(ភ្នំពេញ)៖ នារីស្រស់ស្អាត ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បើករថយន្តបុកមនុស្សស្លាប់២នាក់ និងរបួស៣នាក់ នៅទឹកដីខណ្ឌឫស្សីកែវ កាលពីចុងខែធ្នូ ឆ្នាំ២០១៥កន្លងទៅនោះ ត្រូវបានតុលាការចេញដីកា បង្គាប់ឲ្យដោះលែងឲ្យមានសេរីភាពវិញហើយ ពោលក្រោយបានជាប់ពន្ធនាគារជាង៣ខែរួចមក។
លោក ពេជ្រ យ៉ុន ប្រធានពន្ធនាគារ PJ បានថ្លែងប្រាប់អង្គភាព Fresh News នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦នេះថា នារីរូបនេះត្រូវបានលោកឲ្យចេញ ពីពន្ធនាគារវិញហើយ នៅរសៀលថ្ងៃម្សិលមិញ តាមដីកាបង្គាប់ឲ្យដោះលែង របស់លោកស្រី ស៉ឺ វណ្ណី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។
លោក ពេជ្រ យ៉ុន បានបញ្ជាក់យ៉ាងដូច្នេះថា «ក្រោយទទួលដីបង្គាប់ឲ្យដោះលែង របស់ព្រះរាជអាជ្ញារង ស៉ឺ វណ្ណ យើងបានដោះលែងនាង ឲ្យចេញពីពន្ធនាគារហើយ នៅម៉ោងជាង១ ម្សិលមិញ ក្រោយជាប់បានជាង៣ខែ»។
សូមបញ្ជាក់ថា ជនត្រូវចោទឈ្មោះ រ៉ូនី សេរីវឌ្ឍនា ភេទស្រីអាយុ២២ឆ្នាំ មុខរបរនិស្សិតមានទីលំនៅផ្ទះលេខ៤២ P ផ្លូវលេខ១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ត្រូវបានលោក ជូន សុរាសី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារ PJ កាលពីល្ងាចថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅក្រោមបទចោទប្រកាន់ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន បណ្តាលឲ្យស្លាប់អ្នកដទៃ យោងតាមមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកថ្មី។
បើយោងតាមមាត្រា៨៥ នៃច្បាប់ចរាចរណ៍ថ្មីនេះ ជនត្រូវចោទអាចប្រឈមនឹងការផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី៤លានរៀល ទៅ១៥លានរៀល ប៉ុន្តែជាក់ស្តែង គឺជនត្រូវចោទត្រូវបានតុលាការ សម្រេចចេញដីកាដោះលែង ឱ្យមានសេរីភាព ក្រោយពីឃុំខ្លួនបានត្រឹមតែ ប្រមាណជាជាង៣ប៉ុណ្ណោះ ដោយមិនទាន់ទាំង បានបើកសវនការជំនុំជម្រះទោសផងនោះទេ។
គួររំឮកថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង២៤៖១៥នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១០ ខែធ្នូឆ្នាំ ២០១៥ នៅចំណុចផ្លូវជាតិលេខ៥ ក្រុមទី៤ភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ។
នៅក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ បានបង្កឡើងដោយរថយន្តម៉ាក Camry ឆ្លាម ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ 2R-8395 អ្នកបើកបរដោយជនត្រូវចោទឈ្មោះ រ៉ូនី សេរីវឌ្ឍនា ភេទស្រីអាយុ២២ឆ្នាំ មុខរបរនិស្សិត មានទីលំនៅផ្ទះលេខ៤២P ផ្លូវលេខ១៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ចំណែកជនរងគ្រោះបីនាក់ទី១-ឈ្មោះ ឡុង ភេទប្រុស (ស្លាប់) និងអ្នករួមដំណើរ២នាក់ (ស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់) បើកបរម៉ូតូម៉ាកឌុកពាក់ស្លាកលេខភ្នំពេញ 1FF-0099។ ហើយជនរងគ្រោះទី៤-ឈ្មោះ អ៊ុម ភក្ត្រា ជាមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឬស្សីកែវ និងទី៥-ឈ្មោះ អ៊ុក ចាន់ធីម ជាកម្លាំងប្រជាការពារសង្កាត់ឬស្សីកែវ៕
ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី