(ភ្នំពេញ)៖ តារាសម្ដែងស្រីវ័យក្មេង ស្រស់សោភា កូនកាត់អាល្លីម៉ង កញ្ញា ខាហ្គើ ម៉ៃយ៉ា សូរៃយ៉ាម៉ា ត្រូវបានគេស្គាល់ជាទូទៅថា នាង ម៉ៃយ៉ា ថ្វីត្បិតតែនាង ទើបតែប្រឡូកក្នុងសិល្បៈរយៈពេលខ្លីពិតមែន ប៉ុន្តែនាងទទួលបានកាងារ ច្រើនសន្ធឹកសន្ធាប់ ស្ទើរមិនគួរឲ្យជឿ ព្រោះគ្រាន់តែថតឲ្យសំអាងការនានា គឺមានជិត៣០សំអាងការឯណោះ ខណៈរូបភាពរបស់នាង មានស្ទើរតែពេញរាជធានីភ្នំពេញទៅហើយ។ ថ្មីៗ សម្រាប់តារាសម្ដែង នាង ម៉ៃយ៉ា ត្រូវបានគេទម្លាយឲ្យដឹងថា ចាប់តាំងពីនាងត្រូវប៉ាន់ មានអ្នកហៅថត ហៅសម្ដែង ឡើងកូដខ្ពស់រួចមក នាងចាប់ផ្ដើម កិកកុក ក្រឡុកដល់ផលិតករ និងអ្នកចាត់ចែងកម្មវិធី ធ្វើឲ្យពួកគេឈឺក្បាល់ វិលមុខដោយសារតែនាង។
នាង ម៉ៃយ៉ា ត្រូវបានគេដឹងថា ក្រៅពីអាជីពជាតារាសម្ដែង តារាបង្ហាញម៉ូដ នាងក៏ជាពីធីការិនី ប្រចាំស្ថានីយទូរទស្សន៍ ស៊ីអីនស៊ី ផងដែរ ដោយមានកម្មវិធីមួយចំនួន ស្ថិតក្នុងកណ្ដាប់ដៃ។ ថ្វីត្បិតតែនាងមិនសូវពូកែខាងវោហាស័ព្ទ ដូចពិធីការិនីដទៃ តែសម្រស់អាចយោងនាង ឲ្យឈរក្នុងអាជីពនេះបាន ដោយមិនលំបាកឡើយ។ កញ្ញា ម៉ៃយ៉ា មួយរយៈនេះ ដូចជាជោគជ័យខ្លាំង ប៉ុន្តែសំឡេងរិះគន់ ហាក់តាមលងបន្លាចនាង មិនឈប់ឡើយ ព្រោះនាងហាក់តំឡើងឫកពារ នាងមិនឈប់មិនឈរ ព្រោះក្រោយពេលនាងល្បីល្បាញខ្លាំង នាងហាក់ក្រអើតក្រទម ពិសេសល្បីល្បាញរឿងនាង បោកគ្រាប់បែកដាក់ក្រុមការងារ (ភូតកុហកជាមួយក្រុមការងារ) រហូតផលិតករមួយចំនួនរអា ក្នុងការហៅ ឬអញ្ជើញនាងឲ្យថតណាស់។
ប្រភពពីផលិតករ ថតស្ពតពាណិជ្ជកម្មមួយ បាននិយាយប្រាប់ Khmertalking ថា កាលពីប៉ុន្មានខែមុន រូបគេបានអញ្ជើញ កញ្ញា ម៉ៃយ៉ា ថតជាវិដេអូ ក្នុងពាណិជ្ជកម្មឲ្យហាងមួយ គ្រាន់តែសុំនាងឲ្យថត ជាសន្លឹកតែប៉ុន្មានសន្លឹកសោះ នាងក៏ស្រែកភ្លាមថា «សុំលុយថែម ព្រោះពេលកុងត្រា និយាយថតតែវិដេអូ ដូចនេះរូបសន្លឹក គិតលុយថែមទៀត!» ។ ស្រាប់តែផលិតករ គ្រវីក្បាល ហើយប្រាប់ក្រុមការងារថា «កុំថតអី ថតតែវិដេអូបានហើយ!»។
ក្រៅពីផលិតករខាងលើ ក្រុមសំអាងការល្បីៗ ក៏បានធ្លោយមាត់ថា ម៉ៃយ៉ា រត់ចោលការងារតែរហូតហ្នឹង ពេលខ្លះទទួលលុយកក់ហើយ អត់មកថតក៏មាន ថ្ងៃខ្លះថតបានពាក់កណ្ដាល នាងថា មានកាងារផ្សេងនាងទៅបាត់ក៏មាន តែតម្លៃខ្លួននាងមិនសូវថ្លៃ ហើយនាងស្អាត ចឹងពេលខ្លះ ទោះបីនាង ក្រឡុកយ៉ាងម៉េក៏ទ្រាំដែរ ព្រោះនាងល្បីស្អាត ហើយធូរថ្លៃ។
ជុំវិញបញ្ហាចោទប្រកាន់ថា ក្រឡុកផលិតករ រឿងតម្លៃខ្លួន និងមិនសូវគោរពរពេលវេលា ខាងលើនេះ កញ្ញា ម៉ៃយ៉ា មិនអាចសុំការបំភ្លឺបានទេ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង