ខាងមុខនេះ ។

ទន្ទឹមនឹងទីផ្សារ ការងារសិល្បៈ ដូចជាការថតស្ពតពាណិជ្ជកម្ម ថតម៉ូដ ឲ្យហាងសម្អាងការ និង ការសម្តែងកំពុងតែ មានទីផ្សារ ធ្វើឲ្យប្រជាប្រិយភាព របស់នាង អណ្តែតឡើងបន្តិចម្តងៗ។ តែ ស្រីស្អាតរូបស្រស់សោភា កញ្ញា ជឹម សុម៉ាលី បែរជាព្រលែងឱកាសនេះចោល ដោយមិនស្តាយ ស្រណោះ ឬខ្លាចរអាធ្លាក់ប្រជាប្រិយភាពឡើយ ដោយនាងបែរជា ងាកទៅស្រវ៉ាការ សិក្សា ចោល ការងារពាក់កណ្តាលទី ទៅវិញ ។

ក្នុងជំនួបជាមួយ LookingTODAY តាមទូរស័ព្ទ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ នេះ ជឹម សុម៉ាលី បាននិយាយថា សម្រាប់ការងារសិល្បៈ គឺនាងបានបង្ខំចិត្តផ្អាកមួយរយៈពេល ដោយ សារតែពេលនេះ នាងចង់ទុកពេលវេលា សម្រាប់រៀនសិន ព្រោះជិតដល់ពេលប្រឡង បញ្ចប់ បរិញ្ញាបត្រ ដូច្នេះមិនអាចបែងចែក ពេលវេលាធ្វើការទេ ។ ម្យ៉ាងគ្រួសារ ក៏មិនចង់ឲ្យនាង បន្ត សិល្បៈនៅ ពេលសិក្សាបែបនេះដូចគ្នា គឺអាចធ្វើការរៀនសូត្រធ្លាក់ចុះ ។

តារាសម្តែងរូបនេះ បានប្រាប់ឲ្យដឹងទៀតថា "ខ្ញុំនៅតែស្រលាញ់សិល្បៈ ហើយនៅតែបន្តដដែល គ្រាន់តែមួយ រយៈពេលនេះ ខ្ញុំត្រូវទុកពេលរៀនសិនជិត ដល់ពេលប្រឡងហើយ ។ សម្រាប់ ខ្ញុំការផ្អាកសិល្បៈ ពាក់កណ្តាលទីបែបនេះ ក៏មានការព្រួយបារម្ភ ចំពោះប្រជាប្រិយ ភាពដែរ តែមិនដឹងថាធ្វើម៉េច ព្រោះត្រូវស្រវ៉ាការសិក្សាជាមុន ហើយ កេរ្តិ៍ឈ្មោះចាំពេលក្រោយ ចាំចាប់ ផ្តើមការងារជាថ្មី ប្រមូលប្រជាប្រិយភាពឡើងវិញ ក៏មិនហួសពេលដែរ ។ តែការសិក្សាបើហួស នាំឲ្យស្តាយក្រោយ ហើយពិបាកក្នុងការស្រវ៉ាមកវិញណាស់ "។

កញ្ញា សុម៉ាលី បានប្រាប់ឲ្យដឹងបន្ថែមទៀតថា ក្នុងរយៈពេលជិត៣ឆ្នាំ ដែលនាងចូលសិល្បៈនេះ គឺនាងបានសាង ស្នាដៃ ធ្វើឲ្យទស្សនិកជន ស្គាល់នាងច្រើនគួរសម តាមរយៈការសម្តែង រឿង "គ្រួសារខ្ញុំបេះដូងខ្ញុំ" ហើយក៏មានទទួល ថតស្ពតពាណិជ្ជកម្ម ថតម៉ូដឲ្យហាងសម្អាងការ មួយ ចំនួនផងដែរ ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: khmer star actress chem somaly