ក្រុងហ្សាកាតា- ប្រទេសឥណ្ឌូនេស៊ីរំពឹងថា អត្រាអត់ការងារធ្វើរបស់ខ្លួន នឹងកើនឡើងដល់ ៨.១ ទៅ ៩.២ ភាគរយ នៅឆ្នាំនេះ ដោយសារតែការរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីការរីករាលដាលវីរុសកូរ៉ូណា ដោយចំនួននេះកើនឡើងពី ៥.២៨ ភាគរយ នៅឆ្នាំ ២០១៩ ។ នេះបើយោងតាមការធ្វើបទបង្ហាញ ដោយបណ្ដាគណៈរដ្ឋមន្រ្ដី នៅក្នុងកិច្ចប្រជុំសភា កាលពីថ្ងៃចន្ទកន្លងទៅនេះ ។
រដ្ឋមន្រ្ដីផែនការលោក Suharso Monoarfa បានថ្លែងប្រាប់សមាជិកសមាជិកានៃគណកម្មាធិការហិរញ្ញវត្ថុរបស់សភាថា រដ្ឋាភិបាល បានព្យាករណ៍ថា ពលរដ្ឋប្រមាណ ៤ ទៅ ៥.៥ លាននាក់ នឹងបាត់បង់ការងាររបស់ខ្លួន នៅឆ្នាំនេះ ។ លោកបន្តថា អត្រានិកម្មភាព អាចនៅតែបន្ដកើនឡើង នៅក្នុងឆ្នាំ ២០២១ ពី ៧.៧ ទៅ ៩.១ ភាគរយ ។
រដ្ឋមន្រ្ដីហិរញ្ញវត្ថុលោកស្រី Sri Mulyani Indrawati បានមានប្រសាសន៍នៅក្នុងកិច្ចប្រជុំនោះផងដែរថា ផលិតផលក្នុងស្រុកសរុប(GDP) របស់ឥណ្ឌូនេស៊ី នៅក្នុងត្រីមាសទី២ ត្រូវបានគេមើលឃើញថា ធ្លាក់ចុះរហូតដល់ ៣.៨ ភាគរយ ពោលគឺធ្លាក់ចុះច្រើនជាងចំនួន ដែលលោកស្រីបានប៉ាន់ប្រមាណកាលពីមុនថា នឹងធ្លាក់ចុះត្រឹម ៣.១ ភាគរយ ៕
ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ រ៉យទ័រ