ភ្នំពេញ៖ ក្រោយពីមានប្រតិកម្ម ពីសំណាក់លោករដ្ឋមន្ត្រី ក្រសួងព័ត៌មាន ខៀវ កាញារីទ្ធ រហូតដល់ថ្នាក់មានគម្រោងស្នើ ទៅកាន់តាមបណ្ដាស្ថានីយវិទ្យុ និងទូរទស្សន៍នានា កុំឲ្យចាក់បទចម្រៀង ក្នុងផលិតកម្ម ថោន ប្រហែលពី៤ ទៅ៥បទ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ខាងមុខនេះ តំណាងផលិតកម្ម ថោន បានចេញមុខបកស្រាយបញ្ជាក់ ឲ្យមហាជនបានដឹងច្បាស់ថា បទចម្រៀងទាំងអម្បាលម៉ាន ដែលនិពន្ធឡើង ក្នុងឱកាសនេះ គ្រាន់តែជាការកម្សាន្តអារម្មណ៍ និងជាបទបែបកំប្លុកកំប្លែង គ្មានចេតនាណាមួយ បង្អាប់បង្អោនតម្លៃមនុស្សផងគ្នានោះឡើយ។
ជាការពិតបទចម្រៀងនីមួយៗ ពេលតាក់តែងនិពន្ធឡើង គឺតែងជួបប្រទះនូវការលំបាក ក្នុងការស្វែងរកអត្ថន័យ ទំនុកច្រៀង និងសម្រាប់តម្រូវចិត្តមនុស្សម្នាក់ៗ ពោលត្រូវតែមានអ្នករិះគន់ និងអ្នកពេញចិត្ត ។ ប៉ុន្តែក្នុងបរិបទនេះ ផលិតកម្ម ថោន បានខិតខំសម្រិតសម្រាំងឡើង នូវបទចម្រៀង ជាចង្វាក់ប្រពៃណីខ្មែរ ដូចជា រាំវង់ រាំក្បាច់ សារ៉ាវ៉ាន់ ឡាំលាវ និងចង្វាក់តាលុង ជាដើម ដើម្បីបំពេញសេចក្ដីត្រូវការ ប្រិយមិត្តអ្នកស្ដាប់គ្រប់ស្រទាប់វណ្ណៈ ជាពិសេសសម្រាប់រាំលេងកម្សាន្ត ក្នុងឱកាសជួបជុំបងប្អូនតាមស្រុកស្រែចម្ការ បង្កើនភាពសប្បាយរីករាយទ្វេដង។
ពាក់ព័ន្ធនឹងបទចម្រៀង ក្នុងផលិតកម្ម ថោន ដូចជាបទ "ឈឺត្រង់ពកណាស់, ពូកអូនប៉ុណ្ណា?, បបរក្ដៅ, ខ្ញុំចូលចិត្តញ៉ាំការ៉េម និងបទ ដួលគងចំប៉ាន់" ជាដើម ត្រូវបានតំណាងផលិតកម្ម ធ្វើការបកស្រាយបញ្ជាក់ថា គ្រាន់តែជាបទមួយ ច្រៀង របៀបកំប្លែង គ្មានអត្ថន័យបញ្ឆិតបញ្ឆៀង ណាមួយឡើយ ពោលគឺមិនប៉ះពាល់អ្វី ឲ្យធ្ងន់ធ្ងរ ដល់វប្បធម៌របស់ខ្មែរយើងនោះទេ ។
ជាមួយគ្នានេះបទចម្រៀងទាំងអស់ ដែលកំពុងតែត្រៀមចេញលក់ ក្នុងពេលឆាប់ៗនេះ ក៏ខាងផលិតកម្ម បានទទួលច្បាប់អនុញ្ញាត ពីការិយាល័យពិនិត្យខ្លឹមសារ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានពិនិត្យរួចរាល់ហើយដែរ ទើបផលិតកម្ម ថោន សម្រេចថតជា VCD នេះឡើង។
ផលិតកម្ម ថោន កំពុងតែត្រៀមចេញលក់ នូវអាល់ប៊ុម VCD ជាចង្វាក់ប្រពៃណីខ្មែរ ចំនួន៤ វ៉ុល ដើម្បីជាការ អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ដោយសុទ្ធសឹងតែ ជាបទចម្រៀង មានទំនុកច្រៀងថ្មី ៕