ភ្នំពេញ៖ នារីម្នាក់ ខណៈចេញពីធ្វើការ បានតក់ស្លត់យ៉ាងខ្លំាង ស្ទើរសន្លប់បាត់ស្មារតី បន្ទាប់ពីបានទទួលដំណឹង និងឃើញឳពុកខ្លួន ដែលកំពុងអង្គុយរង់ចំាទទួលនោះ ត្រូវរថយន្តបុកផ្ទុប និងបង្គោលភ្លើងស្លាប់ភ្លាមៗ នៅម៉ោង៤៖២៥ នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤ ត្រង់ចំណុចស្ថានីយប្រេងឥន្ធនៈសូគីម៉ិច ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
អ្នកដំណើរម្នាក់បានឲ្យដឹងថា បុរសរងគ្រោះ ត្រូវបានរថយន្តសំាងយ៉ុង១២កៅអី ពណ៌ស ពាក់ស្លាលេខភ្នំពេញ 2A-3425 ទំនងជាអ្នកបើកបរងងុយដេក រួចរេចង្កូតទៅបុកផ្ទុបនឹងបង្គោលភ្លើង បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ឯបង្គោលភ្លើងរដ្ឋក៏រងការខូចខាត។
សាក្សីបានឲ្យដឹងថា បុរសរងគ្រោះមានវ័យ ៥៨ឆ្នាំ ឈ្មោះ ហៃ សៀន ត្រូវរថយន្តបុកស្លាប់ ខណៈអង្គុយរង់ចំាកូនស្រី ចេញពីធ្វើការ នៅលើម៉ូតូម៉ាកវ៉េវ ពណ៌ខៀវ ពាក់ស្លាកលេខកណ្តាល 1E-8745 របស់ខ្លួន។ សាក្សីបញ្ជាក់ទៀតថា ជនរងគ្រោះ ស្នាក់នៅសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ចំណែកឯអ្នកបើករថយន្តសំាងយ៉ុងបង្កហេតុ បានរត់គេចខ្លួនបាត់សម្រោល មុនពេលដែលកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ។
មន្រ្តីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ករណីនេះត្រូវបានកម្លាំងនគរបាលចរាចរណ៍ ផ្លូវគោករាជធានីភ្នំពេញ ធ្វើការវាស់វែង ហើយបានស្ទូចយករថយន្តបង្កហេតុនេះ ទៅរក្សាទុកនៅការិយាល័យ ដើម្បីរង់ចំាចាត់វិធានការ ដោះស្រាយនៅពេលក្រោយ ជាមួយគ្នានោះ សពជនរងគ្រោះ ក៏ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី នៅគេហដ្ឋាន៕
ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល