CamNews

តារា 

ធ្លាយ​រឿង ខេម ត្រូវ​បាន​សហព័ន្ធ​កីឡា ប្រ​ដាល់​ព្រ​មាន​ប្ដឹង ព្រោះ​​តែ​បទ​ចម្រៀង «ជីវិត​អ្នក​ប្រ​ដាល់

(ភ្នំពេញ)៖ ប្រភពព័ត៌មានដែលបានទម្លាយចេញនាពេលថ្មីនេះបានឲ្យដឹងថា តារាចម្រៀងកំពុងពេញនិយម ក្នុងស្រទាប់យុវវ័យ​ប្រចាំ​ក្នុង​ផលិត​កម្ម ថោន គឺ​លោក ខេម កំពុងតែរងនូវការព្រមានប្ដឹង ពីសំណាក់សហព័ន្ធកីឡា​ប្រដាល់កម្ពុជា ក្រោយពីលោក បានចេញចម្រៀងមួយបទមានចំណងជើងថា «ជីវិតអ្នកប្រដាល់» ដែលសហព័ន្ធកីឡា បានចាត់ទុកថា បទចម្រៀងនេះ មានអត្ថន័យមើលងាយ មើលថោក ដល់កីឡាករប្រដាល់ ក៏ដូចជាអ្នកមានអាជីពប្រដាល់ទាំងអស់។

ប្រភពព័ត៌មានដដែលបានបង្ហើបឲ្យដឹងថា បន្ទាប់ពីព្រមានប្ដឹង​តារាចម្រៀង ខេម រួចហើយ សហព័ន្ធកីឡា បានផ្ញើលិខិតមួយច្បាប់ ទៅដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីឲ្យចេញលិខិតព្រមានមួយ ដល់ផលិតកម្ម ថោន ដែលបានអនុញ្ញាតឲ្យ​ថតបទចម្រៀងនេះ និងចរាចរផ្សាយ​ជាសាធារណៈ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់វិស័យកីឡាប្រដាល់កម្ពុជា។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បាន​ចេញសេចក្ដី​​ព្រមាន និងដាក់បម្រាមចំនួន ៦ចំណុច ជាពិសេស ហាមមិនឲ្យបណ្តាញ​ផ្សព្វផ្សាយ ដូចជា វិទ្យុ និងទូរទស្សន៍ ចាក់ផ្សាយបទចម្រៀងមួយនេះ​ផងដែរ។

បម្រាមទាំង៦​ចំណុច​ របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរួមមាន ​ទី​១៖ គឺ​ព្រមាន​ចុង​ក្រោយ​ ដល់​ផលិតកម្ម​ថោ​ន​​ឲ្យ​ឈប់​រំលោភ បំពាន​លើ​ច្បាប់​សិទ្ធិ​​អ្នកនិពន្ធ ​និង​សិទ្ធិ​ប្រហាក់ប្រហែល។​ ទី​២​៖ ហាម​មិន​ឲ្យ​ផលិតកម្ម​ ថោ​ន​​ បន្ត​ធ្វើ​ការចែក​ផ្សាយ​បទ​ចម្រៀង​ «ជីវិត​អ្នកប្រដាល់​» តាម​គ្រប់រូ​ប​ភាព និង​គ្រប់​ម​ធ្យោបាយ និង​ដក​បទ​ចម្រៀង​នេះ​​​ចេញពី Youtube ផ្លូវការ​របស់ផលិតកម្ម​​ថោ​ន ​។​​​ ទី​៣៖ ហាម​មិន​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ទាំង​វិទ្យុ និង​ទូរទស្សន៍​យក​​បទ​ចម្រៀង​នេះទៅ​ចាក់​ផ្សាយ​។​​ ទី​៤៖ ហាម​មិន​ឲ្យ​អ្នកចម្រៀង ខេ​ម ឬ អ្នកចម្រៀង​ដទៃ​ទៀត​​​យក​បទ​ចម្រៀង​នេះ ទៅ​ច្រៀង​ក្នុង​វេទិកា​​ប្រគំ​តន្ត្រី និង​គ្រប់​វេទិកា​ដទៃ​​ផ្សេងៗ​ទៀត​។ ​​​ទី​៥៖ ហាម​មិន​ឲ្យ​ផលិតកម្ម​ ថោ​ន​ ​យក​បទ​ចម្រៀង​នេះ ​ទៅ​ផលិត​ជា​ខា​រ៉ា​អូ​ខេ ឬ​ជា​ចម្រៀង​កាយ​វិការ​ឡើយ ​និង​​ទី​៦៖ បង្គាប់​ឲ្យ​ផលិតកម្ម​ ថោ​ន​​ ធ្វើ​លិខិត​សុំ​ទោស​​ជា​សាធារណៈ​ ជូន​ចំពោះ​សហព័ន្ធ​កីឡា​​ប្រដាល់​កម្ពុជា​។

លោក ងួន សុបិន អ្នកនិពន្ធបទ​​ចម្រៀង «ជីវិតអ្នកប្រដាល់» បានថ្លែងប្រាប់ Khmertalking នៅមុននេះបន្តថា តាមការពិតបទនេះ លោកនិពន្ធឡើង ចង់ឆ្លុះបញ្ចាំងពីជីវិតពិត​របស់ កីឡាករម្នាក់ គឺកីឡាករ កែវ រំចង់ ដែលលោកបានស្គាល់​ច្បាស់ពីប្រវត្តិ និងការតស៊ូក្នុង​វិស័យជាកីឡាប្រដាល់ ពោលពុំបានផ្ចាញ់ផ្ចាល ឬសំដៅដល់កីឡាករដទៃ​ណាម្នាក់ ដែលមានជីវភាពធូរធាក្នុងវិស័យនេះឡើយ។

យ៉ាងណាមិញ ប្រសិនបើសហព័ន្ធ​មិនពេញចិត្ត ក៏ដូចជាមានការហាមប្រាម ពីក្រសួងវប្បធម៌នោះ រូបលោក ក៏ដូចជាផលិតកម្មទាំងមូល ក៏បានគោរពតាម​បំរាមទាំង៦ចំណូចនោះ រួចរាល់អស់ហើយ ដោយយើងមានការហាមតារាចម្រៀង មិនឲ្យច្រៀងបទនេះ ពេលឡើងឆាកតន្រ្តី និងបានដកចេញពីប្រព័ន្ធផ្សាព្វផ្សាយ ទាំងអស់របស់ផលិតកម្ម ថោន មានដូចជា Youtube , Facebook វិទ្យុ និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀតរួចរាល់ហើយដែរ។ ជាមួយគ្នានេះ ការផលិតជា VCD ក៏មិនត្រូវបានផលិតឡើងឡើយ។

យ៉ាងណាមិញ ខុសផ្ទុយស្រឡះពីការគាំទ្ររបស់មហាជន ទៅលើបទចម្រៀងថ្មី​របស់ផលិតកម្ម ថោន ដែលបកស្រាយយ៉ាងពីរោះ និងពោរពេញទៅដោយអត្ថន័យ នៃសំឡេងរបស់ ​តារាចម្រៀង លោក ខេម ដែលបង្ហាញពីក្ដីឈឺចាប់ និងទុក្ខលំបាករបស់​ជីវិតកីឡាករ​​ប្រដាល់កម្ពុជានោះ បែរជាសហព័ន្ធកីឡាប្រដាល់ សម្ដែងនូវការមិពេញចិត្ត ហើយប្ដឹងលោក ខេម ទៅវិញ​។

សូមបញ្ជាក់ថា បទ​ចម្រៀង​ ដែល​ក្រសួង​វប្បធម៌ សម្រេច​ហាមឃាត់​​មិន​ឲ្យ​ចាក់ផ្សាយ​តាម​ស្ថានីយ​វិទ្យុ ទូរទស្សន៍ រួម​មាន​បទ «​អា​មុំ​ប៉ុម​ពីត, ស៊ី​បាន​ ចេះ​តែ​ស៊ី​ទៅ​,​ទាល់តែ​យូរ​ ទើប​ស៊ី​អូន​បាន» និង​ចុងក្រោយ​នេះ​ គឺ​បទ​ «​ជីវិត​អ្នក​ប្រដាល់​»៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Khem