ភ្នំពេញ ៖ សិល្បករ-សិល្បការិនីល្បីៗជាច្រើន បានបង្ហាញវត្តមានបន្តបន្ទាប់ ក្នុងពិធីមង្គលការរបស់កំពូលតារាចម្រៀងស្រី កញ្ញា ឱក សុគន្ធកញ្ញា ប្រកបដោយស្នាមញញឹម ភាពសប្បាយរីករាយនោះ។ ស្រាប់តែតារាចម្រៀងរួមអាជីព គឺអ្នកនាង មាស សុខសោភា បានសម្តែងនូវការសោកស្តាយ និងប្រកាសជាសាធារណៈថា ខ្លួនមិនបានចូលរួម ថ្ងៃពិសេសរបស់ឱក សុគន្ធកញ្ញា នោះទេ។ តែទោះជាយ៉ាងណា ភ្ជាប់ជាមួយនឹងសារសោកស្តាយ ដែលមិនបានចូលរួមថ្ងៃពិសេសរបស់ ឱក សុគន្ធកញ្ញា, មាស សុខសោភា បានរៀបរាប់នូវរឿងរ៉ាវជូរចត់ជាច្រើន បានឆ្លងកាត់កន្លងមកជាមួយ ឱក សុគន្ធកញ្ញា តាំងពីនាងចូលដល់ទឹកដីក្រុងភ្នមពេញ ជាលើកដំបូង។
បើយោងតាមគណនីហ្វេសប៊ុកផ្លូវការរបស់ មាស សុខសោភា បានសរសេរសារយ៉ាងដូច្នេះថា «ក្នុងនាមជាមិត្តរួមការងារម្នាក់ នាងខ្ញុំពិតជាមានអារម្មណ៍ថា សោកស្តាយដែលមិនបានចូលរួម ក្នុងថ្ងៃពិសេសមួយនេះ ហើយវាលើសពីសោកស្តាយប្រសិនបើនាងខ្ញុំយកអារម្មណ៍ ក្នុងនាមជាបងស្រីម្នាក់ដែលមិនបាននិយាយពាក្យជូនពរ ដោយផ្ទាល់ដល់ប្អូនស្រីក្នុងថ្ងៃមង្គល ដែលមានតែម្តងក្នុងជីវិត។ បើសិនជាមានវេទមន្ត នាងខ្ញុំនិងធ្វើវាភ្លាម ដើម្បីសម្រេចបំណងប្រាថ្នាចង់ចូលរួម កម្មវិធីអាពាហ៍ពិពាហ៍នេះ»។
អ្នកនាង មាស សុខសោភា បានសរសេរលើសរសើរ មិត្តរួមអាជីពម្នាក់នេះថា «កញ្ញា គឺមិនត្រឹមតែជាមិត្តរួមការងារម្នាក់នោះទេ ថែមទាំងជាប្អូនស្រីដ៏ល្អម្នាក់របស់ខ្ញុំ។ យើងបានចែករំលែកអាថ៌កំបាំងជាច្រើន និងឆ្លងកាត់នូវអនុស្សាវរីយ៍ សប្បាយរីករាយរួមគ្នារាប់មិនអស់។ អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ អំពីមេរៀនជីវិត ជាអ្នកចម្រៀងនាពេលរាត្រី កំឡុងពេលដែលនាងខ្ញុំមកដល់រាជធានីភ្នំពេញដំបូង អរគុណសម្រាប់ការណែនាំដល់បងស្រីម្នាក់នេះ ឲ្យយល់ និងស្គាល់អំពីអ្វីទៅដែលជាភាពសប្បាយរីករាយ និងការកំសាន្តជាមួយក្រុមការងារ។ អនុស្សាវរីយ៍ ដ៏ជូរចត់មិនអាចបំភ្លេចបាននោះ គឺពេលវេលាដែលកញ្ញា ជួយខ្ញុំផ្លាស់ប្តូរសំបកកង់របស់ខ្ញុំទាំងកណ្តាលយប់នៅលើស្ពានជ្រោយចង្វារ នៅពេលដែលយើងចេញពីច្រៀងជាមួយគ្នា»។
«សម្លាញ់ម្នាក់នេះ បងស្រីម្នាក់នេះ ពិតជារំភើប ត្រេកអរជាខ្លាំងដែលសម្លាញ់ ក៏ដូចជាប្អូនស្រីបានរកឃើញ ដៃគូជីវិត។ សូមអបអរសាទរ និងជូនពរពីចង្ងាយដល់ប្អូនស្រីកញ្ញា និងស្វាមីក្នុងថ្ងៃជ័យមង្គលទទួលបាននៅសុខ សុភមង្គល និងស្រឡាញ់គ្នាជារៀងរហូត»។ មាស សុខសោភា បញ្ជាក់បន្ថែម។
គួរជម្រាបថា ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ នេះគឺជាថ្ងៃមង្គលការ របស់កំពូលតារាចម្រៀងស្រី ប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងលោក អ៊ឹង សុខលី ដែលជាប្អូនប្រុសថៅកែហង្សមាស។ ក្រៅពីការផ្តល់កិត្តិយសយ៉ាងធំធេង ពីថ្នាក់ដឹកនាំកំពូលរបស់ប្រទេសហើយនោះ គូស្វាមីភរិយាថ្មីថ្មោងទាំងពីរ ក៏ទទួលបាននូវពរជ័យ ក៏ដូចជាការសារទរជាច្រើន ពីសំណាក់សាច់ញាតិបងប្អូនទាំងសងខាង និងអ្នករួមជាជីពជាមួយគ្នាផងដែរ ៕