CamNews

កំសាន្ត 

នាយ ពាក់មី បង្ហាញមហិច្ឆតា ចង់ក្លាយជាអ្នកនិពន្ធ និងដឹកនាំរឿង

ភ្នំពេញៈ ថ្មីៗនេះមានព័ត៌មានលេចឮថា តារាកំប្លែងមានឈ្មោះ បោះសំឡេងលេចធ្លោ ក្នុងក្រុមកំប្លែង ប្រចាំស្ថានីយទូរទស្សន៍ ស៊ីធីអិន លោក ចែម ចាន់តារា ហៅ នាយ ពាក់មី បើកហាងសម្អាងការ មិនទាន់ បានប៉ុន្មានផង ស្រាប់តែស្ងាត់ៗ លោកបានចាយ ទុន បើកជំនួញទី២ និងត្រៀមខ្លួនធ្វើជា ថៅកែកុន ទៀតផង ។

នៅក្នុងឆ្នាំ២០១៤នេះ គេសង្កេតឃើញថា តារាកំប្លែងនាយ ពាក់មី កំពុងតែមានយីអ៊ុនឡើង ដូចជាកាំ ជណ្តើរ ។ ការងារមានភាពរីកចម្រើន និងមានការមមាញឹកច្រើន ជាងពេលមុនៗ ហើយកាលពីពេល កន្លងទៅនេះ លោកទើបតែបើកហាង សម្អាងការថ្មីមួយ ។ ប៉ុន្តែការបើកហាង មិនទាន់បានប៉ុន្មានខែផង ស្រាប់តែថ្មីៗនេះ មានព័ត៌មានលើកឡើងថា លោកចាយលុយ រាប់ម៉ឺនដុល្លារ ត្រៀមខ្លួនធ្វើជា ថៅកែកុន ដោយលុយបើកជំនួញនេះ ត្រូវបានមហាជនសង្ស័យថា ជំនួយពីក្រោយខ្នងរបស់បងស្រីធម៌ ជាអ្នក សម្បូរទ្រព្យ ធ្លាប់តែទំនុកបម្រុង ផ្ដល់ផ្ទះសម្បែងឲ្យ លោកនាពេលកន្លងមក ។

ទាក់ទងនឹងការលើកឡើង លើព័ត៌មាននេះ ត្រូវបាន នាយ ពាក់មី ប្រាប់គេហទំព័រ LookingTODAY នៅពេលថ្មីៗនេះថា លោកមិនបានចំណាយទុន ធ្វើជាថៅកែកុនអ្វីឡើយ លោកមិនទាន់ មានសមត្ថភាព ឬទុនសម្រាប់ បើកជំនួញមួយនេះទេ ព្រោះថាពេលនេះ លោកនៅមិនទាន់ មានបទពិសោធន៍ ទៅលើរឿងនេះច្រើនឡើយ ។ អ្វីដែលសំខាន់លោក ក៏មិន សូវមានពេលទំនេរ គិតពីរឿងផ្សេងទេ គឺគិតតែលើការងារបច្ចុប្បន្ន កំប្លែង និងមើលការខុស ត្រូវហាងសម្អាងការ ។

តារាកំប្លែង មានស្រុកកំណើត នៅខេត្តស្វាយរៀង បានប្រាប់ឲ្យដឹងថា "តាមពិតទៅខ្ញុំ នៅមិនទាន់ អាចហក់លោត ទៅដល់ការចាយទុន បើកផលិតកម្ម ថតកុន ធ្វើជាថៅកែអ្វីនោះ ឡើយ ហើយខ្ញុំក៏មិន មែន ជាថៅកែអីដែរ ធាតុពិត ខ្ញុំគ្រាន់តែសាកល្បង និពន្ធរឿង និងដឹកនាំរឿង ក្នុងរឿងមួយ ដែលជា ស្នាដៃដំបូង មានចំណងជើងថា “2 Brother” ឲ្យផលិតកម្ម LD Picture ដោយថតរយៈពេលត្រឹមតែ ២០ថ្ងៃប៉ុណ្ណោះ ។ និយាយទៅ ការងារនេះ គ្រាន់តែជាការសាកល្បង ដំបូងតែប៉ុណ្ណោះ "។

ម្ចាស់បទ "អាប៉ូយកូនឪ" រូបនេះ បានប្រាប់ឲ្យដឹងទៀតថា ក្រៅពីការកំប្លែង លោកក៏មានចិត្តស្រឡាញ់ ទៅលើការសម្តែងនិពន្ធ និងដឹកនាំរឿងដែរ ហើយនេះ ជាជំហានដំបូង សម្រាប់លោក ចាប់ផ្តើមការងារ ប្រសិនបើរឿងដំបូង ទទួលបានជោគជ័យ លោក និងចាប់យកអាជីពមួយនេះ បន្ថែមទៀត។ ប៉ុន្តែបើ សិនមិនជោគជ័យ គឺលោកផ្អាកមិនធ្វើទៀតទេ ហើយលោកក៏មិនមែនជា ថៅកែកុនអីទេ គឺលោកគ្រាន់ តែចាប់ផ្តើម ការងារនេះ ក្នុងបំណងចង់ សាងល្បងមើល ពីសមត្ថភាពខ្លួនឯង តែប៉ុណ្ណោះ ៕

ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: National news Khmer stars Cambodia Ent news