(ភ្នំពេញ)៖ អ្នកនាង មាស សុខសោភា មានឈ្មោះហៅក្រៅថា «ស្រីអូន» កើតនៅថ្ងៃទី២៩ មករា ១៩៨៤ នៅក្នុងខេត្តកំពង់ស្ពឺ មានឪពុកឈ្មោះថា មាស សារឹម អតីតប្រធានមន្ទីរឧស្សាហកម្ម ខេត្តកំពង់ស្ពឺ ប៉ុន្តែបានទទួលមរណភាពហើយ ។ ម្ដាយរបស់នាងមានឈ្មោះថា សុខ វីលន់ ធ្វើការជាមួយឪពុកនាង ។ មាស សុខសោភា មានបងប្អូនបីនាក់ នាងជាកូនតី២ មានបងប្រុសម្នាក់ឈ្មោះ មាស សុខរតនៈ ជាអ្នកគ្រប់គ្រងទូទៅក្នុងផលិតកម្មថោន និង មានប្អូនប្រុសម្នាក់ មានឈ្មោះថា មាស សុខវណ្ណៈ ដែលជាទាហាន ។ គ្រួសាររបស់ សោភា បានផ្លាស់ទីលំនៅក្នុងឆ្នាំ១៩៩០ ដែលកាលនោះ មានទឹកជំនន់យ៉ាងធំ ក្នុងខេត្តកំពង់ស្ពឺ ហើយនាងបានផ្លាស់ទីលំនៅ មកខេត្តកណ្ដាល( ព្រែកឯង ) សម្រាប់ មាស សុខសោភា ពិតជាលំបាកខ្លាំង ព្រោះឪពុករបស់នាង ទើបតែទទួលមានមរណភាព ធ្វើឲ្យបន្ទុកធ្លាក់ ទៅលើម្ដាយនាង និង បងប្រុសលោក មាស សុខរតនៈ ។
ដោយសារលោក មាស សុខរតនៈ ចេះច្រៀងខ្លះៗ ក៏នាំមាស សុខសោភា ដើរច្រៀងតាមរោងការនានា លុះមកដល់ឆ្នាំ២០០០ គ្រួសារ មាស សុខសោភា បានផ្លាស់លំនៅម្ដងទៀត គឺមករស់នៅ ក្នុងរាជធានីភ្នំពេញ។ ដោយសារគ្មានមុខរបរអ្វី ជាដុំកំភួន ម្ដាយ មាស សុខសោភា ត្រូវដើររកការងារធ្វើ។ រីឯលោក មាស សុខរតនៈ ដើរច្រៀងតាមរោងការដដែល ចំណែក មាស សុខសោភា រៀនបណ្ដើរ ច្រៀងបណ្ដើរ រៀនពេលព្រឹក ច្រៀងពេលល្ងាច ។ ក្នុងឆ្នាំ២០០០ដដែល មានការប្រឡងចម្រៀង នៅស្ថានីយទូរទស្សន៍មួយ នាងបានចូលប្រឡង ហើយមានសំឡេងល្អ តែអន់រូបសម្រស់ខ្លាំងពេក ទើបនាងប្រឡងមិនជាប់ ព្រោះគេយកទាំងពីរ ។ មាស សុខសោភា ត្រូវបានគេណែនាំ ឲ្យទៅច្រៀងក្នុងរង្គសាលមួយ តំលៃ មួយម៉ឺនរៀល ក្នុងមួយយប់ ហើយនាងមិនអាចទប់ទល់ នឹងជីវភាពបានទេ ព្រោះចំណាយលើសម្លៀកបំពាក់ និងការតុបតែងមុខ ធ្វើឲ្យពួកគេ ត្រូវរកការងារបន្ថែម ។
គេនាំចាំបានថា ក្នុងឆ្នាំ២០០៤ មាស សុខសោភា បានចូលក្នុងផលិតកម្ម ស្ទឹងសង្កែ បានច្រៀងបទចម្រៀងចំនួនពីរបទ គឺ «អូននឹក នឹកបង» និង បទ «រស់នៅក្បែរបង អូនកក់ក្ដៅ» ហើយក៏បានចេញ ពីផលិតកម្មស្ទឹងសង្កែ ចូលក្នុងផលិតកម្ម យូធូ និងមានបទចម្រៀងល្បីៗដូចជា «កូនអត់ខាន់ស្លា» ហើយពេលនោះ នាងទទួលបានប្រជាប្រិយភាពខ្លាំង មិនធម្មតាក្នុងផលិតកម្ម យូធូ ។ បន្ទាប់ពីនោះ មាស សុខសោភា បានហក់ចូលក្នុងផលិតកម្ម អឹម ជាផលិតកម្ម ដែលរុញនាងឲ្យឡើង ដល់កំពូលបទចម្រៀងល្បី ជាច្រើនបទធ្វើឲ្យនាង ឡើងកូដដូចរន្ទះ បទចម្រៀង «មួយពាន់រាត្រី»ធ្វើឲ្យនាងលើកពាន កំពូលតារាចម្រៀងស្រី ក្នុងឆ្នាំ២០០៩ ។ នាងជាតារាចម្រៀងស្រី ដូរផលិតកម្មច្រៀង ញឹកញាប់។ ក្រោយមក នាងក៏ចូលច្រៀងក្នុងផលិតកម្ម សាន់ដេ ដែលបទចម្រៀងល្បីៗ ក្នុងផលិតកម្ម ក៏មានមិនតិចដែរ មុនបានចាកចេញ ចូលមកក្នុងផលិតកម្ម ថោន ដែលជាទ្រនំចុងក្រោយ ។
មាស សុខសោភា ធ្លាប់មានរឿងអាស្រូវ តែមួយគត់ក្នុងអាជីពចម្រៀងនាង គឺ រូបភាពបឺតមាត់ឱបរឹត ជាមួយគូដណ្ដឹង និងការរៀបមង្គលការ លួចលាក់ជាមួយប្ដីរបស់នាង ព្រោះខ្លាចប៉ះពាល់ដល់ប្រជាប្រិយភាព ។ អ្វីដែលគួរឲ្យកត់សំគាល់ មាស សុខសោភា បានប្រកាសជំហរឈប់ច្រៀង បទចម្រៀងចំឡងពីបរទេសហើយ ថ្វីត្បិតនាងមិនសូវល្បីល្បាញខ្លាំង ដូចកាលពីមុន តែប្រជាប្រិយភាពនាង មិនបានថមថយឡើយ ហើយតំលៃខ្លួននាងវិញ គឺរាប់ពាន់ដុល្លារក្នុងមួយកម្មវិធី។ នេះមកពីការខិតខំប្រឹងប្រែង របស់នាង ពីមនុស្សស្រីសាមញ្ញម្នាក់ រហូតក្លាយជាកំពូលតារាចម្រៀង ល្បីល្បាញម្នាក់ ប្រចាំក្នុងប្រទេសកម្ពុជា៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង