CamNews

ព័ត៌មានជាតិ 

ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិត ត្រូវការថវិកាសាងសង់ប្រមាណ ៤ពាន់លានដុល្លារ

(ភ្នំពេញ)៖ ការសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅកាន់ក្រុងបាវិត ខេត្តស្វាយរៀង ដោយអង្គការចៃការបស់ជប៉ុន បានបិទបញ្ចប់ហើយ។ តាមការសិក្សាផ្លូវល្បឿនលឿនពីភ្នំពេញ ទៅបាវិតនេះមានប្រវែង ១៣២គីឡូម៉ែត្រ ហើយត្រូវការថវិកាសាងសង់ ប្រមាណ ៤,០០០លានដុល្លារអាមេរិក និង ត្រូវចំណាយពេលសាងសង់ប្រមាណ ៦ឆ្នាំ។

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និង ដឹកជញ្ជូន នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ម្សិលមិញនេះ បានជួបជាមួយ លោក Tatsuyuki Sakurai ប្រធានក្រុមគម្រោងរបស់ចៃកា ដើម្បីស្តាប់ពីលទ្ធផលនៃការសិក្សាលើគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ។

យោងតាមការសិក្សាផ្លូវល្បឿនលឿនភ្នំពេញ-បាវិត មានអត្ថប្រយោជន៍ច្រើន ដូចជាការភ្ជាប់ទំនាក់ទំនង និង ការអភិវឌ្ឍក្នុងតំបន់ តាមរយៈការកាត់បន្ថយ​ពេលវេលា​ធ្វើដំណើរ កាត់បន្ថយការចំណាយលើការដឹកជញ្ជូន កាត់បន្ថយការកកស្ទះចរាចរណ៍ និង ពង្រីកពាណិជ្ជកម្មជាមួយបណ្តាប្រទេសជិតខាង។

បើទោះបីជាផ្លូវនេះត្រូវមើលឃើញថា មានអត្ថប្រយោជន៍ច្រើនយ៉ាងណាក្តី តែរាជរដ្ឋាភិបាលហាក់នៅមានឧបស័គ្គលើថវិកាសាងសង់នៅឡើយ ព្រោះជាទំហំ​ទឹកប្រាក់មួយដ៏ច្រើន។

អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក វ៉ាស៉ឹម សុរិយា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ថា ពាក់ព័ន្ធថវិកានេះ រដ្ឋាភិបាលជប៉ុនមានសម្រាប់ឲ្យរាជរដ្ឋាភិបាលខ្ចីសាងសង់ផ្លូវ តែទឹកប្រាក់មានទំហំលើសពីគោលនយោបាយកម្ចីរបស់រាជរដ្ឋាភិបាលកម្ពុជា។

បើតាមលោក វ៉ាស៉ឺម សុរិយា អង្គការចៃកាបានលើកទឹកចិត្តឲ្យរាជរដ្ឋាភិបាលខ្ចីថវិកាពីរដ្ឋាភិបាលជប៉ុន សាងសង់ផ្លូវដោយខ្លួនឯង ដើម្បីទទួលបានផលចំណេញច្រើនជាង ការផ្តល់សិទ្ធិឲ្យក្រុមហ៊ុនឯកជនវិនិយោគ។ អង្គការចៃកា ក៏បានណែនាំឲ្យរាជរដ្ឋាភិបាលកម្ពុជាបង្កើត អគ្គនាយកដ្ឋានគ្រប់គ្រងផ្លូវល្បឿនលឿននេះ ដើម្បីទាញយក​ផលប្រយោជន៍ពីផ្លូវល្បឿនលឿននេះ។

តាមការសិក្សាអង្គការចៃកា ក៏បានបញ្ជាក់ដែរថា ប្រសិនបើកមិនសាងសង់ផ្លូវលឿនទេ ការធ្វើដំណើរពីភ្នំពេញ ទៅកាន់ក្រុងបាវិតនឹងត្រូវ ចំណាយពេលរហូតដល់​ប្រមាណ​ជា៧ម៉ោង នៅអំឡុង ៥-៦ឆ្នាំខាងមុខ។

សូមបញ្ជាក់ថា ក្រៅពីការសិក្សាសាងសង់គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅបាវិតហើយនោះ កម្ពុជា ក៏គ្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ​នៅឆ្នាំ២០១៧នេះផងដែរ។ ផ្លូវល្បឿនលឿនភ្នំពេញ ព្រះសីហនុ គ្រោងចំណាយថវិកាប្រមាណ ១,៩០០លានដុល្លារអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគរបស់ចិន៕


ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news